ព័ត៌មានជាតិ
អ្នកអភិវឌ្ឍបុរីអាចនឹងពន្យាការសាងសង់ បើគ្មានការបង់ប្រាក់ពីអតិថិជន
ក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយបញ្ហាសម្ពាធហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋជាអ្នកទិញអចលនវត្ថុនៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់ក្រុមហ៊ុនអភិវឌ្ឍទាំងអស់ជួយបន្ធូបន្ថយការបង់ប្រាក់រំលស់របស់ប្រជាពលរដ្ឋទាំងឡាយណា ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

ទាក់ទងនឹងបញ្ហានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងស្ថានភាពវិបត្តិកូវីដ១៩ វាជារឿងល្អដែលទាំងរាជរដ្ឋាភិបាល និងអ្នកអភិវឌ្ឍត្រូវរួមគ្នាដើម្បី ជួយសម្រួលដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទិញអចលនទ្រព្យណាដែលរងគ្រោះដោយសារជំងឺកូវីដ១៩ ដូចជាការពន្យាការបង់ប្រាក់ និងការលើកលែងការផាកពិន័យជាដើម។»
លោក ច្រឹក សុខនីម បន្តថា ទន្ទឹមនេះរាជរដ្ឋាភិបាលគួរផ្ដល់កិច្ចសហប្រតិបត្តិការល្អផងដែរជាមួយអ្នកអភិវឌ្ឍអចលនវត្ថុ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការពន្យាការបង់ប្រាក់របស់អ្នកទិញអចលនទ្រព្យ ពីព្រោះទាំងអ្នកអភិវឌ្ឍអចលនវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុក៏រងគ្រោះដោយសារជំងឺកូវីដ១៩ដូចគ្នាដែរ។

សម្រាប់អ្នកអភិវឌ្ឍបុរីមួយចំនួន ការពន្យាការបង់ប្រាក់របស់អ្នកទិញអចលនវត្ថុ ទោះតិចឫច្រើន អាចនឹងជះផលអវិជ្ជមានដល់ដំណើរការសាងសង់លំនៅដ្ឋានបុរីនៅក្នុងប្រទេសកម្ពុជា។
លោក បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាអ្នកអភិវឌ្ឍបុរី មានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកអភិវឌ្ឍបុរី ប្រសិនបើអតិថិជនមួយចំនួនធំដែលរងផលប៉ះពាលដោយសារជំងឺកូវីដ១៩ ស្នើពន្យាការបង់ប្រាក់ទិញបុរីនោះ អ្នកអភិវឌ្ឍអាចនឹងរងផលប៉ះពាល់មួយចំនួនដូចជាការបង្ខំចិត្តពន្យាពេលសាងសង់បុរីជាដើម ដោយសារតែ គម្រោងមួយចំនួនត្រូវពឹឹងផ្អែកលើប្រាក់បង់រំលួសរបស់អតិថិជនដើម្បីយកមកសាងសង់ ខណៈដែលប្រាក់មួយចំនួនទៀតអ្នកអភិវឌ្ឍក៏ត្រូវខ្ចីពីធនាគារដែរ។»

លោក បណ្ឌិត គីម ហ៊ាង បន្តថា ក្នុងករណីដែលបុរីត្រូវពន្យាការសាងសង់ កម្មករមួយចំនួននឹងត្រូវបាត់បង់ការងារធ្វើ ការលក់សម្ភារសំណង់នឹងធ្លាក់ចុះ ហើយរដ្ឋក៏ត្រូវបាត់បង់ចំណូលពន្ធដែរ។
ទោះជាយ៉ាងណា លោកស្នើដល់រាជរដ្ឋាភិបាលមេត្តាជួយសម្រួលដល់ការកាត់បន្ថយពន្ធមួយចំនួនដូចជាលំនៅដ្ឋានតម្លៃក្រោម៥ម៉ឺនដុល្លារដោយមិនយកពន្ធប្រថាប់ត្រា ជួយពន្លឿនលិខិតស្នាមរដ្ឋបាលសាធារណទាក់ទងនឹងសំណង់ និងជួយសម្រួលដល់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក និងភ្លើងឱ្យទៅដល់កន្លែងផ្លូវធំៗជាដើម។
ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ សមាគមន៍មីក្រូហិរញ្ញវត្ថុតម្រូវអោយពួកគេស្នើសុំការរៀបចំឥណទានឡើងវិញនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា។

លោក កាំង តុងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា៖ «ចំពោះអ្នកដែលរងផលប៉ះពាល់ពិតប្រាកដ ពួកគេអាចទាក់ទងទៅមន្រ្តីឥណទាន ឬគ្រឹះស្ថានហិរញ្ញាវត្ថុ ដើម្បីសុំរៀបចំឥណទានឡើងវិញ ហើយខាងគ្រឹះស្ថានហិរញ្ញនឹងសិក្សាដើម្បីផ្តល់គោលការណ៍អនុគ្រោះដល់ពួកគាត់។ ប៉ុន្តែប្រសិនបើអតិថិជនគ្រាន់តែបង្ហោះនៅលើបណ្តាញសង្គម ប៉ុន្តែការសិក្សាជាក់ស្តែងមិនមានផលប៉ះពាល់នោះ គ្រឹះស្ថានហិរញ្ញវត្ថុ នឹងមិនអាចផ្តល់ជូនពួកគាត់បានដែរ»។
លោក កាំង តុងី បានបន្ថែមទៀតថា គ្រឹះស្ថានហិរញ្ញមិនអាចរៀបចំឱ្យមានការផ្អាក ឬពន្យារការបង់ប្រាក់ដល់អតិថិជនដោយស្វ័យប្រវត្តិបាននោះទេ ព្រោះខុសពីច្បាប់និតិសន្យា។ អតិថិជនដែលមកធ្វើការស្នើសុំខាងស្ថាប័នហិរញ្ញវត្ថុអាចជ្រើសរើសយកជម្រើសចំនួន២គឺ ជម្រើសទី១បង់តែការប្រាក់ពី៣ទៅ៦ខែ និងជម្រើសទី២ផ្អាកទាំងការទាំងដើមពី៣ទៅ៦ខែ។

យោងតាមរបាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជនបានប្រមាណ២៩ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ពិនិត្យពីលទ្ធភាពបន្ធូបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន និងលើកលែងការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាងមិនបានបង់ប្រាក់តាមកាលកំណត់ជាដើម។
ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្ដល់កិច្ចសហប្រតិបត្តិការល្អក្នុងការអនុវត្តវិធានការខាងលើ ដល់គ្រឹឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់។

អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង