Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីតម្រូវឱ្យមានទារកដ្ឋានតាមរោងចក្រដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើង

បានផុស

នៅ

រោងចក្រ-សហគ្រាស ដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើងទៅ នឹងតម្រូវឱ្យមានទារកដ្ឋាន ដើម្បីជួយសម្រាលការលំបាកដល់បុគ្គលិក ក៏ដូចជាកម្មការិនីដែលជាម្ដាយមានកូនតូចៗ។ នេះជាការតម្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលអនុលោមទៅតាមច្បាប់ការងាររបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដែលជាទារកដ្ឋានលើកដំបូងនៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ «យើងកំពុងរៀបចំប៉ុន្មានកន្លែងបន្តទៅទៀត គោលគំនិត គោលដៅរបស់យើង គឺថ្ងៃក្រោយ នៅតាមរោងចក្រសហគ្រាស ដែលមានបុគ្គលិកជាង ១០០នាក់ឡើងទៅនេះ អាចមានទារកដ្ឋាន ដែលយើងកំណត់ក្នុងច្បាប់ការងារនោះ»

កន្លងមក ដោយសារលទ្ធភាពជាក់ស្ដែងមិនទាន់អាចឆ្លើយតបបានតាមសេចក្ដីតម្រូវការនៃការរៀបចំទារកដ្ឋានតាមរោងចក្រ-សហគ្រាសក្ដី ក៏ប៉ុន្តែពេលនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី អះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងជំរុញការរៀបចំទារកដ្ឋានជាបណ្ដើរៗ ខណៈតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ គឺកំពុងរៀបចំជាបន្តបន្ទាប់បន្ថែមទៀត។

ការរៀបចំឱ្យមានទារកដ្ឋាននៅតាមបណ្ដារោងចក្រ-សហគ្រាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា បានជួយសម្រាលការលំបាកជាច្រើនដល់បុគ្គលិក ក៏ដូចជាកម្មការិនី ដែលជាម្ដាយមានកូនតូចៗ។ ក្នុងន័យនេះ សម្ដេចធិបតី ណែនាំឱ្យក្រសួងការងារ និងក្រសួងសុខាភិបាល ត្រូវបន្តកិច្ចសហការផ្ដល់បច្ចេកទេស និងសម្ភារៈ ដើម្បីបង្កើតឱ្យមានទារកដ្ឋាននៅតែបណ្ដារោងចក្រ-សហគ្រាសផ្សេងៗទៀតនៅកម្ពុជា។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងការងារ សហការជាមួយក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតចំពោះការងារទារកដ្ឋាន និងថែទាំសុខភាពដល់ទារក និងម្តាយនៅតាមរោងចក្រសហគ្រាសនានាផងដែរ។

មាត្រា១៨៦ នៃច្បាប់ស្តីពីការងារ បានចែងថា «នាយកសហគ្រាសទាំង​ឡាយ​ ដែលប្រើស្រ្តី ចាស់ក្តី ក្មេងក្តី ចំនួនយ៉ាងតិចមួយរយនាក់ ត្រូវរៀបចំបន្ទប់សម្រាប់​បំបៅកូនមួយក្នុងគ្រឹះស្ថាន ឬនៅជិតនោះ និងទារកដ្ឋានមួយផង។ ក្នុងករណី​​​សហគ្រាសពុំមានលទ្ធភាពរៀបចំទារកដ្ឋានសម្រាប់ទទួលកុមារអាយុលើសពី១៨ខែផ្ទាល់បានទេ នារីជាកម្មករនិយោជិតអាចផ្ញើកូនរបស់ខ្លួននៅទារកដ្ឋាន​ណា​មួយ ដោយនិយោជកជាអ្នកចេញសោហ៊ុយថែរក្សាទារកនោះ»។

ពាក់ព័ន្ធនឹងការបង្កើតទារកដ្ឋាននេះ កាលពីជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតកន្លងទៅ នៃដើមអាណត្តិរាជរដ្ឋាភិបាលទី៧ សម្តេច​ធិប​តី ហ៊ុន ម៉ាណែត បានណែនាំក្រសួងការងារ សហការ​ជា​មួយក្រសួងកិច្ចការនារី ក្រសួងអប់រំ តំណាងភាគីនិយោជក និង​តំណាងភាគីកម្មករនិយោជិត ដើម្បីសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យ​សហ​គមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីភាគីនិយោជក និងភាគីពាក់ព័ន្ធ។

ការរៀបចំនេះ ដើម្បីធានាដល់ការមើលថែទាំ ការអប់រំ និងការផ្តល់របបអាហារជូនដល់កូនៗរបស់កម្មករនិយោជិត ដែលបម្រើការងារនៅតាមរោងចក្រសហគ្រាសនានា។ អនុវត្តតាមគោលការណ៍នេះរបស់ប្រមុខរាជរដ្ឋាភិបាលដូច្នេះ បច្ចុប្បន្នក្រសួងការងារ បាននិងកំពុងចាប់ដៃជាមួយក្រសួង​អប់​រំ ក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់​លក្ខណៈ​វិនិ​ច្ឆ័យ​នៃការបង្កើតទារកដ្ឋាន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម