Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ម៉ូតូចំនួន ២២គ្រឿង ដល់អាជ្ញាធរភូមិ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន នៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូតូ Honda Wave ជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានតំណាងសម្ដេចទាំងទ្វេ គឺលោក មែ ស៊ីថន បាននាំយក និងប្រគល់ជូនក្រុមគ្រូពេទ្យចំនួន៩នាក់ លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចំនួន១០នាក់ និងក្រុមប្រឹក្សាភូមិចំនួន៣នាក់ កាលពីនារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបសំណេះសំណាលផ្ទាល់នាឱកាសនោះ លោក មែ ស៊ីថន បានពាំនាំប្រសាសន៍ផ្តាំសាកសួរសុខទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្ញើជូនក្រុមគ្រូពេទ្យ លោកគ្រូអ្នកគ្រូ និងអាជ្ញាធរភូមិ​​ ដោយបានរំលេចអំពីការយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ចំពោះជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលជាអតីតយុទ្ធជននៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ។

លោក គង់ កន្នារិទ្ធ តំណាងលោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជំនួសមុខជូនអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងលោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បានថ្លែងអំណរគុណសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងហ្មត់ចត់ ជាពិសេសការចងចាំជានិច្ចចំពោះគ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យ ពូជសាសន៍ប៉ុលពតដ៏ខ្មៅងងឹតនៃអតីតកាល។

គួររំលឹកថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាភូមិថ្មីមួយ ដែលទើបត្រូវបានបង្កើតឡើងមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះមាន៦២៨គ្រួសារសុទ្ធតែជាគ្រួសារអតីតយុទ្ធជន ដែលត្រូវបានជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល។ ជាក់ស្តែង គ្រួសារអតីតយុទ្ធជននីមួយៗ ទទួលបានផ្ទះ ១ខ្នង និងដីធ្វើកសិកម្មទំហំទទឹង ៧០ម៉ែត្រ និងបណ្តោយ ១៥០ម៉ែត្រ។

បប្រជាពលរដ្ឋជាអតីតយុទ្ធជន និងមន្ត្រីរាជការទាំងអស់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បានប្តេជ្ញាគាំទ្រដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាប្តេជ្ញាបោះឆ្នោតគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។

ផ្តើមចេញពីការគិតគូរយកចិត្តទុកដាក់ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូល ភូមិបង្កើតថ្មីនេះ ត្រូវបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ជាទីមោទនៈ និងជាកិត្តិយសបំផុតសម្រាប់គ្រួសារអតីតយុទ្ធជន ដោយទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម អណ្តូងទឹក បណ្តាញអគ្គិសនី ការដាក់អំពូលភ្លើងសូឡា សំណង់ទំនប់ស្ទាក់ទឹក អណ្តូងទឹក ប្រព័ន្ធផ្លូវខ្វាត់ខ្វែង ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងការផ្តល់អំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ព្រមទាំងសម្ភារបរិក្ខាផ្សេងៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម