ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ៖ ប្រធានបទទិវាជាតិអំណានលើកទី១០ ដើម្បីជំរុញការអាន មួយជំនាន់ទៅមួយជំនាន់
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់មក កម្ពុជាថ្មី ប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” ក្នុងកម្មវិធីពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១០ ក្នុងការបង្ហាញពីការជំរុញបន្តការអានសៀវភៅ និងដើម្បីបន្តនិរន្តរភាពអានសៀវភៅពីមនុស្សមួយជំនាន់ ទៅមួយជំនាន់ទៀត។

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១០ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានឱ្យ កម្ពុជាថ្មី ដឹងថា ក្នុងឱកាសអបអរសាទរទិវាជាតិអំណានលើកទី១០ នេះ នឹងមានស្តង់សៀវភៅចំនួន ១០៨ស្តង់ ចូលរួមពិព័រណ៍ ហើយក្រសួងសង្ឈឹមថានឹងមានអ្នកចូលរួមក្នុងកម្មវិធីចែករំលែកផ្សេងៗ ចំនួនប្រមាណ ៣០៨០០នាក់។ ចំពោះការជ្រើសរើសប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” ព្រោះចង់បញ្ជាក់ពីការផ្សារភ្ជាប់ និងនិរន្តរភាពផ្ទេរពីមនុស្សជំនាន់មួយទៅមនុស្សជំនាន់មួយ តាមរយៈសំណេរ សៀវភៅ និងការអាន។

អ្នកនាំពាក្យ មានប្រសាសន៍ថា៖ “យើងរៀបចំបែបនេះ នៅក្នុងទិសដៅជំរុញឱ្យប្អូនៗជំនាន់ក្រោយបន្តការអាន ដើម្បីជាការបន្តនិរន្តរភាព ក៏ដូចជាទទួលបាននូវកេរដំណែលនៃការចែករំលែក និងបទពិសោធក៏ដូចជាចំណេះដឹង វប្បធម៌ និងរបៀបនៃការរស់នៅរបស់ប្រជាជនយើងពីជំនាន់មួយទៅជំនាន់មួយផងដែរ។ ដើម្បីឱ្យគាត់មានមូលដ្ឋានក្នុងការចូលរួមថែរក្សានូវវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាអត្តសញ្ញាណរបស់ខ្មែរផងដែរ”។
បន្ថែមពីនេះ លោកស្រី ឃួន វិច្ឆិកា ក៏បានបញ្ជាក់ថា ការអានជារឿងមួយដែលសំខាន់ ក្នុងការឱ្យមនុស្សទទួលបានចំណេះដឹងថ្មីៗបន្ថែម និងទទួលបាននូវការសមាធិ រូបារម្មណ៍ ដែលអាចឱ្យអ្នកអានមានការស្រមៃ និងរកឃើញនូវភាពច្នៃប្រឌិតថ្មីៗបន្ថែម។ លើសពីនេះ លោកស្រីថា ការអានក៏នាំមកនូវការរីកចម្រើនទាំងផ្នែកអារម្មណ៍ បញ្ញា និងចំណេះដឹងប្រចាំថ្ងៃ ព្រមទាំងចូលរួមក្នុងការងារនានាដែលកំពុងបំពេញផងដែរ។

ចំពោះការតាំងពិព័រណ៍សៀវភៅនាពេលនេះ លោកស្រី ឃួន វិច្ឆិកា ថា ជាឱកាសសម្រាប់អ្នកនិពន្ធ ឬអ្នករៀបចំពិព័រណ៍សៀវភៅ រកឃើញនូវតម្រូវការរបស់អ្នកអានបច្ចុប្បន្ន និងវិធីសាស្ត្រចែករំលែកចំណេះដឹងតាមរយៈសៀវភៅទៅកាន់អ្នកអាន។ ចំពោះអ្នកចូលចិត្តអានសៀវភៅវិញ ជាឱកាសមួយសំខាន់ក្នុងការស្វែងរកសៀវភៅដែលខ្លួនចង់អាន ស្រឡាញ់ និងសៀវភៅជាច្រើនដែលខ្លួនចាប់អារម្មណ៍ដែរ។ ជាមួយគ្នានេះ ក៏ជាឱកាសរបស់អ្នកអានបានជួបជាមួយអ្នកនិពន្ធ និងអ្នកពាក់ព័ន្ធការងារសៀវភៅផងដែរ។ ក្នុងកម្មវិធីនេះ លោកស្រីជឿជាក់ថា មិនមែនត្រឹមតែជាឱកាសរបស់មនុស្សពេញវ័យឡើយ ក៏ជាឱកាសដល់កុមារតូចៗចូលរួមអានសៀវភៅ និងជាឱកាសដល់ម្តាយឪពុកនាំកូនៗចូលរួមពិព័រណ៍សៀវភៅ ដើម្បីបង្កើនការអានដល់កុមារផងដែរ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា