ព័ត៌មានជាតិ
អាជ្ញាធររាជធានីណែនាំសមត្ថកិច្ចពាក់ព័ន្ធឱ្យរៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់២០២៥នេះ ឱ្យបានល្អបំផុត
ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា “សង្ក្រាន” នេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ។

ការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០មីនានេះ ខណៈលោកបានអញ្ជើញជាអធិបតីតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍ថា ថ្មីៗនេះមានបណ្តាញសង្គមមួយនោះបានចុះផ្សាយព័ត៌មានខុសពីការពិត ដោយថា «ភ្នំពេញដូនពេញក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។ការបង្ហោះនូវព័ត៌មានក្លែងក្លាយខុសពីការពិតនេះ ពួកគេធ្វើឡើងដើម្បីបំផ្លាញជាតិរបស់យើង។ លោកបញ្ជាក់ថា ពួកអគតិតែងតែប្រឆាំងនៅពេលដែលពួកគេបានដឹងថា រាជរដ្ឋាភិបាលបង្កើតបាននូវសមិទ្ធផលធំៗជូនជាតិ។

ជាក់ស្តែងពេលនេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំ “សង្ក្រាន” នេះដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ ទើបពួកគេបង្កើតឱ្យមានជាព័ត៌មានក្លែងក្លាយខុសពីការពិតនេះឡើង។ ដូចច្នេះទេ សូមឱ្យទាំងអស់គ្នារៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះឱ្យបានល្អបំផុត។

“សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ”នេះ បានលើកឡើងពី ការរៀបចំជាកន្លែងទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីការគិតគូរលើការជួសជុលសួនកុមារ ជួសជុលនាឡិកា ជួសជុលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តុបតែងភ្លើងបន្ថែមទាំងនៅខាងក្នុងនិងខាងក្រៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ។ ហើយ “សង្ក្រាន្តវត្តភ្នំ” ក៏នឹងត្រូវភ្ជាប់ជាមួយ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តទៅដល់៥ថ្ងៃ រហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី៕
ដោយ ៖ ស្រីរ័ត្ន












-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា