ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មានកត្តា ៤ យ៉ាង ជាឧបសគ្គមិនអាចផ្លាស់ប្ដូររថយន្តដឹកកម្មករ ពីប្រភេទដឹកទំនិញទៅប្រភេទដឹកអ្នកដំណើរ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា មានកត្តាចំនួន ៤ ជាឧបសគ្គមិនអាចឱ្យម្ចាស់រថយន្តដឹកកម្មករ-និយោជិតអាចផ្លាស់ប្តូរប្រភេទរថយន្តដឹកទំនិញទៅរថយន្តដឹកអ្នកដំណើរបាន ដែលបញ្ហានេះជាផ្នែកមួយធ្វើឱ្យកម្មករ-និយោជិតត្រូវប្រឈមខ្ពស់ពេលធ្វើដំណើរទៅមកកន្លែងធ្វើការ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៤ មីនា នេះថា កត្តា ៤ យ៉ាង ជាឧបសគ្គមិនអាចផ្លាស់ប្ដូររថយន្តដឹកកម្មករពីប្រភេទដឹកទំនិញទៅប្រភេទដឹកអ្នកដំណើរ ក្នុងនោះ ទី១.រថយន្តប្រភេទដឹកអ្នកដំណើរមានតម្លៃថ្លៃ ស៊ីប្រេងច្រើន និងត្រូវជួសជុលថែទាំញឹកញាប់ជាងរថយន្តប្រភេទដឹកទំនិញ និងមិនអាចចូលដល់ក្នុងភូមិបាន ព្រោះស្ថានភាពផ្លូវតូចចង្អៀត។ ទី២.អ្នកបើកបរមួយចំនួនធំកំពុងជាប់បំណុលជាមួយធនាគារ។ ទី៣.ការផ្ទុកកម្មករលើរថយន្តបានចំនួនតិចជាងមុន ហើយបើដំឡើងថ្លៃធ្វើដំណើរវានឹងប៉ះពាល់ដល់កម្មករ និង ទី៤.រោងចក្រ សហគ្រាស គ្មានលទ្ធភាពបន្ថែមប្រាក់ធ្វើដំណើរជូនកម្មករ-និយោជិត។

យ៉ាងណាក៏ដោយយោងតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តការងារផ្លាស់ប្តូររថយន្តដឹកកម្មករពីប្រភេទដឹកទំនិញទៅប្រភេទដឹកអ្នកដំណើរនេះយ៉ាងយូរត្រឹមបំណាច់ឆ្នាំ ២០២៧។

លោកបានបញ្ជាក់ថា ត្រង់ចំណុចនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម ជាសេនាធិការ តាមរយៈក្រុមការងារ ស.ផ.ក បានសហការជាមួយអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) និងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានកំណត់ជា ៣ ដំណាក់ ដើម្បីជំរុញការផ្លាស់ប្តូរ ឬកែលម្អរថយន្តដឹកកម្មករឱ្យមានផាសុកភាព និងសុវត្ថិភាព ក្នុងនោះ ដំណាក់កាលទី ១ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរមកអង្គុយ ដោយរៀបចំឱ្យមានបន្ទះក្ដារ ឬរនូតដែក ឬឈើ មានការថយចុះចំនួនផ្ទុក ១៣% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ ២០២៥។ ដំណាក់កាលទី២ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរដោយកែលម្អឱ្យមានកៅអីអង្គុយ និងមានដំបូល ថយចុះចំនួនផ្ទុក ២៣% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ ២០២៦ និងដំណាក់កាលទី ៣ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករមករថយន្តប្រភេទដឹកអ្នកដំណើរ ឬដោយកែលម្អឱ្យមានកៅអីអង្គុយសមរម្យ និងមានដំបូល ថយចុះចំនួនផ្ទុក ៣៦% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានលើកឡើងរបាយការណ៍មកបញ្ជាក់ថា នៅឆ្នាំ ២០២៤ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្រង់ស្ថិតិរថយន្តដឹកកម្មករ បានសរុបចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះ រថយន្តប្រភេទដឹកទំនិញ មានចំនួន ១ ៩៦៣ គ្រឿង (រថយន្តបានកែលម្អឱ្យមានកៅអីអង្គុយមានចំនួន ២៦៧ គ្រឿង) និងរថយន្តប្រភេទដឹកអ្នកដំណើរស្របតាមលក្ខណៈបច្ចេកទេសមានចំនួន ១ ៣៦៩ គ្រឿង។
លោកបានបន្តទៀតថា ជាមួយគ្នានេះ ក្រុមការងារ ស.ផ.ក នៃ ប.ស.ស. បាននិងកំពុងសហការជាមួយអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីចុះស្រង់ស្ថិតិអ្នកបើកបររថយន្តដឹកកម្មករសម្រាប់ឆ្នាំ ២០២៥ នេះផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ