ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសតូហ្គោ បញ្ជាក់ពីបំណងពង្រីកការតភ្ជាប់ពាណិជ្ជកម្មជាមួយកម្ពុជា
តូហ្គោ បានបញ្ជាក់ពីបំណងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ខណៈពេលដែលកម្ពុជា បាននិងកំពុងបន្តការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់លើគ្រប់វិស័យ។

ការលើកឡើងនូវបំណងនេះ គឺធ្វើឡើងតាមរយៈលោក Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេសនៃសាធារណរដ្ឋតូហ្គោ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី Robert DUSSEY បានសម្ដែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វេីម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០ នៅឆ្នាំ២០២៦ ហើយលោកបានបញ្ជាក់ពីការគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះឱ្យទទួលបានជោគជ័យ។

រដ្ឋមន្ត្រីការបរទេសតូហ្គោ ក៏បានជម្រាបសម្ដេចធិបតី ពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រសួងការបរទេសកម្ពុជា ព្រមទាំងអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា និងស្វែងរកនូវកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះរដ្ឋាភិបាលតូហ្គោ ដែលបានគាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លេីកទី២០ នៅឆ្នាំ២០២៦ ហើយសម្ដេច បានគូសបញ្ជាក់ពីទំនាក់ទំនងការទូតរវាងកម្ពុជា និងតូហ្គោ ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ គឺកំពុងតែមានភាពសកម្មឡើង ដែលសម្រេចបាននូវលទ្ធផលដ៏ល្អនៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងការបរទេសទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ទៅកាន់ប្រតិភូតូហ្គោផងដែរថា កម្ពុជា និងតូហ្គោ មានវិស័យសក្ដានុពលជាច្រើនទៀត ក្នុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជន និងឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ត្រង់ចំណុចនេះ សម្ដេចធិបតី និងរដ្ឋមន្ត្រីតូហ្គោ ក៏បានពិភាក្សាស្វែងយល់ និងចែករំលែកនូវបទពិសោធក្នុងការអភិវឌ្ឍប្រទេសទៅលើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ថាមពលស្អាត និងអប់រំ ជាដើម។

ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Robert DUSSEY រដ្ឋមន្ត្រីការបរទេសតូហ្គោ នៅកម្ពុជា គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្រៅពីជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងសមភាគី គឺលោក ប្រាក់ សុខុន, លោក Robert DUSSEY ក៏បានចូលជួបជាមួយថ្នាក់ដឹកនាំក្រសងស្ថាប័នមួយចំនួនទៀត ជាអាទិ៍ រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្រ្តីឧស្សាហកម្ម ក្នុងគោលបំណងជជែកគ្នាពីការស្វែងរកការពង្រឹងពង្រីកទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា និងតូហ្គោ៕

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ