ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ដោយសារគុណបំណាច់ នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍន៍បានសព្វបែបយ៉ាង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារគុណបំណាច់ នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍន៍បានសព្វបែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវចងចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយ ឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា បាននាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីព្រឹកថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥។

យោងតាមរបាយការណ៍របស់ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានលើកឡើងអំពីវឌ្ឍនភាពរបស់ខេត្ត មានការរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្នុងនោះទូទាំងខេត្តមានវត្តចំនួន ៣៤៧ វត្ត ព្រះសង្ឃចំនួន ៤.៣៩២ អង្គ ដោយឡែកសម្រាប់ស្រុកអង្គរបូរីវិញមានវត្តសរុបចំនួន ១២ វត្ត ព្រះសង្ឃចំនួន ១៨០ អង្គ ភិក្ខុ ៤៧ អង្គ សាមណេរ ១៣៣ អង្គ អាចារ្យ ៣៩ នាក់ គណៈកម្មការចំនួន ៨៩ នាក់ យាយជី ៦ នាក់ តាជី ២ នាក់ ក្មេងស្នាក់នៅវត្តចំនួន ២២ នាក់។

លោកបានបន្តទៀតថា វត្តសំរោងពន្លៃមានអាយុកាលជាង ២០០ ឆ្នាំ ហើយបានក្លាយជាវត្តដែលមានវ័យចំណាស់ជាងគេ ដែលកាលពីមុនសម័យ ប៉ុល ពត គឺមានការគ្រប់គ្រងដោយព្រះចៅអធិការចំនួន ១១ អង្គ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ ៧ មករា មក គឺមានព្រះចៅអធិការ ៤ អង្គជាបន្តបន្ទាប់ទៀត រហូតដល់ឆ្នាំ ២០១១ គឺវត្តត្រូវបានការដឹកនាំ និងគ្រប់គ្រងដោយ ព្រះគ្រូវិមលភិរ័ក្ខញាណ សេក សុវណ្ណារិន្ទ ព្រះវិន័យធរអនុគណស្រុកអង្គរបូរី និងជាព្រះចៅអធិការវត្ត សំរោងពន្លៃនាពេលបច្ចុប្បន្ននេះ។

លោកអភិបាលរងខេត្ត បានបន្ថែមថា សមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះ រួមមាន ៖ (១)ព្រះពុទ្ធរូបព្រះអង្គធំ មានបណ្ណាល័យជាបល្ល័ង្កស្ថិតនៅពីក្រោម និងសាវ័កទាំង ១២ ព្រះអង្គឈរជុំវិញ (២)កប្បិយកុដិ (៣) ចាក់សាបបេតុងបន្ថែម (៤) ជួសជុលព្រះវិហារជាថ្មី (៥) តដំបូលសាលាធម្មភា (៦)ធ្វើសួនច្បារ (៧) ខ្យុះថ្ម ប្រក់ក្បឿង (៨) សាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅវិទ្យាល័យសំរោងពន្លៃ (៩) អំពូលសូឡា ក្នុងវត្ត (១០) ជួសជុលកុដិ (១១) សួនរុក្ខជាតិ (១២) ទីស្នាក់ការទទួលបច្ច័យ(១៣)លាបថ្នាំកែលម្អរឡើងវិញ សាលាឆាន់ សួនច្បារ ចាក់សាប ចំណាយថវិកាសាងសង់អស់ ជាង៣៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សម្តេច ពិតជាមានមោទនភាពបំផុត ជាមួយនឹងសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង។ យ៉ាងណាមិញសមិទ្ធផល ដែលកើតមានចំពោះមុខយើងនេះ មិនមែនកើតឡើងដោយឯងៗ នោះទេ គឺដោយសារគុណបំណាច់ នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍន៍បានសព្វបែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវចងចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយ ឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា បាននាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។

សម្តេចបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេស ឱ្យមានការអភិវឌ្ឍ និងរីកចម្រើន ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី ១។ ជាមួយគ្នានោះ សម្តេច សូមអរគុណចំពោះ មហាឧបាសិកា ចាន ឡុញ, ឯកឧត្តម ហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល និងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវសាយ សុផា, ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង លោកជំទាវ យី សុភា, ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ប៉ុល ស៊ាងហៃ, លោកជំទាវ ប៉ោ ណារ៉ូ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ដែលតែងតែលះបង់ពេលវេលា និងធនធាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយបញ្ហាផ្សេងៗ ពិសេសបានផ្តល់នូវជំនឿជឿជាក់ រួបរួមសាមគ្គី ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរ ក្នុងវិស័យព្រះពុទ្ធសាសនា។
សម្តេច បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ខ្ពស់ បន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសឆ្លើយតបតាមបទបញ្ជារបស់ប្រមុខ នៃរាជរដ្ឋាភិបាល៕
អត្ថបទ ៖ វិមាន


-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល