ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើកុមារា អាយុ ៣ ឆ្នាំ ៦ ខែម្នាក់ នៅខេត្តក្រចេះ
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នេះថា មានអ្នកជំងឺផ្ដាសាយបក្សីចំនួន ១ ករណី កើតលើកុមារាអាយុ ៣ ឆ្នាំ ៦ ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់ ៥ អិន ១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមក្រសួង កុមារា ត្រូវបាននាំមកដល់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ ជាមួយរោគសញ្ញាគ្រុនក្តៅ ក្អក និងហត់ខ្លាំង រួមទាំងមានការពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាព និងការវិវត្តន៍ជំងឺកុមារា កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យជំនាញដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។

តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងមានមាន់ងាប់ប្រហែល ៥ ក្បាល និងខ្លះទៀតកំពុងឈឺ ហើយសមាជិកក្រុមគ្រួសារបានយកមាន់ងាប់មកធ្វើម្ហូប។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារ នៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសាជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយក៏សូមជម្រាបដល់ពលរដ្ឋប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង ១៤ ថ្ងៃមុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃការស្លាប់ជាយថាហេតុ។
ក្រសួង បានបន្ថែមថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
ក្រសួង បានណែនាំឱ្យប្រជាពលរដ្ឋកុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។
ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះ ឬក្នុងភូមិ ហើយមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃស្លាប់ជាយថាហេតុ៕
អត្ថបទ ៖ សំអឿន

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី