Connect with us

ព័ត៌មានជាតិ

ប្រើពេលជាសង្ឃជាង២៧ព្រះវស្សា ព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ ដោយហេតុ «អស់បុណ្យជាសង្ឃ»

បានផុស

នៅ

នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ព្រះមុនិបាលោ ជួន កក្កដា នាយកនៃពុទ្ធិកសាលាបឋមសិក្សា វត្តប្រាសាទនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ ក្រោយប្រើពេលវេលាជាបុព្វជិតជាង២៧ព្រះវស្សា។ ការលាចាកសិក្ខាបទរបស់ធម្មកឋិកដ៏មានប្រជាប្រិយភាពអង្គនេះ ជាដំណឹងដ៏ភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជន ក៏ដូចជាពុទ្ធបរិស័ទដែលតែងនិយមស្ដាប់ព្រះធម្មទេសនារបស់ព្រះអង្គ ដោយមានចម្ងល់ថា តើមានមូលហេតុអ្វីទើបព្រះភិក្ខុមុនិបាលោ ជួន កក្កដា លាចាកសិក្ខាបទ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រាយនឹងចម្ងល់នេះ ព្រះអង្គ ជួន កក្កដា ក៏បានមានសង្ឃដីកាមុនពិធីលាចាកសិក្ខាបទ ថា មិនមែនជាការតក់ក្រហល់ ឬប្រញាប់ពេកនោះទេ ក៏ប៉ុន្តែ ជាការសម្រេចចិត្តមួយសម្រាប់ខ្លួនឯងផ្ទាល់ ពោលគឺ «អស់បុណ្យជាព្រះសង្ឃ» ក្រោយប្រើពេលជាសង្ឃប្រមាណជាង២៧ព្រះវស្សាមកហើយនោះ។

តើអតីតព្រះសង្ឃ ជួន កក្កដា មានជីវប្រវត្តិបែបណា? នៅថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកជីវប្រវត្តិសង្ខេបជម្រាបជូនដូចខាងក្រោម៖

ស្ថានភាពគ្រួសារ

ជាកូនអ្នកត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ លោក ជួន កក្កដា គឺជាកូនកំព្រាឪពុក រស់នៅជាមួយម្ដាយ ហើយដោយសារតែជីវភាពគ្រួសារខ្វះខាត ម្យ៉ាងដោយមាននិស្ស័យ និងការលើកទឹកចិត្តពីជីដូន ជួន កក្កដា បានសម្រេចបួសជាសាមណេរ វ័យ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៨ នៅវត្តវេឡុវ័ន្ត នាភូមិកំណើត។ ឆ្នាំ២០០៥ សាមណេរ ជួន កក្កដា បានបំពេញឧបសម្បទាជាភិក្ខុ ក្នុងពុទ្ធសីមា វត្តស្រែននោង ក្នុងនាមបញ្ញត្តិជា ភិក្ខុមុនិបាលោ។

ប្រវត្តិសិក្សា

វ័យ៦ឆ្នាំ កុមារ ជួន កក្កដា បានចូលសិក្សានៅសាលាបឋមសិក្សា វត្តវេឡុវ័ន្ត ហើយរហូតដល់ឆ្នាំ១៩៩៨ ដែលបានសាងផ្នួសជាសាមណេរ បានសិក្សាបរិយត្តិធម្មវិន័យទាំង៣ថ្នាក់ (ត្រី ទោ ឯក) ហើយចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ សិក្សានៅពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាងខ្មៅ។

បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបឋម ភិក្ខុ ជួន កក្កដា បានបន្តចូលសិក្សានៅពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន នៅក្នុងវត្តមុនីសាគរ ហៅថា សំរោងអណ្ដែត រាជធានីភ្នំពេញ ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩។ បើទោះស្ថិតក្នុងភេទជាបុព្វជិត ក៏ ភិក្ខុ ជួន កក្កដា បានបន្តសិក្សាដល់កម្រិតឧត្តមសិក្សា ពោលគឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាកអនុបណ្ឌិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ បៀលប្រាយ។

បច្ចុប្បន្ន អតីតភិក្ខុរូបនេះ ជាបេក្ខជនបណ្ឌិត សិក្សានៅសាកលវិទ្យា អាស៊ីអឺរ៉ុប ហើយក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅ សាលាភូមិន្ទរដ្ឋបាល។

ជាការចាប់អារម្មណ៍ ពេលថ្មីៗនេះ មុនការលាចាសិក្ខាបទ គឺអតីតភិក្ខុ ជួន កក្កដា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍សង្គមជាតិ ពីសាកលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា របស់លោកបណ្ឌិត កុល ផេង។

តួនាទី និងឋានៈ

រាប់មកដល់ថ្ងៃលាចាកសិក្ខាបទ អតីតព្រះភិក្ខុមុនិបាលោ ជួន កក្កដា មានឋានៈជាព្រះវិន័យធរនៃសាលាគណខេត្តតាកែវ​ ជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ និងជានាយកនៃពុទ្ធិកសាលាបឋមសិក្សាវត្តប្រាសាទនាងខ្មៅ។ មុនទទួលបានឋានៈនេះ អតីតភិក្ខុ ជួន កក្កដា ក៏ធ្លាប់បានបំពេញតួនាទីជាច្រើនទៀត ជាអាទិ៍ ប្រធាននាទីអប់រំជីវិតតាមគន្លងព្រះពុទ្ធសាសនា និងជាឧទ្ទេសាចារ្យបង្រៀនអាចារ្យទូទាំងប្រទេស ព្រមទាំងតួនាទី ឋានៈ ប្រកាសនីយបត្រ និងគ្រឿងឥស្សរិយយសផ្សេងៗទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម