ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ អគារ«ផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ» តម្លៃជិត ១ លានដុល្លារ នឹងបម្រើសេវាយ៉ាងសកម្មកាត់បន្ថយអត្រាមរណភាពទារក និង កុមារ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជឿជាក់ថា អគារ «ផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ» ដែលមានតម្លៃជិត ១ លានដុល្លារ នេះ នឹងបម្រើសេវាយ៉ាងសកម្ម ចូលរួមកាត់បន្ថយអត្រាមរណភាពទារក និង កុមារ ជាពិសេសផ្តល់ភាពងាយស្រួល ដោយរុញសេវាបានជិតប្រជាពលរដ្ឋក្នុងបណ្ដាខេត្តនៅភូមិភាគឦសានដែលពីមុនធ្លាប់តែឆ្ងាយ។

ការជឿជាក់នេះ ក្នុងឱកាស លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារចំនួន ១ ខ្នង កម្ពស់ ២ ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ។

នាឱកាសនោះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្ម និង អភិវឌ្ឍន៍វិស័យសុខាភិបាល ឲ្យមានការរីកចម្រើនកាន់តែខ្លាំង ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដឹកនាំបន្តពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

លោក នេត្រ ភក្ត្រា ជឿជាក់ថា អគារ «ផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ» នេះ នឹងបម្រើសេវាយ៉ាងសកម្ម ចូលរួមកាត់បន្ថយអត្រាមរណភាពទារក និង កុមារ ដោយផ្ដល់នូវការព្យាបាលជំងឺកុមារសម្រាប់កុមារ និង ទារក ក្នុងខេត្តក្រចេះ និង បណ្ដាខេត្តនានា ជាពិសេសផ្ដល់ភាពងាយស្រួល និង រុញសេវាបានជិតប្រជាពលរដ្ឋក្នុងបណ្ដាខេត្តនៅភូមិភាគឦសាន ដែលពីមុនធ្លាប់តែឆ្ងាយ ប៉ុន្តែឥឡូវនេះ បានកៀកជិត និង ប្រកបដោយជំនឿទុកចិត្តខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឬ បណ្ដាខេត្តផ្សេងទៀតដូចពីមុន។

ទន្ទឹមនេះដែរ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា អគារដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ថ្មីមួយទៀត ដើម្បីបម្រើសេវាសុខាភិបាលជូនដល់កុមារកម្ពុជាប្រកបដោយស័ក្តិសិទ្ធិភាព ជាពិសេសកុមារ និង ទារក នៅមូលដ្ឋានខេត្តក្រចេះ។

លោកសាស្ត្រាចារ្យ គូសបញ្ជាក់ថា «វិស័យសុខាភិបាល រីកចម្រើនទៅបាន គឺត្រូវមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្នុងនាមក្រសួងសុខាភិបាល និង រូបខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានចូលរួមពង្រឹងសមត្ថភាពវិស័យសុខភាពសាធារណៈនៅតំបន់ដាច់ស្រយាល នៃប្រទេសកម្ពុជា ក្នុងការថែទាំកុមារមានជំងឺ និង របួសធ្ងន់ធ្ងរ ស្របតាមគោលការណ៍ណែនាំ និង បទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល ឆ្លើយតបតាមតម្រូវការសេវារបស់ប្រជាជន ពិសេសផ្នែកជំងឺទារក និង កុមារ និង បានជួយសាងសង់អគារផ្នែកជំងឺកុមារចំនួន ១ ខ្នង មានកម្ពស់ ២ ជាន់ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានចំណាយថវិកាសរុបចំនួន ៩៤,៥៥៦០ ដុល្លារ»។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអរគុណដល់ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ សម្រាប់រុះរើអគារចាស់ និង បន្ថែមគ្រឹះក្រោមអគារថ្មីផ្នែកជំងឺកុមារនេះ។
ជាមួយនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអំណរគុណផងដែរចំពោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភគាំទ្រដល់មន្ទីរសុខាភិបាលខេត្តក្រចេះ។
គួរជម្រាបថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត , លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ , លោក វីលៀមហៅស្វីត ប្រធានក្រុមប្រឹក្សាភិបាល និង ជានាយកប្រតិបត្តិអង្គការ មណ្ឌលថែទាំសុខភាពកុមារចេនឡា រួមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តរតនគីរី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា អគារផ្នែកជំងឺកុមារថ្មីខាងលើនេះ ត្រូវបានសាងសង់ឡើងដោយគម្រោងរបស់អង្គការមណ្ឌលថែទាំសុខភាពកុមារ ចេនឡា ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលមានបណ្ដោយប្រវែង ៤០ ម៉ែត្រ ទទឹងប្រវែង ១៤ ម៉ែត្រ និង មានគ្រឹះក្រោមអាចសាងសង់បាន ៥ ជាន់ នៅពេលខាងមុខ ដែលបច្ចុប្បន្នសាងសង់កម្ពស់ ២ ជាន់ មានរយៈពេល ៨ ខែ ចាប់ពីខែឧសភា ឆ្នាំ ២០២៤ ដល់ដើមខែមករា ឆ្នាំ ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៩៤៥,៥៦០ ដុល្លារ។ ជាន់ទី១-មានបន្ទប់ពិគ្រោះចំនួន ៣ បន្ទប់ , បន្ទប់គ្រូពេទ្យ ១ បន្ទប់ , បន្ទប់បើកឱសថ ១ បន្ទប់ , បន្ទប់សង្គ្រោះបន្ទាន់ ១ បន្ទប់ មាន ៣ គ្រែ , បន្ទប់សម្រាប់ជំងឺធ្ងន់ ១ បន្ទប់ , មាន ១០ គ្រែ , មានកន្លែងរង់ចាំ និង បន្ទប់សម្រាប់ផ្លាស់សម្លៀកបំពាក់។ ជាន់ទី២-ផ្នែកសម្រាកពេទ្យ ១ បន្ទប់ ៣៥ គ្រែ , ផ្នែកថែទាំ និងព្យាបាល ២ បន្ទប់ ស្មើនឹង ២០ គ្រែ , ក្រៅពីនេះមានបន្ទប់សម្រាប់បុគ្គលិក , បន្ទប់សម្ភារៈបរិក្ខារពេទ្យ , បន្ទប់ប្រជុំ និង បណ្ដុះបណ្ដាល៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ