Connect with us

ព័ត៌មានជាតិ

និស្សិតកម្ពុជា៣៤រូប ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន

បានផុស

នៅ

និស្សិតប្រុសស្រីរបស់កម្ពុជាចំនួន៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំនេះ ក្រោយឆ្លងកាត់ការប្រឡង និងសម្ភាសន៍ជ្រើសរើសយ៉ាងតឹងរឹងពីរដ្ឋាភិបាលជប៉ុន។និស្សិតជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៥នេះ មាន ៤កម្រិត គឺថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្ដមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនចេញដំណើរទៅប្រទេសជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានរៀបចំពិធីជូនដំណើរនិស្សិតទាំង៣៤រូប នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ។

ពិធីជូនដំណើរនិស្សិត រៀបចំឡើងក្រោមវត្តមានរបស់លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា,លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ,លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ា កូរ៉ា ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន និងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី អបអរសាទរចំពោះនិស្សិតទាំង៣៤រូប ដែលបានជាប់អាហារូបករណ៍ ក្រោយឆ្លងកាត់ដំណាក់កាលប្រឡង និងសម្ភាសន៍ជាបន្តបន្ទាប់យ៉ាងស្វិតស្វាញ ហើយក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ ព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនានាតាំងពីដើមរហូតដល់ពេលនេះ។

លោកទូតជប៉ុន ជឿជាក់ថា ការណ៍ដែលនិស្សិតអាហារូបករណ៍ថ្មីទាំង៣៤រូប ត្រូវឃ្លាតឆ្ងាយពីផ្ទះកំណើត ច្បាស់ណាស់នឹងមានអារម្មណ៍រំភើបលាយភ័យដោយសារត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ មិត្តភក្តិ ហើយត្រូវចាប់ផ្ដើមជីវិតថ្មី  និងនៅកន្លែងថ្មីដែលមិនធ្លាប់រស់នៅពីមុនមក។ លោកឯកអគ្គរាជទូត បន្តថា ការចំណាយពេលវេលានៅប្រទេសជប៉ុនជាមួយនឹងមិត្តភក្តិជាច្រើនមកពីគ្រប់ទិសទី និងចូលរួមការប្រកួតប្រជែងនានា នឹងក្លាយជាបទពិសោធន៍ដែលមានតម្លៃមួយក្នុងជីវិតរបស់និស្សិត ហើយលោក សង្ឃឹមថា និស្សិតកម្ពុជា នឹងប្រើប្រាស់ចំណេះដឹងដែល បានរៀននៅប្រទេសជប៉ុន ជាផលប្រយោជន៍ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យរៀងៗខ្លួននៅកម្ពុជា និងបន្តពង្រឹងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរនាពេលអនាគត ដូចដែលរៀមច្បងដែលជាអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនបានអនុវត្តយ៉ាងសកម្ម។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សាន វឌ្ឍនា  អបអរសាទរចំពោះនិស្សិតដែលបានប្រលងជាប់អាហារូបការណ៏បន្តការសិក្សា នៅប្រទេសជប៉ុន ដែលនឹងផ្តល់នូវការយ៉ាងធំធេងសម្រាប់ជីវិត ពិសេសជំនាញ និងសមត្ថភាពត្រលប់មកជួយអភិវឌ្ឍប្រទេសជាតិ។ លោករដ្ឋលេខាធិការ បានជម្រុញឲ្យនិស្សិតអាហារូបការណ៏ទាំងអស់ប្រឹងប្រែងសិក្សា រៀនសូត្រ រៀនពីជីវិត វប្បធម៌ និងការរស់នៅប្រទេសជប៉ុន និងចែករំលែកវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់កម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីជាស្ពាន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក មិនភ្លេចអរគុណរដ្ឋាភិបាលជប៉ុន ដែលតែងផ្តល់អាហារូបករណ៏ដល់និស្សិតវ័យក្មេងរបស់កម្ពុជា ដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅប្រទេសជប៉ុន ដែលបានរួម ចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

គួរឱ្យដឹងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍សម្រាប់យុវជនកម្ពុជាជាង១ ៥០០នាក់ ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា តែងតែធ្វើពិធីជូនដំណើរនិស្សិតដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ពោលកាលពីឆ្នាំ២០២៤ កន្លងទៅស្ថានទូតបានរៀបចំជូនដំណើរនិស្សិតចំនួន៣៤រូប ឯកាលពីឆ្នាំ២០២៣​ ក៏ធ្លាប់រៀបចំពិធីជូនដំណើរនិស្សិតចំនួន២៤រូប៕​

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម