ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននឹងរឹតបន្តឹងវិន័យចំពោះនគរបាលចរាចរណ៍ដែលអនុវត្តការងារគ្មានវិជ្ជាជីវៈ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលស្គាល់ពីសកម្មភាពពុំគួរគប្បី អសីលធម៌ និងគ្មានវិជ្ជាជីវៈរបស់មន្ត្រីនគរបាលចរាចរណ៍ខ្លះនៅពេលអនុវត្តការងារត្រួតពិនិត្យការរឹតបន្ដឹងច្បាប់ចរាចរណ៍តាមគោលដៅ ហើយបានអះអាងថា នឹងដាក់វិន័យតឹងរ៉ឹងចំពោះបុគ្គលជាមន្ត្រីដែលប្រព្រឹត្តល្មើសបែបនេះទៅលើពលរដ្ឋ។

ការអះអាងនេះ គឺបានធ្វើឡើងជាថ្មីម្ដងទៀតតាមរយៈឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារផែនចរាចរណ៍ ដោយលោក បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដាក់ពិន័យឱ្យបានតឹងរ៉ឹងបំផុតចំពោះមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ដែលអនុវត្តការងារគ្មានវិជ្ជាជីវៈ និងអសីលធម៌។
លើកឡើងនៅក្នុងកិច្ចពិភាក្សាមួយ ចេញផ្សាយដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ដូច្នេះថា «ខ្ញុំសូមទទួលយកថា ពិតជាមានពាក់ព័ន្ធនឹងមន្ត្រីនគរបាលចរាចរណ៍ ដែលបានអនុវត្តការត្រួតពិនិត្យរឹតបន្ដឹងច្បាប់នេះតែងតែមានអាកប្បកិរិយា សីលធម៌ ក៏ដូចជាវិជ្ជាជីវៈនេះមិនបានត្រឹមត្រូវមួយចំនួន ដែលខ្ញុំសូមទទួលយកអំពីការរិះគន់របស់បងប្អូនប្រជាពលរដ្ឋ ការរិះគន់នេះ ជាការរិះគន់ស្ថាបនា»។

ភ្ជាប់ទៅនឹងការទទួលយកមតិរិះគន់ លោកអគ្គស្នងការរងនគរបាលជាតិ ក៏បញ្ជាក់ពីចំណាត់ការរបស់អង្គភាព តាមរយៈការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីអនុវត្តវិន័យកងកម្លាំង និងមានវិធានការច្បាប់តាមកម្រិតនៃអំពើខុសឆ្គងរបស់មន្ដ្រីទាំងនោះ។ លោក ថា «ចំពោះមន្ត្រីណាក៏ដោយ ដែលមានទង្វើអសីលធម៌ មិនសមស្របនឹងវិជ្ជាជីវៈ គឺខ្ញុំនឹងមានវិធានការក្នុងការត្រួតពិនិត្យ រឹតបន្ដឹង និងកែសម្រួល ទៅតាមវិន័យរបស់កងកម្លាំង»។

ការបញ្ជាក់ដូច្នេះរបស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺដោយសារមួយរយៈពេលចុងក្រោយមានមតិរិះគន់ច្រើនពីសំណាក់មហាជន ពាក់ព័ន្ធដល់ភាពអសកម្មរបស់មន្ត្រីនគរបាលចរាចរណ៍មួយចំនួន នៅពេលអនុវត្តច្បាប់តាមគោលដៅ តែងតែធ្វើការងារហួសព្រំដែនរបស់ខ្លួនច្រើន ទាំងមានអាកប្បកិរិយាមិនសមរម្យ ប្រើពាក្យសម្ដីអសីលធម៌ពុំមានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញភារកិច្ច ព្រមទាំងបានប្រមាថទៅលើប្រជាពលរដ្ឋ ជាដើម។
តែយ៉ាងណាមិញ លោក ចេវ ហាក់ បានលើកឡើងថា ទង្វើនេះ មិនឆ្លុះបញ្ចាំងដល់មន្ត្រីនគរបាលទូទៅទាំងអស់នោះទេ តែជាលក្ខណៈបុគ្គលដែលជាមន្ត្រី ខណៈមន្ត្រីភាគច្រើនបានបំពេញភារកិច្ចត្រឹមត្រូវ ស្របតាមច្បាប់ និងវិន័យរបស់កងកម្លាំង៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់