ព័ត៌មានជាតិ
គ្រួសារជនរងគ្រោះ រួមទាំងអតីតមេឃុំស្នើសុំពិនិត្យឡើងវិញ ករណីឃាត់ខ្លួនបុរស ៣ នាក់ភ្ជួរដីដាំដំឡូង និងស្វាយចន្ទី
ក្រុមគ្រួសារសាច់ញាតិរបស់បុរស ៣ នាក់ ដែលត្រូវបានជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះកាលពីពេលថ្មីៗនេះដោយសារទៅស៊ីឈ្នួលភ្ជួររាស់ដីចម្ការអ្នកស្រុក ដើម្បីដាំដំឡូងមី បានអំពាវនាវស្នើសុំទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តក្រចេះ ឱ្យមានការសន្ដោសប្រណីដោះលែងដល់ប្ដីពួកគាត់ត្រឡប់មកវិញ។ ប្រជាពលរដ្ឋទាំង ៣ គ្រួសារ រស់នៅភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកស្រី ព្រំ ឈឿន និងកូនប្រសារស្រី
អ្នកស្រី ព្រំ ឈឿន និងកូនប្រសារស្រីបានរៀបរាប់ថា ប្ដីរបស់ពួកគាត់ទាំងពីរ បានមកស៊ីឈ្នួលភ្ជួរដីឲ្យគេ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន និងរឹបអូសយកត្រាក់ទ័រទៅរក្សាទុក។ ចំណែកមនុស្សត្រូវបានបញ្ជូនទៅឃុំខ្លួនបាត់កាលពីថ្ងៃម្សិលមិញ។
គ្រួសារជនរងគ្រោះបានរៀបរាប់ថា ជាទូទៅ ប្ដីគាត់មុននឹងចេញទៅធ្វើការស៊ីឈ្នួលភ្ជួររាស់ដីគេ តែងតែសួររកលិខិតស្នាម និងការបញ្ជាក់អំពីកម្មសិទ្ធិដីត្រឹមត្រូវ ទើបបានទៅស៊ីឈ្នួលភ្ជួរ ហើយចំពោះដីដែលទៅភ្ជួរ ត្រូវសមត្ថកិច្ចចាប់នោះ ឃើញម្ចាស់ដីក៏បានយកលិខិតមកឲ្យមើល ដោយមានការបញ្ជាក់ពីអាជ្ញាធរត្រឹមត្រូវ ទើបសម្រេចចិត្តទៅស៊ីឈ្នួលភ្ជួរឲ្យគេទៅ។ តែមិនដឹងមូលហេតុអ្វី បានជាត្រូវបានគេចាប់ហើយឃុំខ្លួនដាក់ពន្ធនាគារបាត់ ដែលធ្វើឲ្យក្រុមគ្រួសារ និងកូនចៅទន្ទឹងរង់ចាំនៅផ្ទះមានការភ័យខ្លាចពិបាកចិត្តជាខ្លាំង។

ពលរដ្ឋលើកឡើងថា ត្រាក់ទ័រទាំងពីរគ្រឿងនោះ គឺក្រុមគ្រួសារពួកគាត់បានខ្ចីលុយពីធនាគារ ដើម្បីទិញយកមកស៊ីឈ្នួលភ្ជួររាស់ដីចំការដីស្រែនៅតំបន់នោះ ទើបបង់លុយធនាគារបានមួយឆ្នាំតែប៉ុណ្ណោះ។ ឥឡូវប្ដីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ដែលធ្វើឲ្យគ្រួសារកំពុងតែជួបនូវវិបត្តិ សេដ្ឋកិច្ចក្នុងគ្រួសារផង និងត្រូវរកលុយសងបំណុលធនាគារទៀត។
គ្រួសារទាំងពីរក៏បានអំពាវនាវទៅដល់អាជ្ញាធរ និងថ្នាក់ដឹកនាំជួយរកដំណោះស្រាយ និងបន្ធូរបន្ថយសន្ដោសប្រណីដល់ក្រុមគ្រួសារពួកគាត់ ដោយអនុញ្ញាតឲ្យប្ដីរបស់ពួកគាត់ចេញមកនៅក្រៅឃុំវិញ។ បើមិនដូច្នោះទេ ក្រុមគ្រួសារទាំងពីរជួបបញ្ហាមិនមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយនៅសងបំណុលធនាគារមិនបានទៀត។
អ្នកស្រី ចាន់ បុប្ផា ជាម្ចាស់ដី
ដោយឡែក អ្នកស្រី ចាន់ បុប្ផា ជាម្ចាស់ដីបានឲ្យដឹងថា គ្រួសាររបស់គាត់បានទិញដីនេះតាំងពីឆ្នាំ២០១៩ មកម្ល៉េះ នៅចំណុចភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបានអាស្រ័យផលដាំដំឡូងមី និងស្វាយចន្ទីរយះពេលប្រមាណជា ៥ ឆ្នាំ ហើយមានសំបុត្រទិញលក់ និងមានការទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ។ ក្រុមគ្រួសារគាត់បានយកលិខិតបញ្ជាក់ទទួលស្គាល់កាន់កាប់ និងប្រើប្រាស់ដីនោះទៅដាក់នៅធនាគាខ្ចីលុយយកទៅដាំស្វាយ ចន្ទី និងដំឡូងមី តែក្រោយមកត្រូវភ្លើងឆេះស្វាយចន្ទីអស់ ក៏បានជួលត្រាក់ទ័រមកភ្ជួរដីនោះដាំដំឡូងមីទាំងអស់វិញ។
អ្នកស្រីបានអំពាវនាវទៅដល់អាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជួយសម្របសម្រួល និងដោះស្រាយឱ្យប្ដីរបស់អ្នកស្រីឲ្យបាននៅក្រៅឃុំវិញ។ ចំពោះដីធ្លីប្រសិនបើអាជ្ញាធរ ឬសមត្ថកិច្ចស្រាវជ្រាវរកឃើញថា មានពាក់ព័ន្ធទៅនឹងដីរបស់រដ្ឋ ក៏អ្នកស្រីព្រមប្រគល់ជូនរដ្ឋវិញ ប្រសិនបើដីនៅតំបន់នោះមានការអនុវត្តច្បាប់ឬដករហូតពិតប្រាកដ។

ដោយឡែកអ្នកស្រី ពេញ ពៅ អតីតមេឃុំចង្ក្រង់ បានឲ្យដឹងដែរថា ដីដែលមានបញ្ហាពិតជាមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានមែន មិនមានការពាក់ព័ន្ធនឹងដីក្រុមហ៊ុន ហើយគម្របព្រៃឈើក៏បានស្នើសុំកាត់ឆ្វៀលរួចហើយដែរ។ បើតាមការពិនិត្យឃើញថា ដីនោះបានធ្វើការបង្កបង្កើនផលរាល់ឆ្នាំដីស្រឡះស្រាប់ បានជាអ្នកស្រីទទួលស្គាល់។
អ្នកស្រីបានបន្តឲ្យដឹងថា ដីនោះដំបូងឡើយ គឺជនជាតិដើមភាគតិចកាន់កាប់ និងអាស្រ័យផលយូរណាស់មកហើយ។អាជ្ញាធរមូលដ្ឋានក៏បានចេញលិខិតទទួលស្គាល់ និងប្រើប្រាស់ដីឲ្យទៅម្ចាស់ដី ដែលទិញកាលពីអំឡុងឆ្នាំ២០១៩ ហើយពួកគេក៏បានអាស្រ័យផលយូរឆ្នាំមកហើយដែរ។
គួរបញ្ជាក់ថា បុរសជាម្ចាស់ដី និងម្ចាស់ត្រាក់ទ័រ ២ នាក់ផ្សេងទៀត ត្រូវបានកម្លាំងកងរាជអាវុធស្រុកចិត្របុរី ចុះបង្រ្កាបនិងឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ហើយបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃពី០៣ ខែមិនា ឆ្នាំ២០២៥។ រីឯត្រាក់ទ័រពីរគ្រឿង ក៏ត្រូវបានយកទៅរក្សាទុកផ្នែករដ្ឋបាលព្រៃឈើក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង