Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ ស្ថាបនាប្រព័ន្ធលូបង្ហូររំដោះទឹក ១ ខ្សែ ជូនពលរដ្ឋជិត ៨០ គ្រួសារ រងផលប៉ះពាល់កន្លងមក

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក ១ ខ្សែ ជូន​ប្រជាពលរដ្ឋ​ចំនួន ៧៨ គ្រួសារ ដែល​រង​ផល​ប៉ះពាល់​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៥ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង លោក ប៊ុត បូវណ្ណារ័ត្ន អភិបាល​រង​ខណ្ឌ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សីកែវ ដែល​ទីតាំង​នេះ​ជួប​បញ្ហា​ប្រព័ន្ធ​លូ​បង្ហូរ​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​តំបន់​ទាប និង​ប្រព័ន្ធ​បង្ហូរ​មួយ​ចំនួន​រង​ការ​ខូចខាត។

លោក ឡេង ចាន់​វិសិដ្ឋ ប្រធាន​ការិយាល័យ ហិរញ្ញវត្ថុ និង​ផែនការ អភិវឌ្ឍន៍​ខណ្ឌ ប្រាប់​កម្ពុជា​ថ្មី​ឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បាន​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​រំដោះ​ទឹក​នេះ ដោយ​ត្រូវ​ដាក់​ប្រព័ន្ធ​លូ ០១ ខ្សែ ក្នុង​របង​រោងចក្រ ឆ្លងកាត់​ពី​ច្រក​ផ្លូវលំ រហូត​ទីតាំង​ភ្ជាប់​អណ្តូង​លូ ផ្លូវ​លេខ ៩០០ ក្រុម​ទី ៦ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី ១ (​ជា​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​) ដើម្បី​រំដោះ​ទឹក​លិច​ផ្លូវ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ក្នុង​ក្រុម​ទី ៦ ភូមិ​ចុង​ខ្សាច់ ចំនួន ៧៨ គ្រួសារ ដោយ​វាស់វែង​ទំហំ គម្លាត​ពី​របង ជម្រៅ​តាម​កូដ​ណេ​វ៉ូ​ត្រឹមត្រូវ ដែល​មាន​ប្រវែង​សរុប ២៣០ ម៉ែត្រ និង​មាន​ទំហំ​មុខកាត់ ៨ តឹក។

គួរ​ជម្រាប​ថា ទីតាំង​ជួប​បញ្ហា​ប្រព័ន្ធ​លូ​បង្ហូរ​ជាច្រើន​ឆ្នាំ​ខាង​លើ​នេះ ជា​តំបន់​ទាប មាន​រោងចក្រ​ជាប់​គ្នា ពីមុន​ជា​ដី​ទំនេរ ដែល​បច្ចុប្បន្ន​គេ​ទិញ​មក​អភិវឌ្ឍន៍​ធ្វើ​រោងចក្រ។ ចំពោះ​ប្រព័ន្ធ​លូ​ដែល​នៅ​ពី​ខាង​ក្រោម​គឺ​ទាប ដូច្នេះ​ខាង​រោងចក្រ​បាន​រៀប​ប្រព័ន្ធ​លូ​ថ្មី​នៅ​ក្នុង​ផ្ទៃ​រោងចក្រ ទើប​ទឹក​ហូរ​ចេញពី​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៨០ គ្រួសារ បូក​បន្ថែម​ទឹក​ហូរ​តាម​ទំនប់​ផ្លូវ ៧០ ពី​រង្វង់​មូល​កួច​កាណុង ចុះ​ទៅតាម​តំបន់​ខាងលើ ធ្វើ​ឱ្យ​បរិមាណ​ច្រើន​ទឹក​ហូរ​មិនទាន់។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ៤ ខែ​មករា ឆ្នាំ ២០២៥ កន្លងទៅ អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរ​សុខ​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជិត ៨០ គ្រួសារ ដែល​កំពុង​រង​ផល​ប៉ះពាល់​នោះ ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម