ព័ត៌មានជាតិ
ផ្លូវទៅកំពង់ភ្លុក តំបន់ទេសចរណ៍មាត់បឹងទន្លេសាប គ្រោងបញ្ចប់នៅចុងរដូវប្រាំង ខណៈសម្រេចសាងសង់បានជិត ៤០%
បើតាមការគូសបញ្ជាក់ពីអភិបាលស្រុកប្រាសាទបាគងបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវទៅកំពង់ភ្លុកដែលជាតំបន់សក្ដានុពលទេសចរដ៏ទាក់ទាញនៅបឹងទន្លេសាប នឹងប្រែក្លាយពីផ្លូវដីតូចចង្អៀតទៅជាផ្លូវកៅស៊ូឆាប់ៗខាងមុខនេះ ខណៈដែលកងវិស្វកម្មកំពុងតែសម្រុកស្ថាបនាឲ្យរួចរាល់នៅចុងរដូវប្រាំងនេះ។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវទៅកំពង់ភ្លុកមានប្រវែងសរុបជាង ១៥ គីឡូម៉ែត្រ។ ផ្លូវនេះចាប់ពីផ្លូវជាតិលេខ ៦ ឆ្លងកាត់ឃុំចំនួន ៣ មានឃុំរលួស ឃុំមានជ័យ ដល់ឃុំកំពង់ភ្លុកមាត់បឹងទន្លេសាប។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង
បើតាមលោកអភិបាលស្រុក កន្លងទៅផ្លូវនេះមួយកំណាត់ជាផ្លូវបេតុង ដែលបានសាងសង់ចេញពីផ្លូវជាតិលេខ ៦ បានប្រវែងជាង ២ គីឡូម៉ែត្រ ខណៈកំណាត់ផ្លូវនៅសល់ជាផ្លូវដី ដែលខែប្រាំងហ៊ុយពិបាកធ្វើដំណើរ និងខែវស្សារងការជន់លិចថែមទៀត។
យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលសម្ដេចធិបតី បានណែនាំឲ្យកងវិស្វកម្មសាងសង់បន្តប្រវែងជាង ៨ គីឡូម៉ែត្រទៀត ពង្រីកទទឹង ៨ ម៉ែត្រ ចាប់ពីឃុំមានជ័យបន្តរហូតដល់ឃុំកំពង់ភ្លុកជាប់មាត់បឹងទន្លេសាបជាផ្លូវកៅស៊ូ។

តាមរយៈការបន្តស្ថាបនាផ្លូវនេះ អភិបាលស្រុកប្រាសាទបាគងបានបញ្ជាក់ថា នឹងផ្តល់ប្រយោជន៍សម្រាប់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលកសិកម្មផ្សេងៗ ជាពិសេសក៏សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់កំពង់ភ្លុក ដែលជាតំបន់គោលដៅទេសចរណ៍ដ៏ល្បីទាក់ទាញនៅខេត្តសៀមរាប ដែលនឹងជួយដល់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានកាន់តែល្អប្រសើរ ដោយសារកំណើនទេសចរមកកម្សាន្តច្រើន នៅពេលមានផ្លូវល្អស្អាតងាយស្រួលធ្វើដំណើរ។
បន្ទាប់ពីចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចបានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងការចុះពិនិត្យមើលស្ថានភាព និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានសំណូមពរមួយចំនួន ហើយក៏សម្រេចផ្តល់ជាដំណោះស្រាយជូនសហគមន៍ដូចជា៖
១. សម្រេចឲ្យកសាងផ្លូវកៅស៊ូប្រវែង ៨ គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរនិងកាត់បន្ថយការហុយ។
២. កសាងបញ្ជរលក់សំបុត្រថ្មី របស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន។
៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាននៅក្នុងតំបន់។
សម្ដេច នាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ជាពិសេសក៏រួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប៕
បន្តចុចអាន៖ ឃុំកំពង់ភ្លុក ជាតំបន់ទេសចរណ៍មួយ ដែលធ្វើឲ្យពលរដ្ឋនៅទីនោះបង្កើតមុខរបរថ្មី

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល