Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ណែនាំគ្រប់មូលដ្ឋានសុខាភិបាល ត្រូវផ្តល់សេវាដល់ពលរដ្ឋឱ្យបានល្អ និងមិនរើសអើង

បានផុស

នៅ

លោក  ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់គ្រប់មូលដ្ឋានសុខាភិបាលត្រូវយកចិត្តទុកដាក់ផ្តល់សេវាដល់ពលរដ្ឋគ្រប់រូបឱ្យបានល្អ មិនមានការរើសអើង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបម្រើសេវា២៤ម៉ោង រៀងរាល់ថ្ងៃ ដើម្បីធានានូវគុណតម្លៃ នៃការអនុវត្តមូលនិធិសមធម៌ដែលជាអាទិភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំបែបនេះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសលោកចូលរួមក្នុងពិធី «ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ដើម្បី បញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃ ការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ ដើម្បីឱ្យយុទ្ធនាខាងលើទទួលបានជោគជ័យ លោក ឈាង រ៉ា បានណែនាំឱ្យដូចជា ទី១.គ្រប់មូលដ្ឋានសុខាភិបាលត្រូវយកចិត្តទុកដាក់ផ្តល់សេវាដល់ពលរដ្ឋគ្រប់រូបឱ្យបានល្អ មិនមានការរើសអើង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបម្រើសេវា២៤ម៉ោង។  ទី២ មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រុមគោលដៅ អំពីមូលនិធិសមធម៌សុខាភិបាល ចូលរួមកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលរារាំងដល់ប្រជាពលរដ្ឋ ដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល តែមិនអាចទទួលបានសេវា។  ទី៣. រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំផ្លាស់ប្តូរឥរិយាបថ អំពីការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព ព្រមទាំងចូលរួមតាមដាននូវបញ្ហាប្រឈមដែលគ្រួសារក្រីក្រ មិនទទួលបានបណ្ណ ឬមានបណ្ណតែមិនមកទទួលសេវា។

ចំណុចទី៤ លោកផ្តាំ ឱ្យមានការបិទតាំង និងចែកចាយសារអប់រំគ្រប់មធ្យោបាយរួមទាំងបណ្តាញគេហទំព័រ បញ្ជ្រាបសារអប់រំពីមូលនិធិសមធម៌សុខាភិបាល នៅក្នុងរបៀបវារៈក្នុងការប្រជុំនានា និងចាត់ទុកការងារនេះជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងៗទៀត។ ចំណែកទី៥. តាមដានការប្រើប្រាស់សេវាសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។

សូមជម្រាបថា មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយ មិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។ បន្ថែមពីនេះ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ នេះបើតាមក្រសួងសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម