ព័ត៌មានជាតិ
ជនជាតិដើមភាគតិច ខេត្តរតនគិរី នាំគ្នាចូលព្រៃជ្រៅៗរើស«ផ្លែសំរង»មកលក់ ដោយអាចលក់បាន១គ.ក្រពី៦ម៉ឺន ទៅ៨ម៉ឺនរៀល
ជនជាតិដើមភាគតិចមួយចំនួននៅក្នុងខេត្តរតនគិរី នៅក្នុងរដូវកាលនេះ បាននាំគ្នាសម្រុកចូលព្រៃជ្រៅៗ ដើម្បីស្វែងរកបេះ និងរើសផ្លែសំរង យកមកលក់ឱ្យឈ្មួញ។ ពួកគាត់បានលក់ឱ្យឈ្មួញក្នុងតម្លៃពី៦ម៉ឺនរៀល ទៅ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ការលក់បានតម្លៃគួរសមបែបនេះ ដោយសារតែវាជាប្រភេទផ្លែឈើកម្រ ហើយដុះនៅក្នុងព្រៃតាមធម្មជាតិ និងផ្តល់សារៈប្រយោជន៍ល្អសុខភាពថែមទៀតផង។

ផ្លែសំរង (ភាសាគ្រឹងហៅថា អាចង) គឺជាប្រភេទផ្លែឈើមានរាងជាពងក្រពើ មានដុះស្លឹកជាប់ជាមួយផ្លែរាងវែង។ នៅពេលផ្លែខ្ចីមានពណ៌ខៀវ ហើយនៅពេលទុំល្អ ធ្លាក់ចុះមកដីវិលដូចកង្ហា មានពណ៌មាស ហើយប្រជាជនទូទៅតែងតែយល់ឃើញថា វាមានសារប្រយោជន៍ដល់សុខភាព។ ដើមរបស់វាខ្ពស់ស្រឡះ មានកម្ពស់ពី១៥ ទៅ ២៥ ម៉ែត្រ ដុះឡើងត្រង់ទៅលើ មិនមានច្រើនដូចដើមឈើដទៃឡើយ។ គេប្រទះឃើញដុះច្រើននៅលើភ្នំក្នុងព្រៃឈើជ្រៅៗអមទៅដោយដើមឈើតូច ធំ។ ដើមសំរង មានអាយុកាលចាប់ពី៥០ឆ្នាំ ទៅ១០០ឆ្នាំ ទើបចាប់ផ្តើមផ្លែ ហើយចន្លោះពី៥ ឆ្នាំ ទៅ ៧ឆ្នាំម្តង ទើបមានផ្លែច្រើនម្តង។ បើនិយាយពីផ្លែផ្កាវិញ រុក្ខជាតិប្រភេទនេះ មិនសូវមានផ្លែជាទៀងទាត់នោះទេ។

កាលពីឆ្នាំ២០២៤ និងនៅក្នុងឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់ខ្ពង់រាបភូមិភាគឦសានហាក់ត្រូវប៉ាន់ការប្រមូលផល ផ្លែសំរងដែលដុះនៅលើភ្នំខ្ពស់ៗ និងតាមជួរភ្នំអភិរក្សឧទ្យានជាតិវិរៈជ័យ។ ប្រជាជនដែលធ្លាប់ទៅបេះ និងរើសផ្លែសំរង បានត្រៀមសម្ភារៈដូចជា អង្រឹង ស្បៀងអាហារ តង់ ច្រកឆ្នាំងចាន ដើម្បីទៅបោះជំរុំនៅព្រៃសំរង។ ផ្លូវទៅកាន់ទីនោះ ប្រកបដោយគ្រោះថ្នាក់ ពីព្រោះត្រូវឆ្លងកាត់ជ្រលងភ្នំ ឡើងចុះភ្នំ ផ្លូវចូលទៅចង្អៀត ផ្លូវបត់បែន ឆ្លងអូរ។ ទោះបីជាដើមសំរងនៅឆ្ងាយពីផ្ទះរាប់សិបគីឡូម៉ែត្រក្តី ក៏ជនជាតិដើមភាគតិច សម្រុកទៅបេះ និងរើសផ្លែវាយកមកលក់បានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ។ ចាប់ពីមួយថ្ងៃទៅមួយថ្ងៃ មានមនុស្សច្រើនឡើងៗបានទៅរកប្រាក់ពីផ្លែសំរង ដែលជារឿងមិនងាយស្រួលឡើយ ដោយត្រូវដើរឆ្លងកាត់ពីភ្នំមួយទៅភ្នំមួយ ដោយថ្មើរជើង និងត្រូវកាន់សម្ភារៈដាក់ផ្លែសំរងស្ពាយនឹងខ្លួនថែមទៀត។
លោក ចាន់ លី ជាជនជាតិដើមភាគតិចព្រៅ នៅឃុំតាវែងលើ ស្រុកតាវែង បានឱ្យដឹងថា ឆ្នាំមុន លោករកប្រាក់បាន៥ ០០០ដុល្លារពីការលក់ផ្លែសំរងនេះ តែឆ្នាំនេះ មិនរំពឹងថាបានដូចឆ្នាំមុនឡើយ។ ជនជាតិដើមភាគតិច ចាប់ផ្ដើមដើររកបេះ និងរើសផ្លែសំរងនេះចន្លោះពីខែមីនា ទៅខែមេសា។ ទម្រាំតែបានផ្លែឈើនេះ១គីឡូទៅ២គីឡូ ជនជាតិដើមភាគតិច ត្រូវចូលទៅក្នុងព្រៃជ្រៅៗ រើសវាដែលជ្រុះនៅលើដីស្រាប់ ឬអង្រួនវាឱ្យធ្លាក់មកក្រោម ដើម្បីរើសវា។ អ្នកភូមិម្នាក់ៗអាចរើសវាបានចន្លោះពី១គីឡូទៅ៣គីឡូ ក្នុង១ថ្ងៃអាស្រ័យទៅតាមគោលដៅដែលខ្លួនទៅរើសនោះ។ រីឯតម្លៃវិញ នៅឆ្នាំ២០២៤ គឺឈ្មួញទិញ១គីឡូ តម្លៃ ៦០០០០ រៀល ចំណែកឯនៅដើមខែមីនា ឆ្នាំ២០២៥ នេះ ឈ្មួញទិញ១គីឡូ ចាប់ពី៨ ០០០០រៀល អាស្រ័យទៅលើប្រភេទផ្លែសំរងល្អ ឬមិនល្អ។ ការប្រមូលផលផ្លែឈើសំរងនេះ គឺចាប់ពីខែមីនា រហូតដល់ខែឧសភា ហើយពេលមានភ្លៀងធ្លាក់ ទើបគេរើសលែងបាន ដោយសារផ្លែសំរង ត្រូវទឹករីកខូចគុណភាព។

បើតាមសៀវភៅ ឱសថបុរាណសាស្ត្រ ជាច្រើន រុក្ខជាតិសំរងនេះ មានសារៈសំខាន់ដូចជា ប្រជាជនទូទៅ គេយកវាទៅត្រាំទឹកឱ្យរីកល្អ ធ្វើជាភេសជ្ជៈ និងធ្វើម្ហូបអាហារ។ ម៉្យាងវិញទៀត គេក៏អាចយកវាទៅកែច្នៃទៅជាឱសថព្យាយាមជំងឺផ្សេងៗបានផងដែរ។ សារប្រយោជន៍របស់ផ្លែសំរង គឺជួយដល់ការរំលាយអាហារ ជួយបំបាត់កន្ទួលរមាស់ ព្យាបាលរដូវមិនទៀង ជួយបំបាត់ការកើតមុន ឬ ជំងឺសើស្បែក និងសម្រកទម្ងន់ជាដើម។
ក្រៅពីតម្រូវការបរិភោគ និងជាតម្រូវការធ្វើជាឱសថ សំរង កម្រចេញផ្កាផ្លែណាស់ ទើបត្រូវបានគេចាត់ទុកជាប្រភេទរុក្ខជាតិមួយប្រភេទដែលពិបាករកផ្លែ ហើយត្រូវបានជាឈ្មួញ ឮទិញក្នុងតម្លៃខ្ពស់។ ដូច្នេះហើយ ផ្លែសំរង មានវិសាលភាពធំធេង៕






ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ