ព័ត៌មានជាតិ
លោក រ៉េន រតនៈ៖ យើងមិនអាចឱ្យពាក្យ«ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!
លោក រ៉េន រតនៈ អ្នកនាំពាក្យឧបនាយករដ្ឋមន្រ្តី សុ ខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធនេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោកជុំវិញបញ្ហាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ។ លោកបានបញ្ចេញទស្សនៈថា៖ «យើងមិនអាចឱ្យពាក្យ “ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ”ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!»។

តាមរយៈទំព័រហ្វេសប៊ុក លោក រ៉េន រតនៈ បានសរសេររៀបរាប់៣ចំណុចពីបញ្ហាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ។ លោកថា ទី១-កំពុងដើរកាត់ភ្លៀងទាំងអស់គ្នា ហេតុអ្វីមកទទឹកតែកម្ពុជា? បញ្ហាឧក្រិដ្ឋកម្មតាមអ៉ិនធើណែត និងអំពើជួញដូរមនុស្ស បានវិវត្តមកក្លាយជាបញ្ហារួមពាសពេញសាកលោក។ ពីដំបូងឡើង បញ្ហានេះប្រឈមខ្លាំងតែនៅតាមបណ្ដាប្រទេសជឿនលឿន គឺប្រទេសដើរមុនគេទាំងខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉ុណ្ណោះ។ សម្រាប់កម្ពុជា ចរន្តសាកលភាវូបនីយកម្ម និងទើបតែក្នុងពេលសេដ្ឋកិច្ច និងបច្ចេកវិទ្យាផ្ដើមលេចធ្លោប៉ុន្មានឆ្នាំនេះទេ ដែលមានការជ្រៀតចូលនូវជនប្រព្រឹត្តអំពើជួញដូរមនុស្សតាមទម្រង់ថ្មី រួមទាំងការឆបោកតាមអនឡាញ ហើយប្រទេសក្នុងតំបន់ក៏ទទួលរងឥទ្ធិពលអាក្រក់នេះដូចគ្នាដែរ។
ទី២-តើកម្ពុជានៅស្ងៀម ហើយយកឧក្រិដ្ឋកម្មធ្វើជាឈ្នាន់អភិវឌ្ឍន៍ជាតិ? ចម្លើយ គឺពុំដូច្នេះឡើយ! ទាំងរាជរដ្ឋាភិបាលនីតិកាលកន្លងមក ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បើនិយាយពីក្របខណ្ឌប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺការងារនេះត្រូវបានយកចិត្តទុកដាក់អនុវត្តតាំងពីប្រទេសក្នុងតំបន់ប្រឈមមុខដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ត្រឹមតែជាការជួញដូរមនុស្សទៅធ្វើពលករនេសាទ កសិកម្ម និងការងារផ្ទះខុសច្បាប់មកម្លេះ។ បើនិយាយពី Scam Online គ្រានោះ មិនដឹងបែរមុខទៅណាទេ។ ដោយឡែក ការដោះស្រាយបញ្ហាប្រឈមចុងក្រោយនៃអំពើជួញដូរមនុស្សតាមទម្រង់ថ្មីនេះ គឺរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការ បានសម្រួចបន្ថែមទៀតនូវយន្តការ និងវិធីសាស្រ្តដោះស្រាយ ដោយបង្កើតជាគណៈកម្មការ និងក្រុមការងារចំពោះកិច្ច ហើយជំរុញ តាមដាន កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត។

ទី៣-តើកម្ពុជា ខិតខំដោះស្រាយបញ្ហានេះ ដើម្បីតែមាតុប្រទេសខ្លួនឯង ឬមនុស្សជាតិ? សម្រាប់កម្ពុជា បញ្ហានេះ គឺជាភារកិច្ចដើម្បីផលប្រយោជន៍រួមរបស់មនុស្សជាតិ។ ជាក់ស្ដែង ឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងពីប្រទេសជឿនលឿនខាងបច្ចេកវិទ្យា បានព្យាយាមសំងំបើកទីតាំងឈរជើងដោយលួចលាក់នៅកម្ពុជា ដើម្បីធ្វើសកម្មភាពអូសទាញជនជាតិខ្លួន ឬជនជាតិដទៃ ឱ្យមកធ្វើការ ដើម្បីគោលដៅបោកបញ្ឆោទជនជាតិខ្លួន ឬជនជាជាតិសាសន៍ដទៃ។ តិចណាស់ដែលមានជនជាតិខ្មែរទៅពាក់ព័ន្ធការងារទាំងនោះ។ ដូច្នោះហើយបានជាកិច្ចប្រតិបត្តិការបង្ក្រាបជាច្រើនលើកកន្លងមក អាជ្ញាធរកម្ពុជា បានចាប់បញ្ជូនពួកឧក្រិដ្ឋជនដែលជាជនបរទេស និងជនរងគ្រោះដែលគេបោកបញ្ឆោទឱ្យមកធ្វើការ ហើយដែលជារឿយៗបានទទួលការគាបសង្កត់ និងអំពើហិង្សា នោះ ឱ្យទៅប្រទេសសាមីដើម្បីបន្តវិធានការច្បាប់ និងទទួលយកទៅវិញ រួមទាំងជនជាតិនៃប្រទេសក្បែរខាងផង ជាច្រើននាក់។
ត្រង់ចំណុចនេះ លោក រ៉េន រតនៈ បានអះអាងថា៖ «ករណីនេះ បើខ្មែរគ្មានឆន្ទៈទេនោះ ម្លេះមិនដឹងជាមានជនបរទេសប៉ុន្មាននាក់ទេដែលត្រូវរងគ្រោះ! យើងបានជួយជនទាំងនោះឱ្យបានត្រឡប់ទៅប្រទេសកំណើតវិញ ទាំងដែលធាតុពិត ពួកគេបានចូលមកកម្ពុជាដោយបន្លំព័ត៌មាន ដោយខ្លះថាជាទេសចរណ៍ ឬជាអ្នកមកធ្វើការងារស្របច្បាប់ តែទីបំផុតឃុបឃិតជាមួយជនជាតិខ្លួន ឬជនជាតិផ្សេង យកទឹកដីកម្ពុជាប្រព្រឹត្តបទល្មើស រហូតផុងខ្លួនឯងក្លាយជាជនរងគ្រោះដង្ហោយឱ្យយើងជួយ»។

បើតាមលោក រ៉េន រតនៈ កម្ពុជាទទួលស្គាល់ថា ដូចបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកដែរ គឺកំពុងប្រឈមដូចគ្នានឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធើណេត។ កម្ពុជា ដោយមានប្រជាជនជាសាក្សីជាង១០លាននាក់ គឺច្បាស់ណាស់មិនឱ្យបញ្ហានេះក្លាយជាជំងឺរាំរៃបំផ្លាញផលប្រយោជន៍ជាតិសាសន៍ខ្លួនឡើយ ហើយក៏ដូចគ្នា មិនចង់ឃើញមនុស្សជាតិទូទាំងពិភពលោក រងគ្រោះដោយអំពើនេះដែរ។ យ៉ាងណាក៏ដោយ កម្ពុជា មិនអាចឱ្យពាក្យ «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបានឡើយ។ លោកសង្កត់ធ្ងន់ថា៖ «យើងប្រឆាំងដាច់ខាតរាល់របៀបវារៈ ឬការផ្សព្វផ្សាយទាំងឡាយណាដែលចោទប្រកាន់មកលើយើងខុសពីការពិត ទាំងដែលយើងកំពុងខិតខំរួមចំណែកដោះស្រាយបញ្ហារួម»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ