Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ មាន​ថ្នាល​និង​កម្មវិធី​អ្វី​ខ្លះ ដែល​ក្រសួងជំនាញ​រដ្ឋាភិបាល​​ អភិវឌ្ឍ​ដាក់​ឲ្យ​ប្រើប្រាស់?

បានផុស

នៅ

ដើម្បីជំរុញ​ការធ្វើបរិវត្តកម្ម តាម​រយៈ​ការ​ចាប់​យក​ប​ច្ចេកវិទ្យា​ឌីជីថលថ្មីៗ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ខិតខំ​ប្រឹង​ប្រែង​គិតគូរនិង​អភិវឌ្ឍថ្នាល​និងកម្មវិធី​​ជាច្រើន សម្រាប់បម្រើ​​ជា​ប្រយោជន៍​ប្រើប្រាស់​ក្នុង​រដ្ឋបាល​សាធារណៈ ​ជួយ​សម្រួល​ដល់​ការ​បំពេញ​ការងារ​ប្រចាំថ្ងៃ កាត់បន្ថយ​ការ​ចំណាយ​ថវិកាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និបាត​បូក​សរុបលទ្ធផលការងារ​រយៈពេល ៥ ឆ្នាំ របស់ក្រសួង​ប្រៃសណីយ​ និងទូរគមនាគមន៍​កាលពីពេលថ្មីៗ​កន្លងទៅនេះ​ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​កម្មវិធី​ ​និង​ថ្នាល​កម្មវិធី​ជាច្រើន ក្នុង​ន័យជំរុញ​ការ​ធ្វើ​បរិវត្តកម្ម​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ និង​ប្រសិទ្ធភាព​ក្នុងការ​ផ្តល់​សេវា​សាធារណៈ​ដល់ប្រជាពលរដ្ឋ។ កម្មវិធី​និង​ថ្នាល​កម្មវិធីដែលក្រសួង​ប្រៃសណីយ​បាន​អភិវឌ្ឍ​និង​ដាក់​ឲ្យ​ប្រើប្រាស់​មាន​​ដូចជា៖

-ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh៖ ជាថ្នាលផ្ទៀងផ្ទាត់ឯកសារ ដែល​ដាក់ឱ្យប្រើក្នុងគោល បំណង​លុប​បំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាព​ងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។ ការ​ផ្ទៀងផ្ទាត់​ឯកសារ​នៅលើថ្នាលនេះ ធ្វើឡើង​តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយ​ប្រើ​បច្ចេកវិទ្យា​ប្លុកឆេន (Blockchain) ដែល​មានសុវត្ថិភាព​ខ្ពស់នៅ​លើសន្លឹក​នៃឯកសារនីមួយៗ។ ឯកសារ​ដែល​ដា​ក់បញ្ចូល QR Code ស្តង់ដា គឺអាចប្រើជាផ្លូវការបាន ដោយ​មិន​តម្រូវ​ឱ្យមាន​ការធ្វើ​នីត្យានុកូលកម្ម​លើ​ឯកសារថតចម្លង​ក្នុងទម្រង់ជាក្រដាសឡើយ។

-ថ្នាលផ្ទុកឯកសារ​សាធារណៈផ្លូវការ go.gov.kh៖ សម្រាប់​ក្រសួង ស្ថាប័ន អាច​ប្រើប្រាស់​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ ឯកសារ​ជាសាធារណៈ ដែល​អាច​ទប់​ស្កាត់​ព័ត៌មាន ឯកសារ​ក្លែងក្លាយ ឬ តំណ​ភ្ជាប់​ឆបោក (Phishing) ព្រម​ទាំងអាចជំនួស​ការប្រើប្រាស់ Google Drive OneDrive ឬ DropBox ក្នុងការ​ផ្ទុកឯកសារ។

ក្រសួង ស្ថាប័ន​សាមី ជាអ្នកមាន​សិទ្ធិ​សម្រេច​ក្នុងការដាក់ឯកសារ ដែល​ចាត់​ទុកថា​ជាឯកសារ​សម្រាប់​សាធារណជន​លើ​ថ្នាល​នេះ តាមរយៈ​គណនីផ្ទាល់ខ្លួន និងទិន្នន័យ​ពីក្រសួង ស្ថាប័ន របស់​ខ្លួន​ផ្ទាល់

-ថ្នាល​បញ្ជូន​សារ​ពហុទិសដៅ nomsa.gov.kh៖ ជា​ថ្នាល​បញ្ជូនសារ​ខ្លីជាព័ត៌មាន ឬដំណឹង ដែល​អាច​ជំនួស ការប្រើប្រាស់ SMS ឬ​កម្មវិធី Twilio ជាដើម ដោយមា​នប្រភពដើមច្បាស់លាស់។ ការផ្ញើសារ​ខ្លី​តាម​ថ្នាល​នេះ អាចឱ្យសាធារណជន​ដឹងថា សារខ្លីនេះ​ចេញពីក្រសួង ស្ថាប័ន ឬ វិស័យ​ឯកជន​ណាមួយ​ពិតប្រាកដ និង​មិនមាន​ការក្លែងបន្លំ។

ការប្រើប្រាស់​ថ្នាល​នេះ នឹងជួយ​គ្រប់គ្រង​បាន​នូវការ​ចំណាយ​ក្នុងការ​បញ្ជូនសារ ធានា​សុវត្ថិភាព ទិន្នន័យ​បុគ្គល មានការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ទាន់​ពេល និង​ផ្តល់​នូវទំនុកចិត្ត​ខ្ពស់។

-ថ្នាលបង្កើតទម្រង់​បែបបទអនឡាញ form.gov.kh៖ ជា​ថ្នាល​បង្កើតទម្រង់​បែបបទអនឡាញ ដើម្បី​ប្រមូល​ព័ត៌មាន ស្ទង់មតិ ត្រួតពិនិត្យ​និង​វាយតម្លៃ ចុះឈ្មោះចូលរួមកម្មវិធី ឬប្រមូលមតិកែលម្អនានា ដែល​អាច​ប្រើ​ជំនួស Google Form ឬ Microsoft Form ជាដើម។

រាល់​ទិន្នន័យទាំងអស់ ត្រូវបានរក្សាទុកដោយ​ធ្វើកូដនីយកម្ម (Encryption) ដោយ​សោរ​សម្ងាត់ (Secret Key) ដែល​មាន​សុវត្ថិភាព​ខ្ពស់ ហើយ​មាន​តែ​ម្ចាស់នៃ​ទិន្នន័យ របស់ Form ប៉ុណ្ណោះ​ដែល​អាច​មើល​បាន។ ចំណែក​ឯអ្នកកាន់ថ្នាល​មិនអាចមើលបាន​ទេ។

-កម្មវិធី​បញ្ញា​សិប្បនិម្មិត​បំប្លែង​អត្ថបទ​ទៅ​ជា​សំឡេង​សារិកា “Sarika” ដំណើរការ​នៅ​លើ​បណ្តាញ​តេឡេក្រាម (Telegram Bot) និង​ទំព័រ​វេប (Web Page) ជា​កម្មវិធី​បញ្ញាសិប្បនិម្មិត​បង្កើត​ឡើង​សម្រាប់​បំប្លែង​អត្ថបទ​ទៅជាសំឡេងភាសាខ្មែរ។ កម្មវិធី​នេះ​អាច​ប្រើប្រាស់ ដើម្បី​ធ្វើ​មាតិកា​និង​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​អាច​អាន ឯកសារនានាជាសំឡេង។

-កម្មវិធី​ទូរសព្ទ MPTC Speed Test ជា​កម្មវិធី​ដែល​អាច​​ជួយ​ឱ្យអ្នកប្រើប្រាស់​​វាស់​ល្បឿន សេវា​អ៊ីនធឺណិត​ដោយខ្លួនឯង

ក្រៅពីថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល​ខាងលើ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក៏​បាន​កំពុង​អភិវឌ្ឍ​ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលមួយចំនួនទៀត​មាន​ដូចជា៖

-qr.gov.kh៖ ជា​ថ្នាលបង្កើត QR Code ដែល​អនុញ្ញាតឱ្យអ្នកប្រើប្រាស់​បង្កើត QR Code ដោយ​ប្រើ​អត្ថបទ​តំណ​ភ្ជាប់ (URL) អីមែល Wi-Fi និង​នាមបណ្ណឌីជីថល (Vcard) ក្នុង​គោលដៅ​កាត់​បន្ថយ​ការ​ចំណាយ​និងចំណេញ​ពេលវលា

-Khmer Fastype៖ ជំនួយការឆ្លាត ក្នុងការវាយអត្ថបទជាភាសាខ្មែរក្នុងកម្មវិធី (Microsoft Word)

-rachana.gov.kh៖ ជាប្រព័ន្ធ​ដែលអាចប្រើប្រាស់ក្នុងការ​បង្កើតគេហទំព័រ ដោយ​ងាយស្រួល​និង​ឆាប់រហ័ស

-domnerka.gov.kh៖ សម្រាប់​គ្រប់គ្រង​រំហូរ​ការងារ (Workflow) ដើម្បី​ជួយសម្រួល​ដល់ការងាររដ្ឋបាល

-likhet.gov.kh៖ ជា​ថ្នាលជំនួយ ក្នុងការបំពេញ​គំរូឯកសារ ដូចជា លិខិត​ឬវិញ្ញាបនបត្ររដ្ឋបាល សំណើ​សុំច្បាប់ របាយការណ៍​បេសកកម្ម អាចបង្កើត​ទៅជាទម្រង់​បំពេញបែបបទ Form ភ្ជាប់​ទៅ​នឹង​គំរូ​ឯកសារ​ដើម ក្នុង​គោលដៅ​កាត់បន្ថយ​ពេលវេលា និងរក្សាបែបបទ និងពុម្ពអក្សរនៃឯកសារ

-flow.gov.kh៖ ជា​ថ្នាលគ្រប់គ្រង និងតាមដានរំហូរការងាររដ្ឋបាលស្វ័យប្រវត្ដិ តាមរយៈ​ការភ្ជាប់​បញ្ចូល​រួម​គ្នានូវ ប្រព័ន្ធ​ឬកម្មវិធី​ដែលបម្រើដល់កិច្ចការរដ្ឋបាល និងការផ្តល់សេវាសាធារណៈ ជាអាទិ៍ ការភ្ជាប់​ទៅប្រព័ន្ធជូនដំណឹង មន្ត្រីរាជការឬអ្នកស្នើសុំសេវា ដែល​អាច​ជួយឱ្យអ្នក​ប្រើប្រាស់​អាច​បំពេញ​ការងារ​រដ្ឋបាល ឬការផ្តល់​សេវាសាធារណៈ តាម​ប្រព័ន្ធស្វ័យប្រវត្តិកម្ម បាន​យ៉ាង​ងាយស្រួល សាមញ្ញ និង​ឆាប់រហ័ស។

-DGSupperApp៖ ជា​កម្មវិធីទូរសព្ទ​ដៃមួយ ប្រមូលផ្តុំថ្នាល និងកម្មវិធីឌីជីថលតូច ធំ ពហុវិស័យ ជាច្​រើន​តាមរយៈ ប្រព័ន្ធអនឡាញតែមួយ ដើម្បីឱ្យប្រតិបត្តិការ​និងការស្នើសុំ​សេវា​សាធារណៈ​រវាង​រដ្ឋាភិបាល ធុរជន និង​ប្រជាពលរដ្ឋ កាន់តែ​ងាយស្រួល ឆាប់រហ័ស មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព ព្រម​ទាំង​កាត់បន្ថយការចំណាយនានា។

ថ្នាល DG SuperApp ជួយបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាល​ឌីជីថល និង​ការធ្វើឌីជីថលូបនីយកម្មលើការផ្ដល់សេវាសាធារណៈនៅកម្ពុជា ពី ៣ ទៅ ៥ ដង។

ក្នុងចំណោមថ្នាលនិង កម្មវិធីរដ្ឋាភិបាលឌីជីថលចំនួន ១២ មានថ្នាលចំនួន ៥ ដែល​ត្រូវបានទទួលស្គាល់ដោយរាជ រដ្ឋាភិបាលដូចជា៖

-ថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់​ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក
-ថ្នាល go.gov.kh ផ្ទុកឯកសារសាធារណៈផ្លូវការមិនសម្ងាត់ ជំនួសការប្រើប្រាស់ Google Drive U OneDrive & DropBox
-ថ្នាល nomsa.gov.kh បញ្ជូនសារខ្លីៗជាព័ត៌មាន ឬដំណឹងដោយមានប្រភពដើមច្បាស់លាស់ ជំនួស​ការ​ប្រើប្រាស់ SMS
-ថ្នាល form.gov.kh បង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ស្ទង់មតិ ត្រួតពិនិត្យ និង​វាយតម្លៃ ចុះឈ្មោះចូលរួមកម្មវិធី ឬប្រមូលមតិកែលំអនានា ជំនួសការប្រើប្រាស់ Google Form & Microsoft Form
-ថ្នាល Sarika ជាកម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេង

ក្រៅពីនេះ ក៏​មាន​​​កម្មវិធី AI ចំនួន ៨ ដែល​អភិវឌ្ឍ​ដាក់​ឲ្យ​ប្រើប្រាស់​បន្តបន្ទាប់​ក្នុងនោះ​មាន​ដូចជា៖

-កម្មវិធី​បកប្រែ​ភាសាខ្មែរ​ប្រៃយ៍ Braille

កម្មវិធីបក​ប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យា​ដែលប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ ដើម្បីបកប្រែពី​ភាសា​ខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយ​ត្រូវបាន​បង្កើត​ឡើង​ជាពិសេស​ ដើម្បីផ្ដល់ភាព​ងាយស្រួល​ដល់​គ្រូ​បង្រៀន ​ក្នុង​ការ​រៀបចំ​ឯកសារ​អាន​ជា​អក្សរខ្មែរ​ប្រៃយ៍​ជូន​ដល់​កុមារ និង​សិស្សានុសិស្ស​ដែល​ពិការ​ភ្នែក​ឬ​ខ្សោយ​គំហើញ​ឱ្យ​កាន់​តែ​បាន​លឿន និង​មានប្រសិទ្ធភាពខ្ពស់។ កម្មវិធីនេះ ទទួល​បាន​ពាន​រង្វាន់​មាស​អាស៊ាន និង ពាន​រង្វាន់ Best Accessibility Award ពី ITU)។

-កម្មវិធី​សារិកា (https://t.me/SarikaTTSBot) ជំនួយការបំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ

កម្មវិធី​បញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA” ជា​កម្មវិធី​បញ្ញា​សិប្បនិម្មិត ដែល​ដំណើរការ​នៅលើបណ្តាញសង្គមតេឡេក្រាម (Telegram Bot) សម្រាប់​បំប្លែងអត្ថបទ​ទៅជា​សំឡេង​ភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រម​ទាំង​អាច​អាន​ឯកសារនានាជាសំឡេងផងដែរ។

 -កម្មវិធីបកប្រែភាសារខ្មែរ-អង់គ្លេស TranslateKH (https://t.me/TranslateKH_bot)

ម៉ាស៊ីន​បកប្រែ TranslateKh ជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លា​ប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។

ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មួយ ដែល​ត្រូវបាន​បង្កើត​ឡើង​ប្រើប្រាស់​វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។

–កម្មវិធីវាយអត្ថបទ Khmer FastType ជំនួយ​ការឆ្លាតវៃ​ក្នុងការ​វាយ​អត្ថបទ​ជា​ភាសាខ្មែរ​ក្នុង​កម្មវិធី Microsoft Word

កម្មវិធី​នេះ​អភិវឌ្ឍឡើង​ដោយ​ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់​អ្នក​ប្រើប្រាស់​កាន់តែងាយស្រួលវាយ​អត្ថបទ និង​ត្រឹមត្រូវជាងមុន។

ក្រសួង​ក៏​បានដាក់​ឲ្យដំណើរការ សំណុំទិន្នន័យសម្រាប់បង្រៀនដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិមិត្ត​ (LLMS), ការកែលម្អសមត្ថភាព​វិភាគ​អតិសុខុមប្រាណ និង​ការ​បង្កើន​ប្រសិទ្ធភាព​នៃការប្រើប្រាស់​ថ្នាំអង់ទីប៊ីយោទិច ​តាមរយៈ​ម៉ាស៊ីន​ស្វ័យសិក្សា (ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត), ការ​បកប្រែ​ភាសាគថ្លង់ និង​កម្មវិធី​សម្គាល់​ស្លាក​​លេខរថយន្ត​។

លោក អ៊ិន សុវណ្ណ ប្រធាន​នាយកដ្ឋាន​បរិវត្តកម្ម​រដ្ឋាភិបាល​ឌីជីថល​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត​ ត្រូវការ​​ចាំបាច់​បំផុត​គឺ​ទិន្នន័យ។ ក្រសួង​កំពុង​រៀបចំ​សេចក្តីព្រាង​បទ​បញ្ញត្តិ​ពាក់ព័ន្ធ​​ទិន្នន័យ​ដូចជា​ ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន (សេចក្តី​ព្រាង​) ច្បាប់​ស្តី​ពី​សន្តិសុខ​សាយប័រ (សេចក្តីព្រាង) ច្បាប់​រដ្ឋាភិបាល​ឌីជីថល (សេចក្តីព្រាង) គោលនយោបាយ​ទិន្នន័យ​បើក​ចំហ (សេចក្តីព្រាង) គោលនយោបាយ​អភិបាល​កិច្ច​ទិន្នន័យ (សេចក្តីព្រាង)។

ក្នុង​​ផែន​ទី​បង្ហាញ​ផ្លូវ​ជំនាញ​ឌីជីថល (ឆ្នាំ​២០២៤-២០៣៥) រដ្ឋាភិបាល​បាន​ដាក់​ចេញគោលដៅ​​ក្នុង​ការ​បណ្តុះ​បណ្តាល​​ធនធានមនុស្ស​ផ្នែក​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ឲ្យ​បាន​ ១០ ម៉ឺន​នាក់​ត្រឹមឆ្នាំ ២០៣៥ ខណៈ​បច្ចុប្បន្ន​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ក៏បាន​បើក​ថ្នាក់​បណ្តុះបណ្តាល​​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​បញ្ញា​សិប្បនិមិត្ត​ និង​វិទ្យាសាស្ត្រ​ទិន្នន័យ​​ចាប់​ពី​ឆ្នាំ ២០២៣​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម