ព័ត៌មានជាតិ
ប្រតិកម្មការចោទថា អង្គរសង្ក្រាន្ត ធ្វើឡើងដើម្បីពង្វក់យុវជន សម្ដេចធិបតី ថា ជាការបំភាន់លើព្រឹត្តិការណ៍នេះ
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានប្រតិកម្មតបទៅកាន់ក្រុមបុគ្គលខ្លះ ដែលចោទថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំឡើងដើម្បីពង្វក់យុវជន។ សម្ដេចនាយករដ្ឋមន្ត្រី ថា ការចោទដូច្នេះ ជាចេតនាបំផុសបំផុលឱ្យមានការភាន់ច្រឡំលើការរៀបចំព្រឹត្តិការណ៍នេះ។

កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រកាសជាផ្លូវការនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដោយនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបលើទឹកដីអង្គរ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

តាមការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ឆ្នាំ២០២៥នេះ ជាឆ្នាំទី១២ហើយ ដែល ស.ស.យ.ក បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាការជំរុញនូវចលនាទាក់ទាញទេសចរជាតិ-អន្តរជាតិ មកខេត្តសៀមរាប។ ខណៈឆ្នាំនេះ គ្រោងនឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ពិសេសជាលើកទី១ ដែលមានការយាងរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីបួងសួងចម្រើនសេចក្តីសុខដល់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ។

ប៉ុន្តែការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានក្រុមបុគ្គលមាននិន្នាការប្រឆាំងខ្លះ បានរិះគន់ និងចោទប្រកាន់ថា ជាការខ្ជះខ្ជាយថវិកាជាតិ ដើម្បីតែលើកមុខមាត់រាជរដ្ឋាភិបាល ហើយបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឡើង គឺដើម្បីតែបន្លំកុំឱ្យយុវជនចាប់អារម្មណ៍បញ្ហាសង្គមទៅវិញ។
ប្រតិកម្មតបនឹងការចោទយ៉ាងដូច្នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ផ្ទុយពីការលើកឡើងរបស់ក្រុមបុគ្គលខ្លះ ដែលបំផុសបំផុលឱ្យប្រជាពលរដ្ឋភាន់ច្រឡំលើការរៀបចំព្រឹត្តិការណ៍នេះ។ សម្ដេចធិបតី ថ្លែងដូច្នេះថា«ការរៀបចំនេះ គឺដើម្បីបង្កើតព្រឹត្តិការណ៍ទេសចរណ៍ កាលមិនសូវមាន គេវាយតម្លៃថា រដ្ឋាភិបាលអត់មានគោលនយោបាយបង្កើតព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញ ឥលូវរៀបចំបែបនេះ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុមទាំងនោះថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏មិនមែនដើម្បីមុខមាត់ក្រុមគ្រួសាររបស់សម្ដេចដែរ ព្រោះថា ការរៀបចំ មិនបានដាក់រូបថតក្រុមគ្រួសាររបស់សម្ដេចឡើយ។ ការរៀបចំនេះ គឺកើតចេញពីសសៃឈាមនៃសមាជិក ស.ស.យ.ក ដែលបានរៀបចំឡើងអស់រយៈពេល ១២ឆ្នាំមកហើយ មិនមែនជាលើកទី១ទេ។
ភ្ជាប់ជាមួយនឹងការឆ្លើយតបខាងលើ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអះអាងពីការត្រៀមរបស់កម្ពុជា ដែលកំពុងរៀបចំឯកសារដាក់ «មហាសង្ក្រាន្តខ្មែរ» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ក៏ជាផ្នែកមួយនៃការជំរុញលើកិច្ចការងារនេះដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម