ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន លើកទឹកចិត្តដល់អ្នកនិពន្ធបង្កើនស្នាដៃជាភាសាខ្មែរឱ្យបានច្រើនដើម្បីជំរុញការអាននៅកម្ពុជា
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញការណែនាំ៦ចំណុច ក្នុងការលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់ អំណាន ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសអំណានកាន់តែច្រើនថែមទៀតដល់សិស្សានុសិស្ស និស្សិត និងយុវជន ក្នុងនោះ សម្តេចបានលើកទឹកចិត្តដល់អ្នកនិពន្ធគ្រប់រូប បន្ត និងបង្កើនការនិពន្ធ ការបោះពុម្ភស្នាដៃបន្ថែមទៀតឱ្យកាន់តែសម្បូរបែប ជាពិសេសការនិពន្ធជាភាសាខ្មែរ ដើម្បីជំរុញការអាននៅកម្ពុជាបន្ថែម។

ការលើកចិត្តរបស់សម្តេច ម៉ែន សំអន ធ្វើឡើងក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអានផ្សារភ្ចាប់អន្ដរជំនាន់មនុស្សក្នុងសង្គម» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ក្រៅពីណែនាំដល់អ្នកនិពន្ធបង្កើនការតែងនិពន្ធជាភាសាខ្មែរ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានលើកទឹកចិត្តដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សា ឯកសារឌីជីថល សម្រាប់សម្រួលដល់ការរកឯកសារ សៀវភៅសម្រាប់ការអាន។ ចំណែក ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តពង្រីកការអនុវត្តឧត្តមានុវត្តន៍នៃកម្មវិធីអំណាន ថ្នាក់ដំបូងនៅបឋមសិក្សា កម្មវិធីកុមាររៀនកុមារចេះ កម្មវិធីអក្ខរកម្មនៅតាមរោងចក្រ សហគ្រាស ពន្ធនាគារ ជាដើម។

សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំទៀតថា គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ សូមបន្ត និងខិតខំឱ្យអស់ លទ្ធភាពក្នុងការបង្កើតបណ្ណាល័យ ឬជ្រុងអំណាន ដើម្បីឱ្យសិស្សានុសិស្ស និស្សិត និងយុវជនគ្រប់រូបអាចទទួលបាន និងស្វែងរក ឯកសារ និងសៀវភៅ សម្រាប់ការអានបន្ថែម។ សម្រាប់សិស្ស និស្សិត និងយុវជនទាំងអស់ សម្តេចបានណែនាំឱ្យខិតខំ និងចំណាយពេលឱ្យបាន កាន់តែច្រើន ដើម្បីអានឯកសារ និងសៀវភៅ ទោះជាការអានម្នាក់ឯង ឬការអាន ជាក្រុមក្តី។ រីឯ មាតាបិតា អាណាព្យាបាល ក៏ត្រូវជួយជំរុញ និងបង្ក លក្ខណៈកាន់តែច្រើនថែមទៀត ជាពិសេសការលៃលកចំណាយនៅក្នុងគ្រួសារ សម្រាប់ការទិញសម្ភារសិក្សា សៀវភៅអាន និងឧបករណ៍សម្រាប់អំណានដទៃដល់ កូនៗ ដែលចាត់ទុកជាការវិនិយោគ មួយដ៏សំខាន់សម្រាប់បង្កើន ចំណេះដឹង និងដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគេ។
ក្នុងពិធីខាងលើ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា៖ “ការអានគឺជា ឧបករណ៍ដ៏មានអានុភាពដែលភ្ជាប់បុគ្គលម្នាក់ៗ ក៏ដូចជាពីជំនាន់ មួយទៅជំនាន់មួយ តាមរយៈការជំរុញការសន្ទនាអន្តរជំនាន់ និងការចែករំលែកបទពិសោធន៍។ ការលើកទឹកចិត្តដល់ទម្លាប់នៃការអាន ក្នុងចំណោមមនុស្សគ្រប់វ័យ គឺជាគន្លឹះក្នុងការអភិរក្ស បេតិកភណ្ឌវប្បធម៌ បង្កើនការយល់ចិត្ត និងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត”។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១០ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” ។ ចំពោះស្តង់សៀវភៅដែលចូលរួមពិព័រណ៍ក្នុងពិធីមានចំនួន ១០៨ស្តង់។ រីឯ ប្រធានបទឆ្នាំនេះវិញ អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា ធ្លាប់ឱ្យ កម្ពុជាថ្មី ដឹងថា ប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” ក្នុងកម្មវិធីពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១០ ក្នុងការបង្ហាញពីការជំរុញបន្តការអានសៀវភៅ និងដើម្បីបន្តនិរន្តរភាពអានសៀវភៅពីមនុស្សមួយជំនាន់ ទៅមួយជំនាន់ទៀត៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់