Connect with us

ព័ត៌មានអន្ដរជាតិ

​តើ Rodrigo Duterte ​​ជាឧក្រិដ្ឋជន​ ឬ​ជាវីរបុរស​​​របស់​​​ប្រជាជន​ហ្វីលីពីន​​?​

បានផុស

នៅ

​ការ​ចាប់ខ្លួន​ កា​របញ្ជូន​ខ្លួនរបស់​​អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែល​បាន​​ឡើង​​​​កា​ន់​អង្គជំនំ​ជម្រះ​​មុន​​​សវនាការ​ផ្លូវការ​​​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​​​អន្តរជាតិ (ICC) កំពុងត្រូវ​បាន​​​​ចោទ​សួរ​យ៉ាង​ទូលំទូលាយ​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន​ទូទៅ​​ ក៏ដូចជា​អ្នក​នយោបាយ​​​​ហ្វីលីពីនដែល​តាមដាន​រឿង​នេះ​យ៉ាង​យក​ចិត្តទុក​ដាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខណៈ​ការ​ចាប់​ខ្លួន​​​លោក Duterte ​មាន​រយៈ​ពេល​១០ថ្ងៃ​មក​ដល់​ថ្ងៃទី​២១​ខែមីនា​នេះ ដំណើរ​ការ​ផ្លូវ​ច្បាប់​ប្រឆាំងលោក បាន​​ធ្វើ​​​​ឡើង​នៅ​ក្របខណ្ឌ​​ស្ថាប័ន​កំពូល​របស់​ពិភពលោក​មួយនេះ​ ហើយ​​​ចលនា​នៃ​កា​តវ៉ា​ទាមទារ​​​​របស់​អ្នក​គាំទ្រ​លោក​ក៏បាន​កក្រើក​ឡើងនៅក្នុងប្រទេស ស្របពេលដែល​​អ្នក​នយោបាយ​និង​អ្នកច្បាប់​​បាន​ជជែក​គ្នាយ៉ាង​​ទូលំទូលាយ​ក្នុងរឿងនេះ​​។

ដើម្បី​​ដឹងច្បាស់​និង​លម្អិត​អំពី​​ដំណើរ​ការ​​​​នីតិវិធី​​​ដែលលោក​ Duterte ដែលជាមេដឹកនាំ​​អាស៊ី​ដំបូង​បំផុត​ប្រឈម​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ កម្ពុជា​ថ្មី​សូម​លើក​យក​នូវ​ដំណើរ​ការ​​ចាប់​ខ្លួន​ដ៏ចម្រូងចម្រាស ដោយ​មតិខ្លះ​យល់​ថា ​លោក គឺជា​វីរជន​​​បង្រ្កាប​គ្រឿងញៀន ខណៈទិដ្ឋភាព​ច្បាប់​លោក គឺ​ជាឧក្រិដ្ឋជនទៅវិញ។​

លោក​ Duterte ​បានបង្ហាញខ្លួន​ចុងក្រោយ​ នៅ​ពេល​ចូលរួម​ដំណើរការ​សាកសួរ​លើកដំបូង​មុន​​​សវនាការ​របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) តាមរយៈតំណភ្ជាប់វីដេអូ នៅរសៀលថ្ងៃសុក្រទី១៤ ខែមីនានេះ (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់)។ ចាប់តាំងពីលោក Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ខែមីនាដល់ដំណើរការជំនុំជម្រះក្តីនៅ ថ្ងៃ ទី១៤ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូល មានរយៈពេលត្រឹមតែ៤ថ្ងៃ​ដ៏​​ចម្រូវងចម្រាស​និង​តក់​ក្រហល់​។

តើកត្តាដែលគ្មានអ្នកដឹងអ្វីខ្លះ ត្រូវបានលាក់នៅពីក្រោយនីតិវិធីអនុវត្តច្បាប់ «ប្រកបដោយប្រសិទ្ធភាព»​ បែបនេះ ខណៈ​ការ​ចោទ​ប្រកាន់​រូប​លោកបាន​កើត​មាន​ជាយូរមក​ហើយនោះ?​​

មាន​ការ​កត់សម្គាល់​ឃើញថា ការចាប់ខ្លួននិងដំណើរការជំនុំជម្រះក្តីលោក Rodrigo Duterte លើកនេះ មានការកំណត់ពេលវេលា​បន្ត​កន្ទុយគ្នា​ជាប់​រដឹក​​ដែលខុសពីប្រក្រតី។ នៅថ្ងៃទី១១ខែមីនា នៅពេលដែលលោក Duterte បាន​វិល​ត្រឡប់ពី​​ទីក្រុង​ហុងកុងទៅដល់ទីក្រុងម៉ានីល​វិល​ លោក Duterte ត្រូវបានប៉ូលីសហ្វីលីពីនឃាត់ខ្លួន ហើយបញ្ជូនទៅប្រទេសហូឡង់នៅយប់ថ្ងៃដដែរ។ ​ជើង​យន្តហោះ​ដឹក​​លោក Duterte បាន​ទៅដល់ទីក្រុងឡាអេ ដែល​មាន​ចម្ងាយ​ជាង​​​១ម៉ឺន​គីឡូម៉ែត្រ​​ នៅថ្ងៃទី១២ខែមីនា​​ប។ បន្ទាប់ពីពិនិត្យសុខភាព​រួច​រាល់​នៅថ្ងៃទី១៣ខែមីនា ចៅក្រមតុលាការ​ ICC ក៏សម្រេច​ឃុំ​​ខ្លួន​លោក​នៅ​មន្ទីរ​ឃុំឃាំង​​របស់​​តុលាការ​ឧក្រិដ្ឋកម្ម​ ICC។ ​តុលាការ​នេះ​ក៏​ចាប់ផ្តើមដំណើរការជំនុំជម្រះក្តី នៅថ្ងៃ​ទី១៤ខែមីនា។

មានការ​កត់សម្គាល់​ដែរថា ប្រសិទ្ធភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាធម្មតាគឺមិនខ្ពស់ទេ ប៉ុន្តែលើកនេះវាលឿនរហ័សពេក ដែលធ្វើឲ្យមានការសង្ស័យថា មានកម្លាំងជំរុញជាពិសេសនៅពីក្រោយ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់លោក Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មើលទៅបទចោទប្រកាន់​នេះហាក់ដូចជាមានស្ថានទម្ងន់ទោស ប៉ុន្តែ តាមពិតទៅគឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធនាការប្រឆាំងគ្រឿង​ញៀន​របស់លោក Duterte ពេលកំពុងកាន់តំណែង។ តាមដី​កា​​​ចោទ​​ប្រកាន់​របស់តុលាការ​ បទល្មើស​នានា​ត្រូវបាន​គេ​ចាប់​ផ្តើម​រាប់តាំងពីថ្ងៃទី​​១វិច្ឆិកា​២០១១​ ដល់​ឆ្នាំ​២០១៩ មុន​ពេលប្រទេសហ្វីលី​​ពី​ន​​ដកខ្លួន​ផុត​ពី​​​​សមាជិក​ហត្ថលេខី​របស់​តុលាការ​ ICC​។

មុនពេលលោក Duterte ចូលកាន់តំណែង ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់៤លាននាក់ ដែលបញ្ហាគ្រឿងញៀនប្រៀបដូចជាទឹកជំនន់បាក់ទំនប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម។

បន្ទាប់ពីលោក Duterte ចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនដោយកណ្តាប់ដៃដែក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១,៦លាននាក់ ហើយសន្តិសុខសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយលោក Duterte ក៏បានក្លាយជាវីរបុរសប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបេះដូងប្រជាជនហ្វីលីពីន។

ប៉ុន្តែ ឥឡូវនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចាត់ទុកលោក Duterte ជាឧក្រិដ្ឋជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនមួយចំនួនក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចំពោះស្តង់ដារវិនិច្ឆ័យនេះ គឺពិតជាពិបាកនឹងឱ្យមហាជនយល់ស្របតាម។

យោងតាមមាត្រា១២(១) នៃ《លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ》 «ប្រទេសមួយដែលក្លាយជាភាគី នៃ​លក្ខន្តិកៈនេះ»​ គឺជាលក្ខខណ្ឌចាំបាច់ដែលត្រូវការជាមុន សម្រាប់ការអនុវត្តយុត្តាធិការរបស់ស្ថាប័ននេះ។ ប៉ុន្តែ ប្រទេស​ហ្វីលីពីន បានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះ បើនិយាយតាមហេតុផលផ្លូវច្បាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺលែងមានយុត្តាធិការលើប្រទេសហ្វីលីពីនទៀតហើយ កាន់តែមិនមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសលោក Duterte។

អ្នកវិភាគខ្លះយល់ឃើញថា ប្រទេសហ្វីលីពីន នឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែឧសភា ឆ្នាំ​២០២៥​ខាងមុខ​នេះ ហើយក្រុមគ្រួសាររបស់អតីតប្រធានាធិបតី លោក Duterte និងប្រធានាធិបតីបច្ចុប្បន្ន លោក ម៉ាកូស​(Marcos)​ គឺជាកម្លាំងនយោបាយដ៏ធំបំផុតពីរនៅក្នុងប្រទេសហ្វីលីពីន។ នេះគឺ ជាមូលហេតុ ដែល រដ្ឋាភិបាល លោក Marcos ប្រើប្រាស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិធ្វើទុក្ខបុកម្នេញ លោក Duterte ដែលជាគូប្រជែងនយោបាយ ក្នុង គោលបំណងនយោបាយ។

ទោះបីជាលោកប្រធានាធិបតី Marcos បានសង្កត់ធ្ងន់ថា ការចាប់ខ្លួននេះគឺធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមានប្រតិកម្មយ៉ាងខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីនទាក់ទងនឹងបញ្ហានេះ។ គេហទំព័រ ABS-CBN របស់ហ្វីលីពីនបានរាយការណ៍នៅថ្ងៃទី១៧ខែមីនាថា លោកស្រី Imee Marcos ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា «ខ្ញុំកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី លោក Duterte ដែលជាបញ្ហានាំឱ្យមានការបែកបាក់ប្រទេសយ៉ាងធ្ងន់ធ្ងរ»។

ក្រុម​អ្នក​តវ៉ាគាំទ្រ​​អតីត​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ​ទាមទារ​ឲ្យដោះលែង។ REUTERS/Lisa Marie David

នៅល្ងាចថ្ងៃទី១១ខែមីនា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតាតេ (Sara Duterte) ដែល​ជា​កូនស្រី​ លោក Duterte បានចេញសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន បានចាប់ខ្លួន ឳពុកលោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ដោយផ្អែកលើដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទង្វើនេះគឺជាការប្រមាថជាសាធារណៈចំពោះអធិបតេយ្យភាពប្រទេសហ្វីលីពីន។

យោងតាមសេចក្តីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន អ្នកគាំទ្រលោក Duterte បានធ្វើបាតុកម្មនៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី១៥និងថ្ងៃទី១៦ ដើម្បីទាមទារឱ្យធ្វើមាតុភូមិនិវត្តន៍លោក Duterte មកហ្វីលីពីនវីញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថា ត្រឹមតែនៅទីក្រុង Davaoមួយ ជាទីក្រុង​ដែល​លោក Duterte ​ធ្លាប់​ធ្វើជាអភិបាល​ក្រុង​ គឺមានមនុស្សប្រហែល៣ម៉ឺននាក់បានចូលរួមក្នុងការហែក្បួនគាំទ្រលោក Duterte កាលពីថ្ងៃទី១៦ខែមីនានេះ។

វាពិតជាពិបាកនឹងនិយាយឱ្យបានច្បាស់លាស់អីពីល្បែងនយោបាយដ៏ស្មុគស្មាញ ដែលបានឆ្លុះបញ្ចាំងនៅពីក្រោយ នៃការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក Duterte ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ។ ​ប៉ុន្តែ​​ដំណើរការ​នីតិវិធី​ច្បាប់​អន្តរជាតិ​ក៏ហាក់​បង្ហាញ​ច្បាស់​ថា អតីត​​ប្រធានាធិបតី​ Dutere ​បាន​រំលោភអំណាច​ដោយ​ការ​បញ្ជា​​ឲ្យសម្លាប់​​​ជន​រងគ្រោះ​ដោយ​គ្មានការ​ជម្រះក្តី​ត្រឹមត្រូវ​ ដែលជាហេតុ​ជាប់បន្ទុក។

យ៉ាងណាក៏ដោយ ​មាន​​ការ​បួង​សួង​​សូម​ឲ្យុ​ លោក Duterte ដែល​ជាមេដឹកនាំ​​​អាស៊ី​និង​ពីអាស៊ីអាគ្នេយ៍​ដំបូងគេ​ អាចទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងការកសាងសណ្តាប់ធ្នាប់ នៃតុលាការអន្តរជាតិកាន់តែស្មើភាព និងយុត្តិធម៌៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជប៉ុន ចង់​ដាក់​​មីស៊ីល​ចម្ងាយ​ឆ្ងាយ​លើ​កោះ Kyushu តែ​កូរ៉េ​ខាង​ជើង​ព្រមាន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

Sokha Hotels

ព័ត៌មានពេញនិយម