Connect with us

ព័ត៌មានជាតិ

ការសែនព្រេនក្នុងពិធីរៀបការ ជនជាតិដើមភាគតិចព្នង រក្សាបានយ៉ាងល្អនូវទំនៀមទម្លាប់ ប្រពៃណី និងជំនឿតាំងពីបុរាណមក

បានផុស

នៅ

ជនជាតិដើមភាគតិចព្នង នៅតែរក្សាបានយ៉ាងល្អ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន បើទោះបីខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន មានការអភិវឌ្ឍឥតឈប់ឈរ និងរីកចម្រើនខ្លាំងគ្រប់វិស័យយ៉ាងណាក្តី។ ក្នុងចំណោមប្រពៃណីទំនៀមទម្លាប់ជាច្រើនរបស់ជនជាតិដើមភាគតិចព្នង ពិធីរៀបការ ជាពិធីមួយដ៏គួរចាប់អារម្មណ៍ប្លែកពីការរៀបការរបស់ពលរដ្ឋខ្មែរទូទៅ។ ពិធីមង្គលការជនជាតិដើមភាគតិចព្នង គេធ្វើឡើងច្រើនដំណាក់កាលទៅតាមហេតុផលផ្សេងៗរបស់កូនកំលោះកូនក្រមុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង មានពិធីមង្គលការមួយរបស់ជនជាតិដើមភាគតិចព្នង ដែលបានប្រារព្ធធ្វើឡើងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ គឺមានការរៀបចំយ៉ាងអធិកអធម ក្នុងនោះ មានការសែនព្រេនយ៉ាងធំដុំ ដោយមានថ្វាយរហូតដល់សត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម ព្រមទាំង មានអ្នកភូមិចូលរួមយ៉ាងច្រើនកុះករមកពីឆ្ងាយជិតចូលរួមសែនព្រេនក្នុងពិធីនោះ។ ការសែនព្រេនធំដុំបែបនេះ ក៏ព្រោះតែកូនកំលោះ និងកូនក្រមុំ មានជាប់សែស្រឡាយសាច់ឈាមនឹងគ្នាពីដូនតាមក ហើយប្រសិនបើរៀបចំពិធីមង្គលការធម្មតា ឬសែនព្រេនតិចតួច ខ្លាចក្រែង អាចនឹងធ្វើឱ្យវិញ្ញាណក្ខន្ធដូនតា អារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដី មិនសូវពេញចិត្ត ហើយពួកគេជឿថា នឹងបង្កើតឱ្យមានគ្រោះភ័យផ្សេៗងដល់ស្រុកភូមិ និងគ្រួសារកូនក្រមុំ កូនកំលោះជាក់ជាមិនខាន។ នេះបើតាមជំនឿរបស់ជនជាតិដើមភាគតិចព្នង។

លោក ចែន វណ្ណា ជាចាស់ទុំ និងជាមេកន្ទ្រាញនៅភូមិពូលូងដែលជាភូមិកំពុងតែរៀបចំពិធីមង្គលការ បានរៀបរាប់ប្រាប់ថា នៅក្នុងពិធីរៀបការតាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង មានការសែនព្រេនច្រើនដំណាក់កាល ក្នុងនោះ នៅពេលព្រឹក ផ្ទះកូនក្រមុំត្រូវធ្វើពិធីសែនស្វាគមន៍កូនកំលោះ រួមនឹងមេបាខាងប្រុស។ បន្ទាប់មកទៀត គឺត្រូវធ្វើពិធីសែនដើមឈើចំនួន២ដើម ប្រភេទដើមរកា ដោយមានស្រោចឈាមគោ ក្របី ជ្រូក មាន់ ទា និងស្រាពាងទៅលើដីផងដែរ ហើយការធ្វើបែបនេះ គឺដើម្បីសុំសេចក្ដីសុខ ការពារឧបទ្រពចង្រៃ និងសុំខមាទោស ប្រសិនមានខុសឆ្គងត្រង់ណាមួយនោះ។ លោកបានបន្ថែមថា ក្នុងនាមចាស់ទុំមួយរូបនៅក្នុងភូមិឋាន ក៏សូមផ្តាំផ្ញើរដល់ជនជាតិដើមភាគតិចគ្រប់ជាតិសាសទាំងអស់ ក៏ដូចជាកូនចៅជំនាន់ក្រោយ ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួននូវប្រពៃណី ទំនៀមទម្លាប់ពីបុរាណ ដែលជាកេរដំណែលរបស់ពីដូនតា។

បច្ចុប្បន្ននេះ ទំនៀមទម្លាប់ប្រពៃណីបុរាណរបស់ជនជាតិដើមភាគតិចព្នង ភាគច្រើនអនុវត្តបានយ៉ាងល្អ ដោយក្នុងនោះមិនមែនមានតែពិធីរៀបការមួយទេ ដែលត្រូវសែនព្រេន ប៉ុន្តែ ក៏មានពិធីសែនស្រូវ សែនផ្ទះសម្បែង សែនរកស៊ីមានបាន ហើយនៅពេលធ្វើស្រូវអង្ករបានភោគផលល្អ ក៏មានពិធីសែនព្រេនផ្សេងៗទៀតផងដែរ៕

ដោយ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ឱកាសចូលឆ្នាំ៖ អភិបាលខេត្តកណ្ដាលឱ្យកម្លាំងយកចិត្តទុកដាក់ជួយបញ្ចៀសការកកស្ទះចរាចរណ៍

ព័ត៌មានជាតិ៤៣ នាទីutes មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃចូលឆ្នាំ៖ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានបន្ធូរបន្ថយទោស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម