ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចាត់ទុកសុខភាពកងទ័ពជារឿងសំខាន់ ព្រោះកងទ័ពជាវីរបុរសរបស់ជាតិ ការពារបូរណភាពទឹកដី និងមាតុភូមិ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ពដែលមានសុខភាពល្អរឹងមាំ គឺជាធនធានដ៏ឧត្តុង្គឧត្ដមរបស់ប្រទេសជាតិដែលមិនអាចខ្វះបានក្នុងការការពារបូរណភាពជាតិ ទឹកដី និងមាតុភូមិ។

ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងសម្ពោធអគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ មីនា លោករដ្ឋមន្ត្រី បានបន្តថា «កងទ័ពជាវីរបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់»។

លោករដ្ឋមន្ត្រី បានណែនាំដល់កងទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅប្រកបដោយសុវត្ថិភាព និងអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការកើតមានជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដូចជា ការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជាដើម និងបញ្ហាសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ដោយរក្សាទម្លាប់រស់នៅស្អាត សម្រាកក្នុងមុង ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគ រក្សាទុកដាក់ និងទទួលទានចំណីអាហារមានសុវត្ថិភាពល្អ និងបង្ការជំងឺឆ្លងផ្សេងៗ ទៀត។

ពាក់ព័ន្ធនឹងជំងឺឆ្លង និងមិនឆ្លងនេះដែរ លោករដ្ឋមន្ត្រី សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈសារអប់រំសុខភាពនានា ក្រសួងសុខាភិបាល បាននិងកំពុងផ្សព្វផ្សាយ ដូចជារបបអាហារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” និងការផ្លាស់ប្តូររបបរស់នៅដូចជា ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង ភេសជ្ជៈផ្អែម ដើម្បីបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងចម្បងៗ ដូចជា ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ។ល។

លោករដ្ឋមន្ត្រី បានណែនាំទៀតថា ក្នុងករណីមានជំងឺ ឬបញ្ហាសុខភាព ត្រូវប្រញាប់ប្រញាល់ទៅកាន់មូលដ្ឋានសុខាភិបាលដែលជិតលំនៅដ្ឋាន ជាពិសេសមណ្ឌលសុខភាព ដើម្បីទទួលបានការពិនិត្យ និងការព្យាបាល ឬការប្រឹក្សាយោបល់ក្នុងករណីត្រូវបន្តការពិនិត្យបញ្ជាក់រោគវិនិច្ឆ័យបន្ថែម និងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែក តាមស្ថានភាពជាក់ស្តែង នៃជំងឺ ឬបញ្ហាសុខភាព។

លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបាននិងកំពុងលះបង់កម្លាំងកាយ-ចិត្ត អង់អាចក្លាហានធ្វើពលិកម្មគ្រប់បែបយ៉ាង ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមហ៊ុនសុខាអូតែល-រីសត និងសប្បុរសជនទ ដែលនេះសបញ្ជាក់ពីវប្បធម៌ នៃការចែករំលែកមិនអាចកាត់ថ្លៃបាន ក្នុងស្មារតីសាមគ្គីភាព សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត បានភ្ជាប់ជាមួយនូវ ឱសថ សម្ភារៈបរិក្ខារពេទ្យ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា សម្រាប់ឧបត្ថម្ភជូនដល់ទីបញ្ជាការកងពលតូចលេខ ៥១ ពលទាហានចំនួន ៤០០ នាក់ និងគ្រួសារកងទ័ពចំនួន ១០០ គ្រួសារផងដែរ៕
អត្ថបទ ៖ សំអឿន



-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល