Connect with us

ព័ត៌មានជាតិ

លោក សាយ សំអាល់ ស្នើ​ឱ្យ​ភាគី​វិវាទ​ដីធ្លី​ទាំងអស់​ដោះស្រាយ​បញ្ហា និង​ឈាន​ទៅ​បញ្ចប់​បញ្ហា​ដីធ្លី​ទាំងមូល​ក្នុង​ខេត្ត​ក្រចេះ

បានផុស

នៅ

ក្រចេះ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បាន​អញ្ជើញ​ជា​អធិបតីភាព​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​ដោះស្រាយបញ្ចប់វិវាទដីធ្លី និងឈានទៅបញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ធ្វើឡើង​នៅសាលាខេត្តក្រចេះ ហើយ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំង​ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការ ចំនួន ១៤០នាក់។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា លោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា កិច្ច​ប្រជុំ​នេះ​ គឺ​ជាឱកាសរួមគ្នាបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងខេត្តក្រចេះ និង​ឈាន​ទៅ​បញ្ចប់​ការ​ចុះបញ្ជីដីធ្លីនាពេលខាងមុខ ដូច្នេះ​សុំ​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវចូលរួម​រក​ដំណោះស្រាយ​ឱ្យបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ និង​ចុះ​បញ្ជី​ដី​ឱ្យ​បានចប់សព្វគ្រប់​ដើម្បីបញ្ចប់​ភាព​ចម្រូងចម្រាស​លើ​បញ្ហា​ដីធ្លី ក្នុងខេត្តក្រចេះទាំងមូល។

លោក សាយ សំអាល បាន​ថ្លែង​ថា ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាលកម្ពុជា ដឹក​នាំ​ដោយ​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ការងារ​ចុះ​បញ្ជី​ដីធ្លី​ជា​បញ្ហាសំខាន់ ដែល​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​បានយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះ​សូម​ជំរុញ​ដល់​ក្រុម​ការងារ​ចុះ​បញ្ជី​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ ត្រូវ​ខិត​ខំ​បំពេញ​ភារកិច្ច​នេះ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ និង​ឆាប់​រហ័ស​ស្រប​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់ ជា​ពិសេស​នោះ​គឺ​ការ​បន្ត​សកម្មភាព​រៀប​ចំ​ចុះ​បញ្ជី​ដីធ្លី​ឱ្យ​បាន​រួចរាល់ ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុក្រឹតភាព។

លោក​ឧបនាយករដ្ឋមន្រ្តី បានបន្ត​ថា កន្លង​ទៅ​ថ្មីៗ​នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និង​ការងារ​រយៈ​ពេល​វែង។ ការ​ងារ​ចំពោះ​មុខ​ត្រូវ​បញ្ចប់​ការងារ​នេះ​ដោយ​ប្រសិទ្ធភាព និង​សុក្រឹត្យភាព តាម​រយៈ​ការ​ចុះ​បញ្ជី​ដី​ឱ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។

យោង​តាម​របាយការណ៍​លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់​ខេត្តក្រចេះ​មាន​ក្បាល​ដី​ប៉ាន់​ស្មាន​ដែល​ត្រូវ​ចុះ​បញ្ជី​ចំនួន ២២០,១០៦ក្បាលដី, ក្បាលដី​ដែល​បាន​វាស់វែង ចំនួន ១៨៥,១១៩ក្បាលដី, ក្បាល​ដី​បាន​វាស់វែង​កំពុង​បន្ត​នីតិវិធី ចំនួន ៨៩,៥១៥បណ្ណ/ក្បាលដី, ក្បាលដីមិនទាន់វាស់វែង ចំនួន ៣៤,៩៨៧បណ្ណ/ក្បាលដី។

ដោយ​ឡែក​សម្រាប់​ក្បាលដី​ពុំ​ទាន់​វាស់​វែង មានចំនួន ៣៤,៩៨៧ បណ្ណ/ក្បាលដី ដោយក្នុងនោះគ្រោងប្រកាសតំបន់វិនិច្ឆ័យឱ្យបានចប់មុនបំណាច់ខែសីហា ឆ្នាំ២០២៥ និង​គ្រោង​វាស់វែង​ឱ្យ​បាន​ចប់​មុន​បំណាច់ខែធ្នូ ឆ្នាំ២០២៥។

យោង​តាម​របាយការណ៍របស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលខេត្តប្រើយន្តការក្រុមការងារចម្រុះថ្នាក់ខេត្ត ដឹកនាំដោយអភិបាលរងខេត្តទទួលបន្ទុកចំនួន ១រូប ជាប្រធានក្រុមការងារ និង​មាន​ការ​ចូលរួមពីសមាសភាពមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និង​មាន​លេខាធិការដ្ឋាន​ដោះស្រាយ​វិវាទ​ដីធ្លី​ជា​សេនាធិការ​គណៈកម្មការសុរិយោដី និង​គណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រុង ស្រុក។

ជា​រួម​គ្រប់​យន្តការ និង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ត្រូវ​បាន​ពង្រឹង​ឱ្យ​មាន​សកម្មភាព​រស់រវើក​ប្រកប​ដោយ​ភាព​ទន់ភ្លន់ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ដើម្បីខិតខំ​បញ្ចប់​សំណុំរឿង​វិវាទ​ទាំង​នោះ។ ជាក់ស្ដែងសំណុំរឿងវិវាទដីធ្លី​ក្នុង​ខេត្ត​ត្រូវ​បាន​ក្រុម​ការងារ​ខេត្ត ស្រុក និងឃុំ សង្កាត់​កំពុង​បន្តដោះស្រាយជាបន្តបន្ទាប់។

គួរ​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​នេះ​មាន​គោលបំណង​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​ទាមទារ​ការ​ចូលរួមពីគ្រប់ថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ន និង​អាជ្ញាធរ​ដែនដីពាក់ព័ន្ធ សំដៅ​ដោះស្រាយ​ការ​ចុះបញ្ជីដីជូនប្រជាពលរដ្ឋ និង​ចុះ​បញ្ជី​ដី​រដ្ឋ សំដៅ​ធានា​សុវត្ថិភាព ការគ្រប់គ្រង កាត់បន្ថយវិវាទដីធ្លី ជំរុញការផ្តល់សេវាសាធារណៈកាន់តែរហ័ស បង្កេីតនូវបរិយាកាសគ្មានវិវាទ បិទបញ្ចប់ការវាស់វែង និងសំណុំរឿងពាក់ព័ន្ធដីធ្លីទូទាំងខេត្តក្រចេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

លោក សាយ សំអាល់ ស្នើ​ឱ្យ​ភាគី​វិវាទ​ដីធ្លី​ទាំងអស់​ដោះស្រាយ​បញ្ហា និង​ឈាន​ទៅ​បញ្ចប់​បញ្ហា​ដីធ្លី​ទាំងមូល​ក្នុង​ខេត្ត​ក្រចេះ

ព័ត៌មានជាតិ៥៧ នាទីutes មុន

ពលរដ្ឋ​ថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់មន្ទីរពេទ្យកាល់ម៉ែត លើកទី ១១

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង សូមអបអរសាទរ និងគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដោយផ្ទាល់ពីប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាបើកការតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់​ទឹក លើកទី១ ក្នុងប្រវត្តិសាស្រ្ត

Sokha Hotels

ព័ត៌មានពេញនិយម