ព័ត៌មានជាតិ
ទូតហ្វាំងឡង់ សន្យានឹងខំកៀរគរវិនិយោគិនរបស់ខ្លួនមកបណ្ដាក់ទុននៅកម្ពុជា
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស សន្យានៅចំពោះសមាជិកសភាកម្ពុជា ថា នឹងខិតខំកៀរគរវិនិយោគិនរបស់ហ្វាំងឡង់ឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។ ការសន្យារបស់ឯកអគ្គរដ្ឋទូតហ្វាំងឡង់ បានធ្វើឡើងក្នុងពេលចូលជួបពិភាក្សាការងារជាមួយលោក ជា សុផារ៉ា សមាជិករដ្ឋសភា តំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងលោក ស៊ុយ សែម សមាជិករដ្ឋសភា តំណាងរាស្ត្រខេត្តពោធិ៍សាត់។

លោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសម្ដែងការអបអរសាទរចំពោះការអភិវឌ្ឍដ៏រីកចម្រើនរបស់កម្ពុជា និងបានគូសរំលេចពីភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ហ្វាំងឡង់។ លោកស្រី បានបញ្ជាក់ថា ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ គឺបានវិវត្តយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៥ទស្សវត្សកន្លងមក លើវិស័យសំខាន់មួយចំនួន។

តាមការបញ្ជាក់បន្ថែមរបស់លោកស្រី ឯកអគ្គរដ្ឋទូត ក្នុងបេសកកម្មការទូតនេះ នឹងផ្ដោតទៅលើវិស័យអាទិភាព ២បន្ថែមទៀត ដែលប្រទេសកម្ពុជា និងហ្វាំងឡង់ នឹងត្រូវពង្រឹង គឺកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារបដិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចវិលជុំ។ បេសកម្មសំខាន់ៗផ្សេងទៀត ក៏មានពាក់ព័ន្ធនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើការលើកកម្ពស់គណនេយ្យភាព ហិរញ្ញវត្ថុសាធារណៈ និងពាក់ព័ន្ធក្រសួងបរិស្ថាន លើការងារប្រមូល និងការគ្រប់គ្រងសំរាម ជាដើម។
នៅចំពោះមុខសមាជិករដ្ឋសភារបស់កម្ពុជា ឯកអគ្គរដ្ឋទូតហ្វាំងឡង់រូបនេះ បានបង្ហាញការប្ដេជ្ញាចិត្ត នឹងជួយជំរុញភ្ញៀវទេសចរ និងអ្នកវិនិយោគហ្វាំងឡង់មកកម្ពុជាបន្ថែមទៀតជាមួយនឹងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការជួយអភិវឌ្ឍវិស័យធនធានមនុស្សរបស់កម្ពុជាផងដែរ។

ជំនួបនៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោក ជា សុផារ៉ា ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អង់គ្លេស បានថ្លែងអបអរសាទរលោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា ហើយតាមរយៈលោកស្រី ឯកអគ្គរដ្ឋទូត លោក ជា សុផារ៉ា ក៏បានអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលហ្វាំងឡង់ដែលជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាកន្លងមក លើវិស័យដូចជា កសិកម្ម សកម្មភាពកំចាត់មីន ការប្រឆាំង និងការជួញដូរមនុស្ស ការចុះបញ្ជីដីធ្លី ប្រព័ន្ធគ្រប់គ្រងភូមិបាល ការកែលំអរផ្លូវជនបទ ក៏ដូចជាជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

លោក ជា សុផារ៉ា បានប្រាប់លោកស្រីរដ្ឋទូត ពីជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍលើវិស័យធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាការចាប់អារម្មណ៍ ក្នុងជំនួបនោះ លោក ជា សុផារ៉ា ក៏បានបញ្ជាក់ពីនយោបាយការបរទេសរបស់កម្ពុជា គឺប្រកាន់ខ្ជាប់នូវឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ លោក ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ហើយសម្លេងឆ្នោតមួយសន្លឹករបស់កម្ពុជាក្នុងការគាំទ្រប្រឆាំងនឹងសង្គ្រាមរបស់រុស្សីទៅលើអ៊ុយក្រែន គឺជាសក្ខីភាពនៃការពង្រឹងច្បាប់អន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?