ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ស្នើពលរដ្ឋចូលរួមបួងសួងបារមីវត្ថុសក្តិសិទ្ធិក្នុងលោក ចម្រើនសេចក្ដីសុខដល់កម្ពុជា
រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១-១២ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត។ មុនព្រះរាជពិធីចាប់ផ្ដើម ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស ស យ ក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ចូលរួមបួងសួងបារមីវត្ថុសក្តិសិទ្ធិក្នុងលោក ឱ្យចម្រើនសេចក្ដីសុខដល់កម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏ដូចជាប្រជានុរាស្ត្រ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវដូច្នេះ៖« សូមបងប្អូនជនរួមជាតិទូទាំងព្រះនគរតាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជាដ៏មានឫទ្ធិចេស្តាគ្រប់ព្រះអង្គយាងប្រោះព្រំថែរក្សាព្រះរាជាណាចក្រកម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ »។

កាលពីឆ្នាំមុនៗ សម្ដេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន តែងតែដឹកនាំធ្វើពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ដើម្បីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប និងដើម្បីជាការបង្ហាញការដឹងគុណដល់បុព្វបុរសខ្មែរ ដែលសង់អង្គរ និងប្រាង្គប្រាសាទបុរាណជាច្រើនទុកជូនកូនខ្មែរជំនាន់ក្រោយ។

ប៉ុន្តែនៅឆ្នាំ២០២៥ កម្មវិធីមួយនេះ នឹងរៀបចំឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា វាយតម្លៃថាកម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដោយទទួលបានព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះករុណាព្រះមហាក្សត្រទ្រង់គង់ប្រថាប់ជាព្រះរាជាធិបតីក្នុងព្រះរាជពិធីដោយផ្ទាល់។

គួរជ្រាបថា ដើម្បីដឹកនាំ រៀបចំ ចាត់ចែង សម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីប្រព្រឹត្តទៅបានល្អ រៀបចំគម្រោងចំណាយផ្សេងៗ រៀបចំការពារសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ ចរាចរណ៍ និងធានាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ មុន-ក្រោយ ក្នុងពេលប្រារព្ធព្រះរាជពិធី និងតាមផ្លូវឆ្លងកាត់ ទំនាក់ទំនង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធក្នុងការអញ្ជើញភ្ញៀវជាន់ខ្ពស់ជាតិ អន្តរជាតិចូលរួមផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រារព្ធព្រះរាជពិធីឱ្យបានទូលំទូលាយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មការអន្តរក្រសួង មានសម្ដេច គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជាប្រធាន, ឯកឧត្ដម ហ៊ុន ម៉ានី ជាអនុប្រធាន, អគ្គលេខាធិការ គណៈកម្មាធិការរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ ឈិន កេតនា ជាអនុប្រធានអចិន្រ្តៃយ៍ និងអនុប្រធានចំនួន៦រូបទៀតគឺ លោកអ្នកឧកញ៉ាមហាភក្ដី គង់ បញ្ញា ទេសរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអភិបាលខេត្តសៀមរាប ព្រមទាំងមានសមាជិក និងសមាជិកា ២៣រូបទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?