ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ៖ កម្ពុជា ចាំបាច់ត្រូវវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ប្រទេសកម្ពុជា ចាំបាច់ត្រូវតែវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សដែលមានសារៈសំខាន់ក្នុងការជួយឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ២០៥០ និងការដោះស្រាយនូវភាពក្រីក្រ និងបញ្ហាលំបាកផ្សេងៗ។

នៅក្នុងបាឋកថាពិសេស ស្តីពី “តួនាទី នៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា” កាលពីថ្ងៃទី ០៩ មីនា លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបទឧទ្ទេស និងលើកឡើងពី ៣ ផ្នែក សំខាន់ៗ ៖ ទី១).ការអប់រំកុមារតូច និងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ទី២).ស្ថានភាព នៃការគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅកម្ពុជា និងទី៣). កំណែទម្រង់ការគ្រប់គ្រង មត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ការគាំពារ និងអប់រំកុមារតូច គឺជាមូលដ្ឋាន នៃការអភិវឌ្ឍសុខុមាលភាព និងសុខភាពរយៈពេលវែងរបស់កុមារ។ ការគាំពារ និងអប់រំកុមារតូច គឺជាសសរគ្រឹះសម្រាប់ការសិក្សាពេញមួយជីវិត តាមរយៈការកសាងនូវសមត្ថភាព និងបំណិន ដែលផ្តល់លទ្ធភាពឱ្យមនុស្សអាចសិក្សារៀនសូត្រពេញមួយជីវិត និងរកចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ចាំបាច់ត្រូវតែវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សដែលមានសារៈសំខាន់ក្នុងការជួយឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ២០៥០ និងការដោះស្រាយនូវភាពក្រីក្រ និងបញ្ហាលំបាកផ្សេងៗ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បន្ថែមថា ការអប់រំកុមារតូច ត្រូវរួមបញ្ចូលទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងហើយ ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេង ជាដើម។ នៅកម្ពុជា ការវិនិយោគលើគ្រូបង្រៀនដែលមានការបណ្តុះបណ្តាល សម្ភារៈសិក្សា និងកន្លែងសិក្សាល្អ គឺចាំបាច់ដើម្បីឱ្យការសិក្សាតាមរយៈការលេងមានប្រសិទ្ធភាព ត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សាកម្រិតបន្តបន្ទាប់ទៀត។

លើសពីនេះទៀតការអប់រំកុមារតូចត្រូវការក្របខ័ណ្ឌទស្សនាទានច្បាស់លាស់ និងវប្បធម៌សាលារៀនដែលគាំទ្រ។ វប្បធម៌សាលារៀនវិជ្ជមាន បង្កើតបរិយាកាសដល់កុមារមានអារម្មណ៍ឱ្យចង់ទៅសាលារៀន ចង់ចេះចង់ដឹងពេញមួយជីវិត។ ជំរុញការស្រាវជ្រាវគឺមានភាពចាំបាច់ ដើម្បីស្វែងយល់ពីស្ថានភាពអប់រំកុមារតូច និងកំណត់អ្វីដែលត្រូវកែលម្អ បង្រៀនកុមារឱ្យមានភាពឯករាជ្យ និងស្រឡាញ់ការសិក្សារៀនសូត្រពេញមួយជីវិត ដោយទាមទារសាលាគរុកោសល្យមានវឌ្ឍនភាព មានការសិក្សាស្រាវជ្រាវ និងគ្រូបង្រៀនត្រូវមានការបណ្តុះបណ្តាលច្បាស់លាស់ ជាពិសេសសម្រាប់មត្តេយ្យសិក្សា។

លើសពីនេះត្រូវលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ រៀនសូត្រពីសាលារៀន ដូចជាការចុះសង្កេត និងវាយតម្លៃសាលារៀនដោយផ្ទាល់ ស្វែងយល់ពីទំនាក់ទំនងរវាងនាយក នាយិកា និងគ្រូបង្រៀន គ្រូបង្រៀន និងមាតាបិតា ឬគ្រូបង្រៀន និងសិស្សជាដើម ដើម្បីជួយគាំទ្រលើចំណុចខ្វះខាតផ្សេងៗ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការអភិវឌ្ឍកុមារអាស្រ័យលើឪពុកម្តាយ គ្រូបង្រៀន បរិស្ថាន និងបរិបទរបស់កុមារ។ ឪពុកម្តាយផ្តល់ធនធាន និងការគាំទ្រតាមផ្ទះ គ្រូបង្រៀនសម្របសម្រួលការសិក្សានៅសាលារៀន និងបរិស្ថានស្អាត (ទឹកស្អាត អាហារូបត្ថម្ភគ្រប់គ្រាន់) នឹងជួយឱ្យកុមារមានសុខភាពល្អ និងលូតលាស់បានលឿនជាងកុមារដែលរស់នៅជាមួយបរិស្ថានមិនល្អ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ នឹងព្យាយាមបន្តគាំទ្រកំណែទម្រង់សាលារៀនទៅតាមលទ្ធភាព និងភាពជាក់ស្ដែង បន្ទាប់ពីធ្វើការចុះវាយតម្លៃពីក្រុមការងារជំនាញ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សាលារៀនដែលមិនទាន់ជាប់ឈ្មោះជាសាលារៀនគំរូ ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះនាពេលខាងមុខ ក្នុងគោលដៅបន្តនាំមកនូវធនធានមនុស្សប្រកបដោយគុណភាព ចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជា ឆ្ពោះទៅវិបុលភាព និងភាពចម្រើនរុងរឿង៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង