Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌបឹងកេងកង ស្នើពលរដ្ឋយោគយល់លើការយឺតយ៉ាវជួសជុលផ្លូវ ៩៥

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង ស្នើសុំ​ប្រជាពលរដ្ឋ​ជួយ​យោគយល់​លើ​ការ​យឺតយ៉ាវ​ជួសជុល​ផ្លូវ​ខូចខាត​ជាច្រើន​កន្លែង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​ក្នុង​រដូវភ្លៀង​ធ្លាក់ ដោយសារ​តែ​មន្ត្រី​ជំនាញ​កំពុង​សម្រុក​ពង្រីក​ប្រព័ន្ធ​លូ ១០៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ចាប់ពី​ចំណុច​ផ្លូវ​លេខ ៩៥ ចាប់ពី​ចំណុច​ផ្លូវ​លេខ ៣៦០ ដល់​មហាវិថី​ម៉ៅ​សេទុង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង ៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

អ្នក​ស្រី ណាវីន ជា​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​មួយ​ខ្សែ​នេះ បាន​ឲ្យ​ដឹង​ថា ចំណុច​ផ្លូវ​នេះ​ខូច​ជា​យូរ​ណាស់​មក​ហើយ តែ​មិន​ដែល​ឃើញ​ខាង​អាជ្ញាធរ​មក​ជួសជុល ឬ ស្ថាបនា​ទាល់តែសោះ ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ជា​ខ្លាំង​ពេល​ធ្វើ​ដំណើរ ពិសេស​ពេល​មាន​ភ្លៀង និង​ទឹក​ដក់​នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តងៗ គឺ​ទឹក​ក្នុង​ជង្ហុក អ្នកដំណើរ​មើល​មិន​ឃើញ ជិះ​ធ្លាក់​ជង្ហុក​ដួល​ម្តងៗ ទៅ​ហើយ។

ដោយឡែក លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា លោក​បាន​លើក​គម្រោង​អភិវឌ្ឍន៍​ផ្លូវ ៩៥ នេះ រួចហើយ ប៉ុន្តែ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការ​សម្រុក​ពង្រីក​ប្រព័ន្ធ​លូ​នៅ​លើ​ផ្លូវ ១០៥ ជាមុន​សិន ដើម្បី​ឲ្យ​ហើយ​មុន​រដូវវស្សា​ដែល​កៀក​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ។ បើ​សិន​ជា​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ពង្រីក​លូ ១០៥ នោះ ប្រាកដ​ជា​មាន​ការ​ជន់​លិច​ជាក់​ជា​ពុំខាន។

លោក​អភិបាល​ខណ្ឌ បាន​បញ្ជាក់​ថា អាជ្ញាធរ​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្លូវ​លេខ ៩៥ សូម​មេត្តា​យោគយល់​ចំពោះ​បញ្ហា​នេះ ដែល​ករណី​ចំណុច​ផ្លូវ​ជង្ហុក​ខូចខាត​នេះ​ដែរ ខាង​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង នឹង​ដាក់​កម្លាំង​ចុះ​ទៅ​ជួសជុល​ជង្ហុក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំពោះ​ផ្លូវ​ខូចខាត​ផ្សេងទៀត​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង គឺ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គម្រោង​ជួសជុល​រួច​អស់ហើយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម