Connect with us

ព័ត៌មានជាតិ

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

បានផុស

នៅ

សហភាពអឺរ៉ុបនឹងផ្ដល់ជំនួយសាងសង់ស្ពានភ្ជាប់ទៅកោះខ្សាច់ទន្លា ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ក្នុងគម្រោងគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។ គម្រោងសាងសង់នេះមានតម្លៃជាង១០លានអឺរូ ឬប្រមាណ១១លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់ផ្នែកកម្ចីនៃ EIB លោក Francesco Consiglio បានលើកឡើងថាក្រុមការងារនឹងសិក្សាលំអិតបន្ថែមទៀតបន្ទាប់ពីមានការពិភាក្សាជាមួយក្រសួងសាធារណការ និងក្រសួងកសិកម្ម។ លោកថាការសាងសង់ស្ពាននេះនឹងជួយដល់កសិករដែលដាំបន្លែ និងធ្វើកសិកម្មលើកោះនេះអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែងាយស្រួល។

លោកថា៖ «ជាការពិតនៅពេលដែលមានស្ពានភ្ជាប់ពីកោះហើយ កសិករភ្ជាប់មកកាន់ទីផ្សារ អ៉ីចឹងវាបានផ្ដល់នូវប្រយោជន៍សម្រាប់សហគមន៍ក្នុងហ្នឹងផង ហើយក៏ជាប្រយោជន៍ដល់កម្ពុជាទាំងមូលផងដែរដោយសារផលិតផលរបស់កសិករបានចូលទៅក្នុងទីផ្សារ»។

អនុប្រធានធនាគារអឺរ៉ុបសកល (EIB Global) លោកស្រី Nicola Beer បានលើកឡើងថាការពង្រីកទីផ្សារបានរបស់ប្រជាកសិករនៅលើកោះខ្សាច់ទន្លានឹងធ្វើឱ្យមានការបង្កើនការផលិតបង្កើនចំណូលដល់ពលរដ្ឋ ជួយដល់ការអប់រំ និងភាពរីករាយដល់ពលរដ្ឋលើកោះនោះផងដែរ។

លោកស្រីថា៖ «ប្រសិនជាយើងមានសហគមន៍កសិកម្មនៅលើកោះនោះហើយយើងមិនបានភ្ជាប់ទៅកាន់ទីផ្សារទេ អ្នកមិនអាចផលិតគុណភាពអាហារដែលអ្នកចង់បានទេអ្នកមិនអាចដឹកជញ្ជូនវាទៅកាន់ទីផ្សារខាងក្រៅ អ្នកនឹងប្រើវាតែលើកោះ អ៊ីចឹងអ្នកមិនទទួលបានគ្រប់គ្រាន់សម្រាប់ការរីកចម្រើនទេ។ ដូច្នេះនៅពេលដែលអ្នកមានទីផ្សារអ្នកមានចំណូលអ្នកនឹងអាចវិនិយោគក្នុងគ្រួសារអ្នកបាន រួមទាំងការអប់រំ និងភាពរីករាយក្នុងជីវិត»។

គួរឱ្យដឹងដែរថាកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ តំណាងធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ទើបតែបានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូ ឬប្រមាណ១៦,២៦លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។ តាមរយៈជំនួយនេះនឹងជួយដល់ការពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការតភ្ជាប់ទៅកាន់ទីផ្សារកម្ពុជា រាប់ចាប់តាំងពីការប្រមូល ការដឹកជញ្ជូន ការស្ដុកទុក ឃ្លាំងសម្ងួត ព្រមទាំងយកទៅជួយសាងសង់ស្ពានកោះខ្សាច់ទន្លេនៅក្នុងខេត្តកណ្ដាលដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងចូលទៅកាន់ទីផ្សារ។

តាមការប៉ានស្មាននឹងមានកសិករប្រមាណ១០ម៉ឺននាក់ស្មើនឹងជាង២៥ ០០០គ្រួសារ និងសហគា្រសកសិកម្មចំនួន៥០០ នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម