Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ ផ្លាកយីហោ រំលោភលើផ្លូវ ចិញ្ចើមផ្លូវ រុះរើចេញឱ្យអស់

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០២៥ រដ្ឋបាល​ខណ្ឌ​កំបូល លោក ទ្រី ណារ៉េត អភិបាល​រង​ខណ្ឌ​កំបូល បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ធ្វើការ​រៀបចំ​សណ្ដាប់ធ្នាប់ បាញ់​គំនូស និង​ជូនដំណឹង​ដល់​អាជីវករ​លក់ដូរ​ដែល​ដាក់​តាំង​លក់​របស់របរ ផ្លាក​យីហោ រំលោភ​លើ​ផ្លូវ ចិញ្ចើម​ផ្លូវ ឱ្យ​រុះរើ​ចេញ​ឱ្យ​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទ្រី ណារ៉េត អភិបាលរង​ដឹកនាំ​ការងារ​សាធារណការ​ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​ការ​ណែនាំ​ពី លោក ឃឹម ស៊ុនសូដា អភិបាល​ខណ្ឌ បាន​ចាត់​រូបលោក​ដឹកនាំ​មន្ត្រី​ការិយាល័យ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ អាជ្ញាធរ​សង្កាត់​ចូលរួម ចុះ​ចែក​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​កំបូល​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ចូល​រោងចក្រ​យ៉ាក​ជីន ចាប់ពី​ផ្លូវជាតិ​លេខ ៤ ដាក់​តាំង​លក់ទំនិញ​គ្រប់​ប្រភេទ ស្លាក​យីហោ ដែល​រំលោភ​លើ​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ ឱ្យ​ចូល​រួម​សហការ​រុះរើ​ចេញ ដើម្បី​រក្សា​ចំណី​ផ្លូវ ចិញ្ចើម​ផ្លូវ ទូលាយ កាត់បន្ថយ​ការ​កកស្ទះ ងាយស្រួល​ក្នុង​ការ​ឈប់​ម៉ូតូ​ឡាន​ចូល​ទិញ​ទំនិញ​គ្រប់​ប្រភេទ​របស់​អាជីវករ​ដែល​ប្រកប​អាជីវកម្ម​នៅ​បណ្តោយ​ផ្លូវ​បេតុង​មួយ​នេះ។

ជាមួយគ្នា​នោះ ក្រុមការងារ បាន​បាញ់​គំនូស​ក្រហម​ដើម្បី​កំណត់​ការ​ដាក់​តាំង​ទំនិញ​លក់ដូរ​របស់​អាជីវករ ដោយ​កំណត់​យក ២ ម៉ែត្រ​កន្លះ ពី​ចំណី​ផ្លូវ​បេតុង។ ក្នុង​ករណី​មិន​អនុវត្ត​តាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​ខាង​លើ​នេះ​ទេ រដ្ឋបាល​ខណ្ឌ​កំបូល នឹង​ចាត់វិធានការ​រដ្ឋបាល​ចុះ​រុះរើ និង​ដកហូត​សម្ភារៈ និង​ទំនិញ​ផ្សេងៗ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ ដែល​មាន​នៅ​ទីតាំង​នោះ​ឡើយ។ ករណី​មាន​ការ​រារាំង​ចំពោះ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់។

ក្រុម​អាជីវករ​លក់ដូរ​ទីនោះ បាន​អរគុណ​ដល់​អាជ្ញាធរ​ដែល​បាន​គិតគូរ​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​បែបនេះ ហើយ​រីករាយ និង​ចូលរួម​សហការ ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​នូវ​សោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ដែល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ប្រជាពលរដ្ឋ។

រដ្ឋបាល​ខណ្ឌ​កំបូល សង្ឃឹម និង​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​របស់​អាជីវករ និង​ម្ចាស់​ទីតាំង​ទាំងអស់ នឹង​ចូលរួម​សហការ​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីជូនដំណឹង​នេះ​ប្រកប​ដោយ​ស្មារតី ទទួល​ខុសត្រូវ​ខ្ពស់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម