ព័ត៌មានជាតិ
សម្ដេចធិបតី៖ រដ្ឋកំពុងដោះស្រាយបញ្ហាក្នុងវិស័យអាកាសចរណ៍ ដើម្បីនាំភ្ញៀវទេសចរមកកម្ពុជាឱ្យបានច្រើន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរបង្កភាពងាយស្រួលដល់វិស័យអាកាសចរ តាមរយៈការកាត់បន្ថយពន្ធបន្ថែមទៀត ដើម្បីឱ្យមានជើងហោះហើរកាន់តែច្រើន ដែលឈានទៅរកការនាំយកភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឱ្យដឹងអំពីការជជែកគ្នាជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យអាកាសចរណ៍ដូច្នេះ៖« ជជែកជាមួយឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ វិស័យយន្តហោះរបស់យើង អញ្ចឹងយើងត្រូវថែមអីទៀតជួយគាត់? ទម្លាក់ពន្ធ កាត់ទុក ទម្លាក់អី ដើម្បីឱ្យគាត់ជួយនៅក្នុងរយៈពេលប៉ុន្មាន ដើម្បីឱ្យគាត់ហោះបាន ប្រមូលទេសចរមក ដឹកធ្វើcharter flight អីទៅ។ »។

កាលពីពេលទៅថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា រាជរដ្ឋាភិបាលសុខចិត្តខាតរាប់លានដុល្លារ ដើម្បីទម្លាក់ថ្លៃ VISA, ដាក់ចេញ e-VISA ក្នុងគោលដៅកាត់បន្ថយភាពកកស្ទះនៅអាកាសយានដ្ឋាន កាត់បន្ថយពន្ធសួយសារអាករ រៀបចំកញ្ចប់ផ្សេងៗ ដើម្បីបង្កភាពងាយស្រួលដល់វិស័យអាកាសចរណ៍ ទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់ប្រទេសកម្ពុជា។
កម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។ តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង៣នេះ នៅក្នុងរយៈពេលពេញ១ឆ្នាំ២០២៤

កម្ពុជាទទួលបានជើងហោះហើរសរុបចំនួន៥៨ ៣៥៤ជើង និងអ្នកដំណើរជាង៦លាន២សែននាក់។ តាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិលចំនួននេះ គឺកើនជាង ៧ពាន់ជើងហោះហើរ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
តាមរយៈកំណើនជើងហោះហើរនៅកម្ពុជានេះ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ឱ្យដឹងថា កំណើននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីក្រុមហ៊ុនអាកាសចរណ៍ក្នុងការជួយសម្របសម្រួលលក្ខខណ្ឌជាច្រើនដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស។ អ្នកនាំពាក្យរូបនេះ ដាក់ក្ដីរំពឹងថា ចំនួនជើងហោះហើរ និងចំនួនអ្នកធ្វើដំណើរនឹងបន្តកើនឡើងថែមទៀតក្នុងឆ្នាំ២០២៥ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន លើកកម្ពស់សេវាកម្មអាកាសចរណ៍ និងពង្រើកបន្ថែមការហោះហើរទៅកាន់ប្រទេសផ្សេងៗ។

គួរឱ្យដឹងថា ពេញ១ឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ ដោយកើនឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ភ្ញៀវទេសចរបរទេសមកលេងកម្ពុជាច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។ ការណ៍នេះ នាំឱ្យកម្ពុជារកចំណូលបានជាង ៣,៦៣ ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់