ព័ត៌មានជាតិ
បណ្ឌិត ហង់ជួន ណារ៉ុន ស្នើគ្រប់ភាគីបន្តលើកកម្ពស់សាសនា និងសីលធម៌សង្គម
ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តសហការជាមួយក្រសួងធម្មការនិងសាសនា ដើម្បីលើកកម្ពស់សាសនានិងសីលធម៌សង្គម ពង្រឹងសុខដុមនីយកម្មសាសនា ដោយលើកទឹកចិត្តឱ្យគ្រប់សាសនាទាំងអស់ចូលរួមជួយក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌។
ការស្នើ និងផ្តល់នូវទស្សនទាននេះ ធ្វើឡើងនាឱកាស តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥។

លោក ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យធម្មការនិងសាសនា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាបានយ៉ាងល្អប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ រវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងព្រះមន្រ្តីសង្ឃគ្រប់ជាន់ថ្នាក់ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃសាសនា ដែលជាប្រភពផ្ដល់គុណតម្លៃដឹកនាំខាងស្មារតី។
លោកមានប្រសាសន៍ថា គុណតម្លៃសាសនា ដូចជា ព្រហ្មវិហារធម៌ សង្គហធម៌ សីលប្រាំ ការគោរពអ្នកដទៃ និងស្មារតីបម្រើមនុស្សជាតិជាដើម មានឥទ្ធិពលគ្របដណ្តប់លើទស្សនៈនៃការដឹកនាំ ប្រព័ន្ធនយោបាយ ច្បាប់ និងវប្បធម៌សង្គម ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិត ឥរិយាបថ និងសកម្មភាពមនុស្សឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ហើយគឺជាសមាសធាតុដ៏សំខាន់សម្រាប់ការថែរក្សាសិនិទ្ធភាពសង្គម ស្ថិរភាពសង្គម ជាពិសេសរួមវិភាគទានដ៏សំខាន់ដល់សាមគ្គីភាព ឯកភាពនៅក្នុងសង្គម សន្តិភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ស្នើបន្តលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការផ្សព្វផ្សាយនូវសាសនូវាទ ដើម្បីជួយធ្វើឱ្យប្រជាជនកម្ពុជាមាននូវបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។
លោកថ្លែងថា៖« ថ្នាក់ដឹកនាំគ្រប់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមបន្តចូលរួមថែរក្សាសុខដុមនីយកម្មសាសនា សាមគ្គីភាព និងវឌ្ឍនភាពសង្គម ជាពិសេសគឺបន្តអនុវត្តគោលនយោបាយសុខដុមនីយកម្មសាសនានេះ»។
លើសពីនេះ លោកស្នើឱ្យបន្តពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សានៅគ្រប់កម្រិតសិក្សា តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។
នៅក្នុងប្រទេសកម្ពុជាយើង ទោះបីជាមានការប្រតិបត្តិជំនឿសាសនាផ្សេងគ្នា ឬនិកាយខុសគ្នា ប៉ុន្តែក៏គ្មានប្រជាពលរដ្ឋណាម្នាក់ ឬសាសនាណាមួយត្រូវបានរើសអើង ដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ។ ទោះបីជាសាសនាជាប្រភពផ្ដល់គុណតម្លៃអប់រំមនុស្សឱ្យមានស្មារតីចាស់ទុំមនសិការខ្ពង់ខ្ពស់ និងជួយឱ្យមានសាមគ្គីធម៌ក្នុងសង្គម ប៉ុន្តែសាសនាក៏អាចនាំមកនូវទំនាស់ និងការបែកបាក់ផងដែរ។ កត្តានេះទាមទារការគិតគូរឱ្យបានស៊ីជម្រៅនិងមានយុទ្ធសាស្រ្ត ការសម្របសម្រួល និងភាពបត់បែនខ្ពស់ ដែលមានចរិត “ទន់ភ្លន់ តែម៉ឺងម៉ាត់”។ នេះបើតាមការបញ្ជក់បន្ថែមលោក ហង់ជួន ណារ៉ុន។

សន្និបាតបូកសរុបលទ្ធផលការងារក្រសួងធម្មការនិងសាសនា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលការងារឆ្នាំ ២០២៤ ក៏ដូចជាការកំណត់រកបញ្ហាប្រឈមនានា និងធ្វើការឆ្លុះបញ្ចាំង ដើម្បីលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ធ្វើយ៉ាងណាបង្កើនឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងការថែរក្សាទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងសាសនា ដែលជាអត្តសញ្ញាណជាតិ៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?