ព័ត៌មានជាតិ
ទំនេរដៃពីស្រែចម្ការ ជនជាតិដើមភាគតិចខ្លះឆ្លៀតត្បាញ«កាផា»លក់ ព្រោះនៅមានការនិយមប្រើប្រាស់ច្រើន
ខេត្តរតនគិ រីជាទីឋានរបស់ជនជាតិដើមភាគតិចដែលមនុស្សជាច្រើនមិនសូវបានស្គាល់ពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនស្ថិតនៅតំបន់មួយនេះនោះទេ។ កាផា គឺជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចនៅតំបន់ព្រៃភ្នំសម្រាប់ដាក់វត្ថុជាច្រើនមុខបម្រើឲ្យជីវភាពរស់នៅ នៅតែជាការពេញនិយមដដែល បើទោះបីជាក្មេងៗជំនាន់ក្រោយមិនសូវប្រើ ឬមិនសូវចេះចាំរបៀបធ្វើ ក៏នៅមានមនុស្សជំនាន់ក្រោយដែលជាជនជាតិដើមភាគតិចនៅតែចេះចាំជំនាញនេះ ហើយកំពុងតែប្រកបរបបនេះជាប្រចាំថ្ងៃ ។ មិនត្រូវតែជារបស់ប្រើដែលចាំបាច់ទេ កាផា ក៏ជាតំណាងឲ្យប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចផងដែរ។

ជាទូទៅ កាផាមានរូបសណ្ឋានតូចធំ មានពណ៌ មានក្បាច់ ខុសៗពីគ្នាអាស្រ័យទៅតាមការនិយមចូលចិត្តតាមភូមិឋាននីមួយៗ ក្នុងខេត្តរតនគិរី។ វល្លិ៍ផ្តៅ វលិ៍ទន្សែ ដើមរុន ជាដើមរុក្ខជាតិដែលជៀសមិនផុតសម្រាប់ជាធាតុផ្សំកើតជារូបរាងកាផា។ ចំណែក សម្ភារៈសម្រាប់ផលិតចេញជាកាផាទាំងអស់នេះ គឺត្រូវទិញពីអ្នកភូមិដែលយកមកលក់ឲ្យ។ បន្ទាប់ពីត្បាញកាផារួចរាល់ចំពោះការលក់ចេញវិញ គឺមានប្រជាជននៅក្នុងភូមិមករកទិញ ឬក៏ជួនកាលយកទៅលក់នៅតាមភូមិ។ កាផានេះ ជនជាតិដើមភាគតិចធ្វើវាឡើងនៅមុនរដូវភ្លៀងមកដល់ចាប់ពីខែមីនា ទៅ ខែឧសភា ពីព្រោះថា រុក្ខជាតិនៅពេលវេលានេះ គេអាចស្វែងរកនៅក្នុងព្រៃបានងាយស្រួល និងពុះជ្រៀកហាលថ្ងៃបានស្ងួតល្អសម្រាប់ត្បាញធ្វើឲ្យបានជាប់ល្អ។ នៅខែក្តៅ ក៏ជាពេលទំនេរពីការធ្វើកសិកម្មខ្លះដែរ នៅពេលទំនេរនេះ ជនជាតិដើមភាគតិច ក៏ធ្វើកាផាលក់ ដើម្បីបានប្រាក់ផ្គត់ផ្គង់ក្រុមគ្រួសារ។

លោក សល់ ហៀង ជនជាតិដើមភាគតិចចារ៉ាយ រស់នៅក្នុងភូមិឡុំ ឃុំ ប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រាប់ថា កាផាជាវត្ថុសម្រាប់ដាក់សម្ភារៈ ដូចជា ដាក់ទឹក ដាក់បន្លែ ដាក់កាំបិទ សម្រាប់ទៅស្រែចម្ការ ជាដើម។ លោកលើឡើងថា ទាល់តែប្រឹងខ្លាំងណាស់ទើបត្បាញរួចរាល់កាផា១ លក់ជូនអ្នកភូមិ។ ការចំណាយពេលយូរចំពោះការត្បាញនោះ គឺនៅត្រង់គូថរបស់វា។ កាផារបស់គាត់ មានរាងមូលខ្លី និងមានបាតទម្រធ្វើពីឈើ តួកាផាធ្វើពីឬស្សីបិទយ៉ាងរលោង ហាលឲ្យស្ងួត ហើយកងវាម្តង១ៗ ដើម្បីបានចេញជារូបរាង។ នៅភូមិឡុំនេះ គាត់ប្រាប់ថា ពុំសូវមានក្មេងជំនាន់ក្រោយចូលចិត្តធ្វើវា និងចេះចាំពីរបៀបធ្វើកាផានេះទេ ដូច្នេះហើយ បើទោះបីគាត់មានវ័យ៦០ឆ្នាំក្តី ក៏នៅបន្តការងារនេះ ដើម្បីបានប្រាក់ផង និងខ្លាចបាត់បង់ប្រពៃណីនេះផង។

ក្នុងមួយថ្ងៃ លោក សល់ ហៀង ត្បាញបានតែ១កាផាប៉ុណ្ណោះ ហើយលក់ក្នុងតម្លៃ៥ ០០០០ រៀល ហើយជួនកាល កាផានេះ គាត់មិនបានលក់ទេ គឺដូរជាស្រូវ ឬអង្ករវិញ ក៏មានដែរ។ ទោះបីជាកាផា វាពិបាកធ្វើ និងត្រូវចំណាយពេលយូរ ទម្រាំបានលក់ចេញក្តី ក៏ជាមុខរបរមួយបន្ទាប់បន្សំពីស្រែចម្ការរបស់ជនជាតិដើមភាគតិច ដើម្បីលក់យកប្រាក់ផ្គត់ផ្គង់គ្រួសារ។

សូមបញ្ជាក់ថា កាផា ជារបស់ប្រើប្រាស់សម្រាប់គ្រប់អម្បូរជនជាតិដើមភាគតិច នៅក្នុងខេត្តរតនគិរី មិនអាចខ្វះនៅក្នុងជីវភាពរស់នៅ តាំងពីបុរាណរហូតមកដល់ថ្ងៃនេះ។ កាលពីសម័យមុន ជនជាតិដើមភាគតិចនៅតាមភូមិភូមិ ស្រុក ពុំសូវមានប្រាក់សម្រាប់ទិញ វាប្រើនោះទេ គឺគេដូរជាសម្ភារៈផ្សេងៗដែលមានតម្លៃវិញ៕
ដោយ៖ ខៀវ ចាប

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល