ព័ត៌មានជាតិ
អាជ្ញាធរមីន កំពុងរៀបចំសំណើសុំពន្យារពេលបោសសម្អាតមីនលើកទី ៣
អាជ្ញាធរមីនកម្ពុជា កំពុងរៀបចំលិខិតគោរពស្នើសុំគោលការណ៍ឯកភាព ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាប្រធានអាជ្ញាធរមីន លើករណីសំណើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ ដោយសារបញ្ហាប្រឈមមួយចំនួន។
បើតាមអាជ្ញាធរមីន កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីន២លើករួចហើយ ដោយលើកទី១ ឆ្នាំ២០១០-២០១៩ និងលើកទី២ ឆ្នាំ២០២០-២០២៥។ សម្រាប់សំណើសុំលើកទី២ ក្នុងការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ប៉ុន្តែកម្ពុជាបានជួបបញ្ហាប្រឈមមួយចំនួនដូចជា ខ្វះធនធាន និងការកើនឡើងទំហំផ្ទៃដីសង្ស័យមានមីនស្រាវជ្រាវរកឃើញថ្មី ក្នុងតំបន់មួយចំនួនជាពិសេសនៅតាមបណ្តោយខេត្តជាប់ព្រំដែនថៃ។

អាជ្ញាធរមីនបញ្ជាក់ថា៖«កត្តាទាំងនេះ ជំរុញឱ្យកម្ពុជា ត្រៀមរៀបចំស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ ២០២៦-២០៣០។ អាជ្ញាធរមីន នឹងរៀបចំលិខិតគោរពស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លើសំណើសុំពន្យារពេលបោសសម្អាតមីន លើកទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ នេះ»។
ពាក់ព័ន្ធវិស័យមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ៦ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង លើកិច្ចពិភាក្សាអំពីទិដ្ឋភាពរួមសកម្មភាពមីន ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ និងសំណើសុំពន្យារពេលបោសសម្អាតមីន លើកទី៣ ២០២៦-២០៣០ ក្រោមក្របខ័ណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
កិច្ចប្រជុំពិភាក្សានេះ បានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

អង្គប្រជុំបានពិភាក្សាលើ សេចក្តីព្រាងឯកសារគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដែលអាជ្ញាធរមីន រួមជាមួយភាគីពាក់ព័ន្ធ បានគិតគូរតាំងពីឆ្នាំ២០២៣ ហើយក្នុងរយៈពេលជិត២ឆ្នាំនេះ កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនត្រូវបានរៀបចំឡើង ទាំងចង្អៀត ទាំងបើកទូលាយ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរមីន បានដឹកនាំរៀបចំសិក្ខាសាលាពិភាក្សាផ្តល់យោបល់ ប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យឯកសារនេះមានគ្រប់ទិដ្ឋភាព និងវិស័យពាក់ព័ន្ធ។ គោលនយោបាយជាតិសកម្មភាមីន ២០២៦-២០៣៥ នឹងត្រូវរៀបចំឱ្យបានរួចរាល់ និងបញ្ជូនឆ្លងគណៈរដ្ឋមន្រ្តី ដើម្បីដំណើរតាមនីតិវិធី ដាក់ឆ្លងជូនសម្តេចធិបតី ពិនិត្យ និងសម្រេច យ៉ាងយូរចុងឆ្នាំ២០២៥ នេះ។
ជាមួយគ្នានោះ លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងចក្ខុវិស័យ សម្រាប់សកម្មភាពមីននៅកម្ពុជា ហើយភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ ជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានថ្លែងអំណរគុណចំពោះការគាំ និងការបន្តគាំទ្ររបស់ក្រសួង-ស្ថាប័ន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីនចិន ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចូលរួមដល់កិច្ចការសកម្មភាពមីននៅកម្ពុជា។

គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបមានចំនួន ១ ៦៩៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៤៦៩ គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤៧ គីឡូម៉ែត្រក្រឡា៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង