ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស ចូលនិវត្តន៍ជាង ៤ ពាន់នាក់ ទទួលបានប្រាក់រ៉ឺត្រែត
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា មានសមាជិក ប.ស.ស ចូលនិវត្តន៍ប្រមាណជាង ៤ ០០០ នាក់ហើយ ទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) ពី ប.ស.ស។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៩ មីនា នេះថា ចាប់តាំងពីរាជរដ្ឋាភិបាលអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅខែតុលា ឆ្នាំ ២០២២ រហូតមកដល់ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ប.ស.ស បានផ្តល់តាវកាលិកប្រាក់សោធនជរាភាពដល់សមាជិកចំនួន ៤ ១១៣ នាក់ ស្រី ១ ៥៧១ នាក់។

លោកអគ្គនាយករង ប.ស.ស បានបន្តថា ការបង់ប្រាក់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនពីនិយោជក និងកម្មករ-និយោជិតនេះ តម្រូវឱ្យបង់ចំនួន ៤ ភាគរយ នៃចំនួនប្រាក់ឈ្នួលរបស់កម្មករ-និយោជិត ក្នុងនោះនិយោជកត្រូវបង់ ២ ភាគរយ និងកម្មករ-និយោជិតបង់ ២ ភាគរយ។ នៅពេលកម្មករ-និយោជិតដល់អាយុ ៦០ ឆ្នាំ ដែលត្រូវចូលនិវត្ត នឹងទទួលបានប្រាក់សោធនដូចមន្ត្រីរាជការបម្រើការងារនៅតាមស្ថាប័នរដ្ឋដែរទៅតាមប្រាក់ឈ្នួលម្នាក់ៗ ទទួលបាន។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន ៖ (១)-បានចុះបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន (២)-បានបង់ភាគទានមក ប.ស.ស បានយ៉ាងតិច ១២ ខែ និង (៣)-ត្រូវមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួនរួមមាន ៖ (១)-ប័ណ្ណសមាជិក ប.ស.ស ច្បាប់ដើម (២)-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស) (៣)-សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន) និង (៤)-ត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬលេខគណនីធនាគារកាណាឌីយ៉ា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន ៖ ទី១-របបសន្តិសុខសង្គមផ្នែកហានិភ័យការងារដែលបានអនុវត្តនៅខែវិច្ឆិកា ឆ្នាំ ២០០៨ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈអនុវត្តនៅខែមករា ឆ្នាំ ២០២១។ ទី២-របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលបានអនុវត្តនៅខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈអនុវត្តនៅខែមករា ឆ្នាំ ២០១៨ និង ទី៣-របបសន្តិសុខសង្គមផ្នែកប្រាក់សោធន៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់