ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ប្រមូលថវិកាបាន១០០ លានរៀលដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ដែលផ្តួចផ្តើមឡើងពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការសហការរៀបចំពីអង្គភាពសារព័ត៌មាន ASEAN Top បានធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ វេលាម៉ោង ៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួន អេកូ ផាក (Eco Park) ហ្គ្រេនស្តា ផ្លាទីនឹម អេកូ ខូលិកសិន (Grand Star Platinum Eco Collection) នៃបុរី ប៉េង ហួត បឹងស្លោ ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា។

ព្រឹត្តិការណ៍បើករត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដោយមានការចូលរួមពីអ្នកចូលរួមជាង ១៦០០នាក់ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សាធារណជន និងវិស័យឯកជន និងអង្គភាពសារព័ត៌មាន និងដៃគូឧត្ថម្ភនានា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងតំណាងដៃគូវិស័យឯកជនបានប្រគល់ពានរង្វាន់សម្រាប់អ្នករត់ដល់ទីមុនគេ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងលើកកម្ពស់សុខុមាលភាពសង្គម។ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណៈជន ដោយមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ១,៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរយ់ក្នុងចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជា២០ស្តង់ផងដែរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ការរៀបចំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជួបជុំលេងកីឡា ដូចពាក្យស្លោកថា «កីឡារស់ក្នុងសន្ដិភាព»។ តាមរយៈនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ក្រៅពីការបំពេញការងារ និងសិក្សា ត្រូវនាំគ្នាលេងកីឡា ដើម្បីសុខភាព បង្កើនទំនាក់ទំនងល្អក្នុងសង្គមជាដើម។

លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិ ភ្ញៀវបរទេស ជាពិសេសក្រុមហ៊ុនឯកជនដែលបានចូលរួមសហការ ព្រមទាំងបរិច្ចាគធនធាន រហូតធ្វើឱ្យដំណើរការរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌នេះ បញ្ចប់ដោយរលូន និងប្រមូលបានថវិកា១០០លានរៀល ដើម្បីជួយដល់កុមារកម្ពុជា។
ព្រឹត្តិការណ៍ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» បានបញ្ចប់ដោយជោគជ័យ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាច្រើនចូលរួម ខណៈអ្នកចូលរួមរត់បានសម្ដែងការសប្បាយចិត្ត និងចាត់ទុកកម្មវិធីសប្បុរសធម៌នេះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់សង្គម និងលើកម្ពស់សុខភាពប្រជាពលរដ្ឋ។

បើតាមកញ្ញា សុទ្ធ មុន្នី ជាបុគ្គលិកក្រុមហ៊ុន និងជាកីឡាកររត់ចម្ងាយ ៤.៤គីឡូម៉ែត្រ បានសម្ដែងនូវក្ដីរីករាយ បន្ទាប់ពីរត់ដល់ទីដោយសុវត្ថិភាព។ កញ្ញាថានេះជាលើកទី១ តែដល់រត់ ដល់ ៤.៤គីឡូម៉ែត្រ គឺកាន់តែប្លែក និងអស្ចារ្យ ជាមួយទិដ្ឋភាពចូលពីសំណាក់មន្ត្រីរាជការ សាធារណជនយ៉ាងច្រើនកុះករ។ ហេតុនេះ កញ្ញាពិតជាពេញចិត្ត ហើយសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកបំផុសស្មារតីឱ្យយុវជន ប្រជាពលរដ្ឋ ចូលរួមកាន់តែច្រើនឡើងបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍លើកក្រោយៗទៀតជាដើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌នេះ មានការចូលរួមគាំទ្រនិងឧបត្ថម្ភពី ក្រុមហ៊ុន Huawei Cambodia, ក្រុមហ៊ុន ASEAN Top News, សមាគមចិន CCIA Members, ធនាគារ FTB, ក្រុមហ៊ុនបុរី ប៉េង ហួត, ក្រុមហ៊ុន Dynamic, ក្រុមហ៊ុន Midas, ក្រុមហ៊ុន Honor, ក្រុមហ៊ុន P.P.M, ក្រុមហ៊ុន Terratex, ក្រុមហ៊ុន Pocari Sweat, ក្រុមហ៊ុន Vital និង មី ជាតិ, ក្រុមហ៊ុន Starbalm Gel, ក្រុមហ៊ុន ចេក ពិសិដ្ដ្ឋ, ក្រុមហ៊ុន Media៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?