ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានធ្វើការណែនាំនីតិវិធីដល់ក្រុមការងារក្នុងការជ្រើសរើសគ្រូកិច្ចសន្យាឱ្យទទួលបានគុណវុឌ្ឍិ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារឆ្លើយតបអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំឆ្លើយតបអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងពេលសន្និបាតអប់រំ ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី០៧មីនា លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រុមការងារត្រូវរៀបចំព្រាងសេចក្តីណែនាំដើម្បីជាទុនក្នុងការពិភាក្សាជំហានបន្ទាប់ ដែលក្នុងនោះរួមមាន

១) ការរៀបចំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យា៖ មានការកំណត់នូវនិយាមប្រចាំឆ្នាំដោយមានការឯកភាពជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២) កំណត់គុណវុឌ្ឍិ៖ ចង្អុលបង្ហាញដោយក្រសួងអប់រំ យុវជននិងកីឡា ៣) រយៈពេលនៃកិច្ចសន្យា៖ រយៈពេល២ឆ្នាំ និងមាននីតិវិធីក្នុងការពន្យាពេលនៅក្នុងឆ្នាំនៃកិច្ចសន្យា
ដើម្បីបង្ការភាពយឺតយាវក្នុងការជ្រើសរើសគ្រូកិច្ចសន្យាថ្មី ៤) នីតិវិធីនៃការបញ្ចូលគ្រូកិច្ចសន្យាទៅក្នុងក្របខ័ណ្ឌ៖ គួរមានយន្តការវាយតម្លៃដោយក្រសួង ផ្អែកលើលទ្ធផលសិក្សារបស់សិស្ស ឬការប្រឡងវាស់ស្ទង់សមត្ថភាព ៥) គ្រូជាប់កិច្ចសន្យាមធ្យមសិក្សាដោយមានការបើកច្រកឱ្យផ្ទេរទៅសាលាដែលខ្វះគ្រូ ៦)ចេះប្រើប្រាស់វិធីសាស្ត្រអំណានដំបូង គណិតវិទ្យាដំបូង ៧)ចេះអនុវត្តវិធីសាស្ត្របង្រៀន និងចេះគ្រប់គ្រងថ្នាក់រៀន ៨) ចេះប្រើប្រាស់ថ្នាលបឋម ៩) វិទ្យាស្ថានគរុកោសល្យត្រូវផ្តល់ជាវគ្គខ្លី ឬវែងដើម្បីបណ្ដុះបណ្តាលជំនាញចាំបាច់ដែលត្រូវបំពេញបន្ថែមសម្រាប់គ្រូកិច្ចសន្យា
និងជំរុញឱ្យធ្វើស្វ័យសិក្សាតាមរយៈប្រព័ន្ធថ្នាល ។
ពាក់ព័ន្ធនឹងការពង្រឹងសុខភាពសិក្សា នាយកដ្ឋានពាក់ព័ន្ធសូមចេញសេចក្តីណែនាំបន្ថែម និងបន្តពង្រឹងការត្រួតពិនិត្យ
និងការធ្វើអធិការកិច្ចតាមសាលារៀន និងគួរបើកទូលាយឱ្យមានការចូលរួមតាមដាន និងផ្តល់ព័ត៌មានពីសំណាក់សាធារណជន ក៏ដូចជាពង្រឹងការចូលរួមគាំទ្រពីមាតាបិតាអ្នកអាណាព្យាបាល។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំក្រសួង និងក្រុមការងារពាក់ព័ន្ធទាំងអស់បន្តផ្តល់ធាតុចូលបន្ថែមដើម្បីសម្រួចការងារនេះឱ្យគ្រប់ជ្រុងជ្រោយ និងល្អប្រសើរព្រមទាំងត្រូវមានយន្តការច្បាស់លាស់ក្នុងការតាមដានត្រួតពិនិត្យជាប្រចាំលើដំណើរការនៃការអនុវត្តការងារនេះជាពិសេសត្រូវមានសូចនាករគន្លឹះដើម្បីវាស់វែងសមត្ថភាពរបស់គ្រូកិច្ចសន្យាឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងគោលដៅពង្រឹងគុណភាពអប់រំនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងឱកាសបិទសន្និបាតអប់រំ ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ ចំនួន១៤ចំណុចដល់ក្រសួងអប់រំយុវជននិងកីឡាក្នុងនោះរួមមាន៖ (១) ការប្រកាសលុបចោលវិញ នូវកម្មវិធីសិក្សាទំនើប ដែលជាភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រោះមិនអាចបង្កើតស្តង់ដាពីរ ក្នុងសាលាតែមួយបានទេ
ខណៈសាលាជំនាន់ថ្មី និងសាលាសមធម៌នៅបន្ត (២) ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពព្រោះជាសេនាធិការសំខាន់ឱ្យ មន្ទីរអប់រំ យុវជន និងកីឡា (៣) អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ត្រូវផ្តល់អាទិភាពឱ្យមន្ទីរអប់រំ យុវជននិងកីឡា ក្នុងការជ្រើសរើសគ្រូបង្រៀន និងនាយកសាលាហើយត្រូវអនុលោមតាមនិយាមរបស់ក្រសួងអប់រំ យុវជន និងកីឡា (៤) គ្រូបង្រៀនមិនអាចមានតែបរិមាណហើយគ្មានគុណភាពនោះទេ ច្បាស់លាស់ និងស្របតាមនិយាមរបស់ក្រសួងអប់រំ យុវជន និងកីឡា (៥) តំឡើងរយៈពេលកិច្ចសន្យាសម្រាប់គ្រូជាប់កិច្ចសន្យា ពីរយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ (៦)ការដាក់បទបញ្ជាឱ្យកំណត់រយៈពេលរៀនដើម្បីបានក្របខណ្ឌសម្រាប់គ្រូជាប់កិច្ចសន្យា(គ្រូបឋម សិក្សា) និងឱ្យក្រសួងអប់រំនិងក្រសួងមុខងារសាធារណៈ ពិភាក្សាគ្នាដើម្បីកំណត់ការបណ្តុះបណ្តាលបន្ថែមក្នុងរយៈពេលណាមួយដើម្បីបញ្ចូលជាគ្រូក្នុងក្របខណ្ឌ (៧) ការផ្តល់គោលការណ៍ឱ្យយកគ្រូចូលនិវត្តន៍មកបង្រៀនដោយផ្តល់ប្រាក់ខែបូកនឹងប្រាក់ចូលនិវត្តន៍ (៨) ក្រសួងបន្តពិនិត្យលក្ខខណ្ឌឱ្យបានតឹងរឹងសម្រាប់គ្រូដែលចង់ប្តូរទីកន្លែងបង្រៀន ៩) ការរៀបចំគោលការណ៍ទាំងឡាយដែលសម្ដេចដាក់ចេញត្រូវបានអនុវត្តន៍ឱ្យបានទាន់ពេលវេលា
១០) យកចិត្តទុកដាក់លើរបបអាហារ ដើម្បីធានាបានសុខភាពរបស់សិស្ស ខណៈបញ្ហាទឹកនោមផ្អែមលើកុមារកើតមានច្រើន ១១) ការលើកទឹកចិត្តក្រសួងអប់រំ ពង្រឹងទាំងបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា គ្រប់កម្រិតសិក្សា
១២) ការណែនាំឱ្យគ្រូ និងអាណាព្យាបាល ត្រូវសហការគ្នា ដើម្បីពង្រឹងការអប់រំកូនទាំងនៅសាលានិងនៅផ្ទះ
១៣). ពង្រឹងគុណភាពនៅឧត្តមសិក្សា ដើម្បីបង្កើតមូលធនមនុស្សដោយយកចិត្តទុកដាក់លើជីវភាពគ្រូបង្រៀន, បុគ្គលិកសិក្សា និងសាស្ត្រាចារ្យផ្តល់អាហារូបករណ៍ រៀបកម្មវិធីណែនាំ និងបង្កើតភាពជាដៃគូជាមួយឧស្សាហកម្មនានា ១៤). ពង្រឹងការអប់រំបច្ចេកទេស និងដាក់ឱ្យអនុវត្ត “គន្លងអប់រំ» ដែលមាន៣ច្រក គឺគន្លងវិទ្យាសាស្ត្រពិត គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងអប់រំវិជ្ជាជីវៈ នៅតាមសាលារៀន ដែលមាន ទីតាំងប្រកបដោយសក្តានុពលដើម្បីផ្តល់ឱ្យសិស្សានុសិស្ស និងយុវជននូវ មាគ៌ាផ្សេងៗគ្នាទៅកាន់អាជីពជោគជ័យ។

លើកកម្ពស់កម្មសិក្សាកម្រិតជាតិ និងអន្តរជាតិតាមរយៈ កិច្ចសហប្រតិបត្តិការជាមួយឧស្សាហកម្មដើម្បីធានាថាកម្មវិធីទាំងនេះបំពេញតម្រូវការទីផ្សារការងារ និងផ្តល់ដល់យុវជននូវចំណេះដឹង និងជំនាញច្បាស់លាស់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង