ព័ត៌មានជាតិ
១៨មីនា កាលពី៥៥ឆ្នាំមុន ឯកឧត្តម ហ៊ុន ម៉ានី ថា ជាមេរៀនប្រវត្តិសាស្រ្តដាស់កូនខ្មែរឱ្យស្គាល់ពីភាពផុយស្រួយនៃសន្តិភាព
យកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដែលកម្ពុជាកំពុងស្ថិតនៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ឯកឧត្តម ហ៊ុន ម៉ានី បានរម្លឹកពីព្រឹត្តិការណ៍កាលពី៥៥ឆ្នាំមុននៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ ដោយឯកឧត្តម ចាត់ទុកព្រឹត្តិការណ៍នេះ ថា ជាមេរៀនប្រវត្តិសាស្រ្តដាស់កូនខ្មែរឱ្យស្គាល់ពីភាពផុយស្រួយនៃសន្តិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ គឺបានរម្លឹកអំពីព្រឹត្តិការណ៍កាលពី៥៥ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ ហើយក៏ជាពេលវេលា ដែលបានទាញអូសកម្ពុជាឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយភ្លើងសង្គ្រាមរ៉ាំរ៉ៃ និងអំពើប្រល័យពូជសាសន៍។

សំណេរលើទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់ថា «ថ្ងៃនេះ កាលពី៥៥ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សា អសន្តិសុខ បានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់ គឺជាអំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ»។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងពីពេលវេលាជាច្រើន ក្រោយថ្ងៃរំដោះ ៧ មករា ដែលទម្រាំកម្ពុជាអាចកសាងជាតិ ឱ្យរស់រានមានជីវិតឡើងវិញ ស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងហានិភ័យនៃការវិលត្រលប់មក វិញនៃរបបប្រល័យពូជសាសន៍។ ឯកឧត្តម បានលើកពីការតស៊ូរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាពេលនោះ បានប្រឹងប្រែង ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ខ្ពស់បំផុត ខិតខំការពារជាតិក្នុងកាលៈទេសៈដ៏លំបាកនោះ ព្រមទាំងពុះពារ លះបង់សព្វបែបយ៉ាង ដើម្បីទទួលបានមកវិញនូវសុខសន្តិភាព។
ឯកឧត្តម អះអាងថា «យើងត្រូវការពេលវេលាជិត ២ទសវត្សរ៍ទៀត ទើបយើងទទួលបានផ្លែផ្កានៃសន្តិភាពពេញលេញ ចាប់ផ្តើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ»។

ផ្អែកលើកង់ប្រវត្តិសាស្ត្រដូចបានរៀបរាប់ខាងលើ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាយុវជនម្នាក់ បានចាត់ទុកថា នេះជាមេរៀនប្រវត្តិសាស្រ្តមួយ សម្រាប់ដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយនៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ «ព្រឹត្តិការណ៍នេះ ក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ»។ នេះជាសំណេររបស់ឯកឧត្តម ហ៊ុន ម៉ានី៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល