Connect with us

ព័ត៌មានជាតិ

កម្ពុជា និងស្ថាប័នក្នុងឧស្សាហកម្មគ្រឿងស្រវឹងអន្តរជាតិ រួមគ្នាដាក់ចេញយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

បានផុស

នៅ

សម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) និងស្ថាប័នដៃគូមកពីប្រទេសចំនួន ១២ រួមទាំងប្រទេសកម្ពុជាផងដែរ បានចាប់ផ្តើមដាក់ចេញយុទ្ធនាការ «Moderation Week» ឬសប្ដាហ៍ទទួលទានកម្រិតមធ្យម ជាលើកដំបូងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកតំណាងប្រមាណជា ១៨ រូបមកពីស្ថាប័នពាណិជ្ជកម្មគ្រឿងស្រវឹងចម្រុះ និងក្រុមហ៊ុនផលិតគ្រឿងស្រវឹងផ្សេងៗ រួមទាំងស្រា ស្រា​​ទំពាំងបាយជូរ និងស្រាបៀរ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ការ​ពិសាដោយការទទួលខុសត្រូវនៅក្នុងតំបន់។

ការដាក់ចេញយុទ្ធនាការរួមគ្នានេះ បានសម្រេចឡើងនៅក្នុងកិច្ចប្រជុំ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥។កិច្ចសហការថ្មីនេះ នឹងធ្វើការផ្សព្វផ្សាយតាមរយៈភស្ដុតាងជាក់ស្ដែង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ តាមរយៈការចេញផ្សាយពីរបាយការណ៍ថ្មី របាយការណ៍សង្ខេប និងគេហទំព័រអប់រំ ដើម្បីលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន(APISWA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការនេះមានគំនិតផ្តួចផ្តើមសកម្មភាពអប់រំជាច្រើន ដើម្បីដោះស្រាយបញ្ហានៃផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ និងលើកកម្ពស់ការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះក៏មានការដាក់ដំណើរការគេហទំព័រថ្មីដើម្បីស្វែងយល់បន្ថែមពីប្រធានបទនេះផងដែរ www.responsibledrinkingapac.org

យុទ្ធនាការនេះ បានធ្វើឡើងខណៈដែលកម្ពុជា រួមនឹងបណ្តាប្រទេសមួយចំនួនកំពុងប្រឈមមុខនឹងបញ្ហាសុខភាពសាធារណៈ និងកំពុងក្លាយជាបន្ទុកនៅក្នុងសង្គមដោយសារតែផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ ស្របពេលដែលច្បាប់គ្រប់គ្រងនៅមានកម្រិត និងការយល់ខុសលើការទទួលទានគ្រឿងស្រវឹងដោយសារតែពុំទាន់មានគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការទទួលទានគ្រឿងស្រ និងនិយមន័យច្បាស់លាស់លើ «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង»។

យោងតាមការសិក្សា ផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ ជាពិសេសការប្រើប្រាស់ច្រើនហួសកម្រឹត បានកើនឡើងទ្វេដងគិតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។ ក្នុងនោះ មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៤ នាក់ និងប្រមាណពាក់កណ្តាល នៃអ្នកពិសាគ្រឿងស្រវឹងសរុប បានទទួលទានរហូតដល់ស្រវឹង។ ប្រទេសកម្ពុជាពុំទាន់មានច្បាប់កំណត់អាយុទិញគ្រឿងស្រវឹង (Legal Purchase Age) នៅឡើយ ហើយស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលពុំទាន់បានដាក់ចេញច្បាប់នេះ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ APISWA និងដៃគូរបស់ខ្លួននឹងប្រើប្រាស់យុទ្ធនាការ «Moderation Week» ដើម្បីចែករំលែក និងផ្តល់ការណែនាំព័ត៌មានបែបវិទ្យាសាស្រ្តស្តីពីការទទួលទានគ្រឿងស្រវឹង គោលការណ៍ថ្នាក់ជាតិស្តីពីការពិសាគ្រឿងស្រវឹង និងកំណត់និយមន័យឱ្យបានច្បាស់លាស់ទៅលើពាក្យ «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង» ដើម្បីជួយពលរដ្ឋកម្ពុជាសម្រេចចិត្តក្នុងការពិសាគ្រឿងស្រវឹង។ របាយការណ៍ស្ដីពី «វិថីទៅកាន់ឆ្នាំ ២០៣០៖ កិច្ចសហប្រតិបត្តិការណ៍ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹង»ក៏បានដាក់ចេញផ្សាយផងដែរ ដោយបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅកាន់គោលដៅរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងចំនួន ២០% នៅត្រឹមឆ្នាំ ២០៣០ និងគូសបញ្ជាក់អំពីចំណុចដែលត្រូវពង្រឹងបន្ថែមទៀត។

លោក Tim Wallwork ប្រធាន​ នៃសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) បានលើកឡើងថា ផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់នៅតែជាបញ្ហាប្រឈមនៅក្នុងសុខភាពសាធារណៈ ហើយក្រុមហ៊ុន និងស្ថាប័ននៅក្នុងវិស័យនេះមានតួនាទីសំខាន់ណាស់ក្នុងការសហការជាដៃគូរួមគ្នាកាត់បន្ថយបញ្ហានេះ។ លោកបន្តថា៖«យុទ្ធនាការ «Moderation Week» ឬសប្ដាហ៍ទទួលទានកម្រិតមធ្យម គឺជាសក្ខីភាពមួយនៃភាពជាដៃគូ ក្នុងការប្រមូលផ្តុំគ្រប់ភាគីពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីការផ្លាស់ប្តូរប្រកបដោយវិជ្ជមាន។ យើងនឹងអាចលើកកម្ពស់វប្បធម៌នៃការទទួលទានកម្រិតមធ្យម (Drinking in Moderation) ផ្តល់សិទ្ធិអំណាចដល់អ្នកទទួលទានក្នុងការសម្រេចចិត្តបានត្រឹមត្រូវប្រកបដោយការយល់ដឹង និងឈានឆ្ពោះទៅរកគោលដៅរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងឱ្យបាន ២០% នៅត្រឹមឆ្នាំ ២០៣០»៕

នៅសប្តាហ៍នេះ យុទ្ធនាការនៅលើបណ្ដាញសង្គមថ្មីមួយទៀតដែលមានឈ្មោះថា «ល្មមៗក៏សប្បាយ» ឬ Too Much of a Good Thing ក៏នឹងចាប់ផ្តើមដំណើរការផងដែរ ដោយមានអ្នកបង្កើតមាតិកាល្បីៗចូលរួមផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះ នឹងចេញជាវីដេអូខ្លីៗដើម្បីលើកទឹកចិត្តដល់ការសម្រេចចិត្តក្នុងការពិសាគ្រឿងស្រវឹងជាផ្នែកមួយនៃតុល្យភាពនៅក្នុង។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ គេហទំព័រ www.responsibledrinkingapac.org និងទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Responsible Drinking APAC» ឬការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ អាស៊ីប៉ាស៊ីហ្វិក នឹងផ្តល់ការយល់ដឹងតាមបែបវិទ្យាសាស្ត្រអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងដល់សុខភាព កម្រិតស្តង់ដារនៃគ្រឿងស្រវឹង និងការណែនាំសម្រាប់ការពិសាប្រកបដោយការទទួលខុសត្រូវ។ គេហទំព័រនេះក៏មានផ្តល់នូវការវាយតម្លៃផ្ទាល់ខ្លួនជុំវិញឥរិយាបថការទទួលទានគ្រៀងស្រវឹង គោលការណ៍ណែនាំតាមប្រទេសនីមួយៗ និងការណែនាំបុគ្គលម្នាក់ៗឱ្យស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញនៅពេលចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម