ព័ត៌មានជាតិ
ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ស្ថិតក្នុងភូមធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ចាប់សាងសង់ អំឡុងឆ្នាំ២០១៦ ប្រើរយៈពេល ៨ឆ្នាំ រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២៤ ចំណាយថវិកាសរុប ចំនួន ៣១២ ៩៤៩ ដុល្លារសហរដ្ឋអាមេរិក បានរៀបចំពិធីបុណ្យកាត់ឫសសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ង៉ែត នរិន្ទ្រ រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប។

ក្រៅពីព្រះវិហារថ្មី វត្តក៏បានកសាងនូវដងទង់ចំនួន ២ដើម កម្ពស់ ២៦ម៉ែត្រ បន្ទប់ទឹក ៦បន្ទប់ ខ្លោងទ្វារចូលវត្ត ១កន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត រួមមាន របងវត្ត កុដ្ឋិព្រះសង្ឃ ១ខ្នង ចាក់ដីបំពេញទីធ្លារៀបចំសួនច្បារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀតក្នុងវត្ត តាមជំហាន និងតាមលទ្ធភាពថវិកាមាន។
លោក នាក់ ណេរ៉ុន អភិបាលរងសៀមរាប បានលើកឡើងថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការរួមចំណែកចេញពីសទ្ធាជ្រះថ្លា របស់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងសប្បុរសជននានា ជាពិសេសដោយមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ចូលរួមយ៉ាងធំធេងធ្វើឱ្យសមិទ្ធដ៏ថ្មីស្រឡាងលេចជារូបរាងឡើង។ លោកបន្តថា សមិទ្ឋផលទាំងនេះ សម្រាប់ជាទីកន្លែងគោរព សក្ការៈប្រណិបត្តិសាសនា របស់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ក្នុងវត្តសុវណ្ណគិរីកេសរធ្លក កាន់តែមានបរិយាកាសល្អ និងមានភាពសោភណ្ឌភាពល្អ ស្របតាមការរីកចំរើនរបស់ប្រទេសជាតិ ដែលកំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យក្រោមការងារដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ចំណែក លោក ង៉ែត នរិន្ទ្រ បានមានប្រសាសន៍ថា សមិទ្ឋផលទាំងនេះ គឺជាការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាកេរ្តិ៍តំណែលដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៅលើទឹកដីខេត្តសៀមរាប ជានិច្ចតទៅ ព្រោះថាព្រះពុទ្ឋសាសនាជាមូលធនដ៏ចាំបាច់សម្រាប់សង្គមជាតិទាំងមូល និងស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិប្រកបដោយសុខសន្តិភាព ភាពសុខដុមរមនា ការអភិវឌ្ឍប្រកបដោយចេរភាព និងមានសីលធម៌។
លោករដ្ឋលេខាធិការ បន្តទៀតថា ការរីកចម្រើនការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ អាចកើតមានឡើងមិនអាចកាត់ផ្តាច់បានពីប្រទេសមានសន្តិភាព ហើយដែលសន្តិភាព គឺកើតចេញពីមហាសាមគ្គីរបស់ប្រជាជាតិខ្មែរដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់ដែលបានខិតខំតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតកាលពីថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ រហូតដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងក្រោមនយោបាយឈ្នះ ឈ្នះ។

លោក ង៉ែត នរិន្ទ្រ បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនិតីកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យព្រះពុទ្ឋសាសនា រួមចំណែកពង្រឹងសាមគ្គីភាព លើកកម្ពស់វប្បធម៌និងការយោគយល់គ្នាក្នុងចំណោមពុទ្ឋសាសនិក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត។ ព្រមទាំងបានជំរុញដល់ប្រជាពលរដ្ឋគ្រប់នូវសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រគោរពប្រតិបត្តិសាសនាផ្សេងៗទៀតនៅកម្ពុជា ដោយខិតខំពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនានិងធ្វើឱ្យវត្តអារាម និងព្រះវិហារសាសនាឯទៀតក្លាយជាមជ្ឈមណ្ឌលមួយខាងស្មារតីដែលចូលរួមសកម្មក្នុងការអភិវឌ្ឍសង្គមជាតិផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ចនិងសីលធម៌សង្គម។
សូមជំរាបថា ខេត្តសៀមរាបមាន វត្តព្រះពុទ្ធសាសនាទាំងពីរគណៈចំនួន២៦១វត្ត ក្នុងនោះគណៈមហានិកាយ ២៥៣វត្ត និងគណៈធម្មយុត្តិកនិកាយ ៨វត្ត អាស្រមមាន ១៧កន្លែង។ ព្រះសង្ឃទាំងពីរគណៈ មានចំនួន ៤ពាន់៩៤៨អង្គ ក្នុងនោះគណៈមហានិកាយមាន ៤ពាន់៨៦៥អង្គ និងគណៈធម្មយុត្តិកនិកាយមាន ៨៣អង្គ។ ក្រៅពីសាសនាព្រះពុទ្ធ នៅមានសាសនាមួយចំនួនដូចជា គ្រិស្តសាសនា ឥស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ៕
ដោយ៖ គឿន វេត


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង