Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងបង្កើតស្ថាប័នកេរដំណែលសាលាក្ដីខ្មែរក្រហម ដើម្បីលើកកម្ពស់យុត្តិសាស្រ្តដ៏មានតម្លៃរបស់សាលាក្ដីកូនកាត់នេះ

បានផុស

នៅ

ក្រោយដំណើរការកាត់ក្ដីមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យកម្ពុជា ក្នុងរយៈពេល១៦ឆ្នាំកន្លងមក ត្រូវបានបិទបញ្ចប់ កម្ពុជានឹងបង្កើតស្ថាប័នមួយដើម្បីគ្រប់គ្រង និងថែរក្សាកេរដំណែលរបស់សាលាក្ដីខ្មែរក្រហម ក្នុងគោលដៅលើកកម្ពស់យុត្តិសាស្រ្តដ៏មានតម្លៃរបស់សាលាក្ដីកូនកាត់មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបង្កើស្ថាប័នកេរដំណែលនេះ បានបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំលើកទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬ សាធាណជនស្គាល់ថា សាលាក្ដីខ្មែរក្រហម ក្រោមវត្តមានដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក។

កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី អង្គប្រជុំ បានពិភាក្សា និងឯកភាពលើខ្លឹមសាររួមស្តីពីសេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក នាពេលអនាគត។ ស្ថាប័នកេរដំណែល ដែលគ្រោងបង្កើតនេះ គឺមានគោលដៅគ្រប់គ្រង និងថែរក្សាបណ្ណសារ ព្រមទាំងបង្កើតឡើងនូវសារៈមន្ទីរស្តីពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត។ បន្ថែមពីនេះ គឺដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលនិងជំរុញឱ្យមានការស្រាវជ្រាវទៅលើសមិទ្ធផល បទពិសោធ និងយុត្តិសាស្រ្តដ៏មានតម្លៃរបស់ អ.វ.ត.ក ក៏ដូចជាលើកកម្ពស់ការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់យុវជនជំនាន់ក្រោយ និងសាធារណជនក្នុងការទប់ស្កាត់អំពើសាហាវឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា ទាំងថ្នាក់តំបន់ និងអន្តរជាតិ។

ការកសាងភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់គុណតម្លៃសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការផ្សះផ្សារជាតិ ក៏ជាគោលបំណងមួយដ៏សំខាន់នៃការបង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក ផងដែរ។

ទាក់ទងនឹងការបង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក នាពេលអនាគត ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ស្ថាប័នកេរដំណែលនេះ គឺជាស្ថាប័នជាតិដែលមានភាពជាម្ចាស់ និងក៏មានលក្ខណៈបើកទូលាយដែរដល់អង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធចូលរួមសហប្រតិបត្តិការ ជាពិសេសទាក់ទងទៅនឹងការលើកកម្ពស់កេរដំណែលរបស់ អ.វ.ត.ក ការអប់រំ ផ្សព្វផ្សាយ ការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិ ក៏ដូចជាការគាំទ្រដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាការលើកស្ទួយនៃវប្បធម៌សន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ ជាសកល ដែលជាគុណតម្លៃស្នូលរបស់កម្ពុជានាពេលបច្ចុប្បន្ន។

ភ្ជាប់គ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យរៀបចំទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា ២០២៥ខាងមុខ ឱ្យបានអធិកអធម ដើម្បីបន្តអនុវត្តការងារផ្សព្វផ្សាយអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក ឱ្យកាន់តែទូលំទូលាយ ដែលជាចំណែកមួយចូលរួមទប់ស្កាត់អំពើឃោរឃៅបែបនេះកុំឱ្យកើតឡើងសាជាថ្មីនៅកម្ពុជា។

ជាការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត ក៏បានរំលឹកដល់គុណឧបក្ការៈរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតឱ្យមាន អ.វ.ត.ក ដែលតុលាការកូនកាត់គំរូមួយ។ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ក៏លើកឡើងអំពីទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលផ្តល់សារៈសំខាន់ដល់ការងារកេរដំណែលរបស់សម្តេចតេជោ ក្នុងគោលដៅពង្រឹងថែរក្សាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។

គួរជម្រាបថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្ដីខ្មែរក្រហម គឺត្រូវបានបង្កើតឡើងក្រោម
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មនានា ដែលបានកើតឡើងចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ពោលគឺក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។

កំឡុងពេលដំណើរការកាត់ក្តីរយៈពេល១៦ឆ្នាំ ពីឆ្នាំ២០០៦ ដល់២០២២ និងទាំងដំណើរការអនុវត្តមុខងារសេសសល់សម្រាប់ឆ្នាំ២០២៣-២០២៤ អ.វ.ត.ក បានបន្សល់ទុកកេរដំណែលដ៏សំខាន់ និងបានជួយប្រជាជនកម្ពុជាស្វែងរកយុត្តិធម៌ ហើយជាពិសេសមានគុណតម្លៃខ្ពស់ក្នុងការពង្រឹងសន្តិភាព និងការផ្សះផ្សារជាតិ តាមរយៈអប់រំផ្សព្វផ្សាយអំពីសច្ចភាពប្រវត្តិសាស្រ្ត ក្នុងន័យយល់ដឹង ចងចាំ និងបង្ការការវិលត្រលប់មកវិញនូវអំពើសាហាវយង់ឃ្នង និងប្រល័យពូជសាសន៍នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ វិនាទី មុន

កម្ពុជានឹងបង្កើតស្ថាប័នកេរដំណែលសាលាក្ដីខ្មែរក្រហម ដើម្បីលើកកម្ពស់យុត្តិសាស្រ្តដ៏មានតម្លៃរបស់សាលាក្ដីកូនកាត់នេះ

red rose
ជីវិតកម្សាន្ដ៦ នាទីutes មុន

គ្រាន់តែរឿងសុំបើកលុយ! តារាសម្តែង រ៉េត រ៉ូស ត្រូវរងការស្តីបន្ទោសថា ជាន់ពន្លិចម្ចាស់ផលិតកម្ម

កីឡា១២ នាទីutes មុន

កីឡាយុវជនអាស៊ីនៅបារ៉ែន នឹងមានការប្រកួតប្រណាំងសត្វ​អូដ្ឋ

ព័ត៌មានជាតិ១៤ នាទីutes មុន

សហគ្រាស​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី ទទួលស្គាល់​ផលិត​កាហ្វេ​មានគុណភាព ​​លក់ចែកចាយ​​លើ​ទីផ្សារ

ព័ត៌មានជាតិ១៩ នាទីutes មុន

អាជ្ញាធរ ៖ខេត្ត​ព្រះសីហនុកំពុងទទួលបាន​កំណើនខ្ពស់នៃការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម