ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងកម្មករ ជាការធានា សុខុមាលភាពរបស់កម្មករពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ
លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានតាមគោលការណ៍បទប្បញ្ញត្តិ នៃច្បាប់ គឺជាទំនួលខុសត្រូវរបស់និយោជក និងជាការធានានូវសុខុមាលភាពកម្មករ-និយោជិតរបស់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងពេលបំពេញការងារ ពិសេសការទទួលបាននូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅពេលពួកគាត់ដល់វ័យចាស់ជរា។

ថ្លែងក្នុងឱកាសបើកពិធីផ្សព្វផ្សាយ “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” និង “ដំណើរការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន កម្មករ-និយោជិត និងបង់ភាគទានមកបេឡាជាតិសន្តិសុខសង្គម” ជូនតំណាងសហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងដង្កោ សរុបប្រមាណជា ៣០០ រូប នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ កាលពីរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ លោកអគ្គនាយករង ប.ស.ស បានបន្ថែមថា «កន្លងមកមានសហគ្រាស គ្រឹះស្ថានមួយចំនួន បានអនុវត្តការចុះបញ្ជិកាសហគ្រាសខ្លួនមក ប.ស.ស បានយ៉ាងត្រឹមត្រូវ ប៉ុន្តែកម្មករ-និយោជិតមិនព្រមមកធ្វើប័ណ្ណសមាជិក ប.ស.ស ដែលទាមទារឱ្យសហគ្រាស គ្រឹះស្ថាន ជំរុញទៅកាន់សាមីខ្លួនផ្ទាល់ ឱ្យមកធ្វើប័ណ្ណសមាជិក ប.ស.ស ឱ្យបានគ្រប់ៗ គ្នា ព្រោះនៅពេលដែលនិយោជិតម្នាក់នោះមានបញ្ហាសុខភាព ឬគ្រោះថ្នាក់អ្វីមួយ និងមានបណ្ដឹង មក ប.ស.ស. នោះ សហគ្រាស គ្រឹះស្ថាន ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»។

លោកអគ្គនាយករង ប.ស.ស ក៏បានអំពាវនាវដល់តំណាងសហគ្រាស គ្រឹះស្ថាន សូមផ្សព្វផ្សាយបន្តដល់កម្មករ-និយោជិតរបស់ខ្លួន ដែលជាសមាជិក ប.ស.ស ប្រសិនបើមានប្ដី-ប្រពន្ធ ឬកូននៅក្នុងបន្ទុក សូមជួយជំរុញពួកគាត់ឱ្យទៅចុះឈ្មោះជាសមាជិក ប.ស.ស នៅគ្រប់សាខា ប.ស.ស ដែលនៅជិតបំផុតឱ្យបានគ្រប់ៗ គ្នា ដើម្បីក្លាយជាសមាជិក ប.ស.ស និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមស្របតាមបទប្បញ្ញត្តិជាធរមាន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ឆ្នាំ ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសចំនួន ៤៤ ៧៩៨ មានកម្មករ-និយោជិតចំនួន ១ ៨១៦ ០៤៦ នាក់ ស្រី ១ ០៦៤ ៦៨១ នាក់ ក្នុងនោះ រោងចក្រកាត់ដេរមានចំនួន ១៥៦៦ មានកម្មករ-និយោជិតចំនួន ៩២៤ ០៤៥ នាក់ ស្រី ៦៩១ ៤២៣ នាក់ បើធៀបទៅនឹងឆ្នាំ ២០២៣ ឃើញថា មានការកើនឡើង ខណៈឆ្នាំ ២០២៣ មានរោងចក្រសហគ្រាសចំនួន ៤០ ៩៧៥ រោងចក្រ មានកម្មករចំនួន ១ ៧១៥ ០២៩ នាក់ ស្រី ១ ០៣៩ ៦៩៩ នាក់ ក្នុងនោះ រោងចក្រកាត់ដេរ មាន ១ ៤៩៩ មានកម្មករ-និយោជិតចំនួន ៨៨៦ ៣៥៥ នាក់ ស្រី ៦៧៣ ៧៣៦ នាក់។

លោក កត្តា អ៊ន បានបន្តថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ ចំនួន ៥២៣ ០១៣ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់។
លោក កត្តា អ៊ន បានបន្តទៀតថា ការកើនឡើង នៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ។ មានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ តាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ព្រោះរាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល