Connect with us

ព័ត៌មានជាតិ

​ផ្លូវ​ស្ពាន​ធំៗចំនួន ៩ គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ ២០២៥

បានផុស

នៅ

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​ស្ពាន​ធំៗ​ចំនួន ៩ កំពុង​ឈាន​ទៅ​បញ្ចប់​ការ​សាងសង់ ​ហើយ​តាម​ផែនការ​នឹង​រួចរាល់​នៅ​ត្រឹម​ឆ្នាំ ២០២៥ នេះ។

ផ្លូវ​ជាតិ​លេខ ១០

ដំណើរការ​ស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់​ខេត្ត ៣ គឺ​ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង (កោះកុង-​វាលវែង-សំឡូត) ប្រវែង​សរុប ១៩៨ គីឡូម៉ែត្រ សម្រេច​ការសាងសង់ជិត ១០០%។

ផ្លូវជាតិលេខ ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ DBST ប្រើប្រាស់​រយៈពេល​​សាងសង់​ចំនួន ៦៦ ខែ ដោយចាប់ផ្ដើម​បើក​ការដ្ឋាន​​កាល​ពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និង​គ្រោង​បញ្ចប់​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៥​ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ជាតិ​លេខ ៤៨

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង​ជាង ១៤៨ គីឡូម៉ែត្រ នៅសល់ផ្លូវដីតែ​ប្រមាណ ១០ គីឡូម៉ែត្រ​ប៉ុណ្ណោះនិង​ត្រៀមក្រាលថ្មអ៊ុតកៅស៊ូ AC បញ្ចប់​គម្រោង​។

បើ​តាម​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ផ្លូវដី​ដែល​នៅ​សេសសល់តិចតួចនេះ ត្រូវ​រក្សាទុក​​ឲ្យ​មាន​រយៈ​ពេល​កំណត់​តាម​បច្ចេកទេស ដោយសារ​ទីតាំងសាងសង់​ត្រូវ​កាត់​ពុះ​ជ្រៀក​ជម្រាល​ភ្នំ ដើម្បីធានាការធ្វើដំណើរ និង​ការដឹកជញ្ជូន​ឲ្យ​មាន​សុវត្ថិភាព​ នៅ​ពេល​ផ្លូវ​ស្ថាបនា​រួចរាល់។

គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ សម្រេចលទ្ធផល​វឌ្ឍនភាព​បានប្រមាណ ៨៩%។

ផ្លូវ​ខេត្ត​លេខ ៣៧៧ និង ៣៧៧ A

ផ្លូវខេត្តលេខ ៣៧៧ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ តភ្ជាប់ពីរង្វង់មូលព្រាបស ក្នុង​ក្រុង​ក្រចេះ ឆ្ពោះ​ទៅទីរួមស្រុកសំបូរ ប្រវែង ៣៥.៥ គីឡូម៉ែត្រ និងផ្លូវខេត្តលេខ ៣៧៧A តភ្ជាប់​ពី​សណ្តាន់​ទៅ​សង្គម ប្រវែង ១៣.៦ គីឡូម៉ែត្រ គ្រោង​នឹងបញ្ចប់ការស្ថាបនាជាស្ថាពរនាខែមេសា ឆ្នាំ​២០២៥ មុន​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ចូលមកដល់។

​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ លោក សាំង ប៊ុនថេន បានឲ្យកម្ពុជាថ្មី​ដឹង​កន្លង​ទៅ​ថា យោងតាមកិច្ច​សន្យា គឺគម្រោងស្តារ ជួសជុល និងថែទាំផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A ដោយ​ក្រាលកៅស៊ូ AC គ្រោង​បញ្ចប់ការ​ស្ថាបនាជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែ​ត្រូវ​បាន​ពន្យាពេល។

ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A បានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ដោយ​ប្រើប្រាស់​ថវិកា​ពី​ធនាគារ​ពិភពលោក (World Bank) ប្រចាំកម្ពុជា។

បើ​តាម​ក្រុម​ការងារ​សាងសង់​ ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A កំពុង​សរម្រុក​បញ្ចប់​ឲ្យ​មុនពិធីបុណ្យប្រពៃណីជាតិខ្មែរចូលមកដល់ ខណៈ​ដែល​បច្ចុប្បន្ន​ក្រុមការងារបាននឹង​កំពុងស្ថាបនាជួសជុលផ្លូវ និងស្ពាននៅសង្កាត់ក្រគរ និងនៅទីរួមស្រុកសំបូរតែប៉ុណ្ណោះ ដែល​នឹង​អាច​បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរនៅពេលដ៏ខ្លី​ខាងមុខ​នេះ។

ផ្លូវជាតិ​លេខ ២៣

ផ្លូវជាតិលេខ ២៣ ជា​ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ កំពុង​ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។

ផ្លូវជាតិលេខ ២៣ (NR23) មាន​ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹង ១១ ម៉ែត្រ ចាប់​ពី​គល់​ស្ពាន​កោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុក​លើកដែក ខេត្តកណ្តាល ឆ្លងកាត់ឃុំចំនួន ៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និង​ឃុំ​ពាមរាំង។

ខ្សែផ្លូវនេះជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តភ្ជាប់នៅក្នុងតំបន់ដ៏ប្រទាក់ក្រឡា ព្រម​ទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។

តាម​រយៈ​ផ្លូវ​មួយ​ខ្សែ​ថ្មីនេះ អាច​ឲ្យ​ប្រជាពលរដ្ឋធ្វើដំណើរបានដោយងាយស្រួលពីស្រុកកោះធំ ទៅ​ស្រុក​លើកដែកខេត្តកណ្តាល ដោយមិនចាំបាច់ធ្វើដំណើរ​វាង​ចូលរាជធានី​ភ្នំពេញ ហើយ​បើតាម​មន្រ្តី​ក្រសួង​សាធារណគារ​និង​ដឹកជញ្ជូន ចូលឆ្នាំខ្មែរខាងមុខនេះ ពលរដ្ឋ​អាច​ជិះកាត់ពីកោះធំទៅលើកដែក លែង​លំបាក​ទៀតហើយ។

ផ្លូវ​ខេត្ត​លេខ ៣១២

ផ្លូវខេត្តលេខ ៣១២ មាន​ប្រវែង ២៨,៣៧ គ.ម ចាប់​ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់​បំបែកផ្លូវជាតិ​លេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូត​ដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង។

ផ្លូវ​ខេត្ត​លេខ ៣១២ ត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទ​ផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និង​ផ្នែកខ្លះ​ក្រាលបេតុងសរសៃដែកកម្រាស់ ២៥ ស.ម ដែល​​មានទទឹងរួម ១១ ម៉ែត្រ និងមាន ២ គន្លងទៅ-មក។

ផ្លូវ​នេះ​ជា​ខ្សែ​ផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែនដែលបានតភ្ជាប់តំបន់​ទីប្រជុំជន ទៅកាន់តំបន់​ព្រំដែន ​(កម្ពុជា-វៀតណាម)។

ផ្លូវខេត្តលេខ៣១២ បាន​បើកការដ្ឋានកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែល​អនុវត្តការ​សាងសង់​ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់​ថវិកា​ឥណទានសម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៥ លានដុល្លារអាមេរិក។

គិត​ត្រឹម​ដើម​ខែ​មីនា ឆ្នាំ ២០២៥ ការ​សាងសង់​ស្ទើរ​រួចរាល់ ១០០%៕

កំណាត់​ផ្លូវ​ជាតិលេខ ៧

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​ក្នុង​ខេត្ត​ស្ទឹងត្រែង​ មាន​ប្រវែង ៥៨ គីឡូម៉ែត្រ បាន​បញ្ចប់ការ​សាងសង់​ ១០០%។

លោក សរ គឹមណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា កំណាត់​ផ្លូវ​នេះ​កន្លង​មក​​​រង​ការ​ខូចខាត​ជា​ខ្លាំង ​ពិបាក​សម្រាប់​ការ​ធ្វើ​ដំណើរ​និង​ការ​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ។

លោក សរ គឹមណាត បាន​គូស​បញ្ជាក់ថា ​ដំបូង​ឡើង ការ​សាងសង់​កំណាត់​ផ្លូវ​នេះគ្រោង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​​ចិន​ ដោយ​លើក​កម្រិត​ទៅ​ជា​បេតុង​កៅស៊ូ (AC) ចាប់​ពី​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​រហូត​ដល់​ច្រក​ត្រពាំង​ក្រៀល​ជាមួយ​ឡាវ ប៉ុន្តែ​ដោយ​មិនចង់​រង់ចាំ​យូរ​ រដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ដើម្បី​ជួសជុល​បណ្ដោះ​អាសន្ន ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ទម្លាក់​ថវិកា​ជួសជុល​ឡើងវិញ​ ដោយ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ DBST និង​ពង្រីក​ទទឹង​រហូត​ដល់ ១០ ម៉ែត្រ។

ក្រោយ​លើក​កម្ពស់​គុណភាព​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ បើ​តាម​លោក សរ គឹមណាត ចរាចរណ៍​ដឹក​ទំនិញ​និង​ការ​ធ្វើ​ដំណើរ​មាន​កំណើន​ជាង ៦០% មិនដូច​ប៉ុន្មានឆ្នាំ​មុន​ស្ទើរ​តែ​​គ្មាន​ចរាចរណ៍​​ធ្វើ​ដំណើរ​ទាល់​​តែ​សោះ។

ផ្លូវជាតិលេខ ៧៣

គម្រោងកែលម្អ ជួសជុល និងការថែទាំផ្លូវជាតិ ៧៣ ប្រវែង ៤៩,៨១២ គីឡូម៉ែត្រ លាត​សន្ធឹង​ពី​ខេត្ត​ត្បូងឃ្មុំ-ខេត្ត​ក្រចេះ សម្រេច​វឌ្ឍនភាព​បាន​ប្រមាណ ៩៣.០៦% គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥។

បើគ្មានការ​ប្រែប្រួល គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ ៧៣ នឹង​ត្រូវ​បញ្ចប់​នៅចុង​ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះ​បើតាមលោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ដែល​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​ការ​ស្ថាបនា​ផ្លូវ​ជាតិលេខ ៧៣ ដែលកំពុង​អ៊ុតកៅស៊ូ​ឈាន​ទៅ​បញ្ចប់​ឆាប់ៗ​នេះ។

ការ​​ស្ថាបនាផ្លូវជាតិលេខ ៧៣ ត្រូវ​​​ពង្រីកទទឹងផ្លូវ​ពី ៨-៩ ម៉ែត្រ ដល់ ១១ ម៉ែត្រ ដោយ​អ៊ុត​ក្រាល​កៅស៊ូ (AC) និង​នៅ​តំបន់ផ្សារចាក់បេតុងបន្ថែម។

តាមរយៈផ្លូវជាតិ​លេខ ៧៣ នឹង​នាំមកអត្ថប្រយោជន៍យ៉ាងសម្បើម​ដល់ប្រជាពលរដ្ឋក្នុងស្រុក និង​ធានា​អត្ថប្រយោជន៍​ដល់សហគមន៍មូលដ្ឋាន និង​ក្នុងខេត្តចំនួន ៦ របស់កម្ពុជាគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយពេល​តិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិនានា។

ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ក្រចេះ

គិតត្រឹម​ពាក់កណ្តាល​ខែមីនា ឆ្នាំ២០២៥ ដំណើរការ​សាងសង់​ស្ពានឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ វឌ្ឍនភាព​សម្រេច​បាន​ប្រមាណ ៩០%។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១ ៧៦១ ម៉ែត្រ។ បើ​តាម​ការ​គ្រោងទុក ស្ពានឆ្លងកាត់​ទន្លេ​មេគង្គ​ខេត្តក្រចេះ អាច​នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

បន្ត​ចុចអាន៖ ផ្លូវ​ជាតិ​សំខាន់ៗ ៣ ខ្សែ បញ្ចប់​ការ​សាងសង់​១០០% ​តភ្ជាប់​គ្នា​យ៉ាង​ប្រទាក់ក្រឡា
បន្តចុចអាន៖ ៥ សមិទ្ធផលធំៗ បាន​ផ្លាស់ប្តូរ​មុខមាត់​​ថ្មី​ខេត្ត​កែបកាន់តែ​ស្រស់បំព្រង និង​រីកចម្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម