Connect with us

ព័ត៌មានជាតិ

មេដឹកនាំសហជីព ៖ ស្ត្រីក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ

បានផុស

នៅ

បណ្ដា​មេដឹកនាំ​សហជីព​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ​មិន​ថា​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ ត្រូវបាន​លើកកម្ពស់​សិទ្ធិ សមភាព​យេនឌ័រ ទទួល​បាន​កិច្ច​គាំពារ​ពេញលេញ និង​ទទួល​បាន​ភាព​កក់ក្តៅ នៅ​គ្រប់​អាណត្តិ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ពោល​គឺ​ចាប់​តាំងពី​ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បន្ត​រហូតមកដល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧ ក្រោម​ការដឹកនាំ​របស់ ​សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម ចាន់​សំណាង ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) បាន​លើកឡើងថា ស្ត្រី​នៅក្នុង​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​លើកកម្ពស់ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ថា​ឱកាស​ការងារ ការទទួលបាន​កិច្ច​គាំពារ​សង្គម និង​អត្ថប្រយោជន៍​ផ្សេងៗ ទៀត នោះ​ទេ។

ប្រធាន​សហជីព​រូបនេះ​ បន្ថែម​ថា បើ​និយាយ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​វិញ ​ស្ត្រី​មាន​ជិត​ ១ លាន​នាក់ ច្រើនជាង​បុរស​ដាច់ ដូច្នេះ​វា​បាន​បង្ហាញថា​ស្ត្រី​នៅ​កម្ពុជា​បាន​ដើរតួនាទី និង​ចូលរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា។ ទន្ទឹមនឹងនេះ វា​ក៏បាន​បង្ហាញថា យេនឌ័រ​ត្រូវបាន​លើកកម្ពស់ ស្ត្រី​ជា​ចំណែក​មួយ​យ៉ាងសំខាន់​នៅក្នុង​សង្គម​សេដ្ឋកិច្ច។ ចំពោះ​យន្តការ​លើក​កម្ពស់​កិច្ច​គាំពារ​សង្គម ប្រធាន​សហជីព​រូបនេះ​ ពន្យល់​ទៀត​ថា ស្ត្រី​ត្រូវ​ស្ថិតនៅ​អាទិភាព​ជានិច្ច​ក្នុង​យន្តការ​របស់​រាជរដ្ឋាភិបាល។ ស្ត្រី​ក្នុង​វិស័យ​កាត់ដេរ​គ្រប់ៗ រូប ទទួល​បាន​ការ​ប្រើ​ប្រាស់​បណ្ណ ប​.​ស​.​ស ដោយ​ឥតគិតថ្លៃ ជាពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ទាំង​មុន និង​ក្រោយ​សម្រាលកូន រហូត​កូន​មាន​អាយុ​ក្រោម​ពីរ​ឆ្នាំ។

ចំណែក លោក លាង ស៊ុន​ហ៊ាង ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន​នេះ​ស្ត្រី​មិន​ត្រឹមតែ​ត្រូវបាន​លើកកម្ពស់​សិទ្ធិ​នោះទេ ថែមទាំង​ទទួលបាន​ការ​យកចិត្តទុកដាក់​យ៉ាង​ពេញលេញ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។ មិន​ថា​ទាំង​ឱកាស​ការងារ និង​កិច្ច​គាំពារ​សង្គម​ទេ ស្ត្រី​តែង​ត្រូវបាន​គិតគូរ​ជានិច្ច​ពី​សំណាក់​ថ្នាក់ដឹកនាំ។ ប្រធាន​សហជីព​រូបនេះ​ បន្ថែមថា ក្រៅតែពី​អត្ថប្រយោជន៍​ស្ត្រី​នៅក្នុង​វិស័យ​កាត់ដេរ​តែង​ទទួលបាន​ភាពកក់ក្តៅ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល។ ជាក់ស្តែង សម្តេច​ធិបតី តែង​ចុះសួរសុខទុក្ខ​កម្មករ-និយោជិត និង​បង្ហាញ​ពី​ភាព​កក់ក្តៅ​ចំពោះ​ពលករ​ទាំង​ស្ត្រី និង​បុរស​ជានិច្ច។ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​ទទួលបាន​ការ​ឧបត្ថម្ភ​ពី សម្តេច​ផ្ទាល់ មកទល់​បច្ចុប្បន្ន​ផង​ដែរ។

ទន្ទឹម​នឹង​នេះ ប្រធាន​សហជីព បាន​គូស​បញ្ជាក់​ថា សិទ្ធិ​ស្ត្រី​នៅក្នុង​វិស័យ​ការងារ​ ត្រូវបាន​បន្ត​ពង្រឹង នៅក្នុង​អាណត្តិ​ទី ៧ នៃ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម