ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងពិធីបុណ្យទន្លេជុំទី ៩
ក្រោមម្លប់សន្តិភាព ! ប្រជាពលរដ្ឋបានចូលរួមបុណ្យទន្លេលើកទី៩នៅខេត្តតាកែវ។ ឆ្លៀតឱកាសនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ក្រុមហ៊ុនទេសចរណ៍ធូរវែលដ៏ត្រាវែល ក្រុមហ៊ុនទេសចរណ៍វែលដ៏ផប ក្រុមហ៊ុនទេសចរណ៍ឆាយភល និងក្រុមហ៊ុនទឹកបរិសុទ្ធហាយតិច បានរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងApp NoDrug : https://nodrugsnacd.com/download ដើម្បីចំណេះដឹង និងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការផ្សព្វផ្សាយនេះធ្វើឡើងតាមរយៈការតាំងពិព័រណ៍រូបភាពសកម្មភាពថ្នាក់ដឹកនាំ រូបភាពផលវិបាក នៃគ្រឿងញៀន លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់ នៃគ្រឿងញៀន ច្បាប់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ មាន ៖ មួក ប្រតិទិន ឆត្រ ផ្លិត កែវ កាបូប ចែកជូន និងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់ សំដៅចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង និងសម្អាតចកពីបឹង» ដោះស្រាយកង្វល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។

លោក ឡោ សុវិជ្ជា មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ តែងតែទទួលបានការគាំទ្រចូលរួមទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងបន្ថែមកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។

ថ្លែងក្នុងនាមជាដៃគូ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានថ្លែងថា ការចូលរួមរបស់វិស័យឯកជនជួយសង្គម ពិសេសការចូលរួមជួយដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការសំខាន់ចាំបាច់ណាស់ ព្រោះថាបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយជាដើមចមនាំឱ្យសហគមន៍គ្មានសុវត្ថិភាព មិនអាចអភិវឌ្ឍន៍បានទេ ហើយគ្រប់សមាសភាពគួរបន្តរួមគ្នាជួយឧបត្ថម្ភបន្តទៀត។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ ”គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” នៅខេត្តតាកែវ ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសាធារណជនបានចូលរួមយ៉ាងច្រើនកុះករ ពិសេសក្រុមយុវជន យុវនារី បានចូលទស្សនាសិក្សាស្វែងយល់ ឆ្លើយសំណួរ សួរសំណួរ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ «សមាជិកផ្ទះអ្នក ផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន»។

លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត បានបន្តថា វត្តមាន សម្តេចធិបតី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតធ្វើឱ្យសម្រេចបាននូវឆន្ទៈមោះមុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់នីតិកាលទី ៧ ដែលគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ចាប់ផ្តើមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត ទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ធ្វើការអប់រំក្រើនរំលឹកពីផលប៉ះពាល់វិនាសកម្មនៃគ្រឿងញៀន និងមានវិធានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុតចំពោះការប្រើប្រាស់គ្រឿងញៀន បន្តចូលរួមជំរុញនិងប្រើប្រាស់ App NoDrug ដើម្បីទទួលសារអប់រំ ព័ត៌មាន មេរៀននិងរាយការណ៍ហើយអាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយបង្ក្រាបទាន់ពេលរាល់ករណីពលរដ្ឋរាយការណ៍ពីករណីគ្រឿងញៀនតាម App NoDrug ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ពលរដ្ឋមកលើសមត្ថកិច្ច។

ជាមួយគ្នានេះ លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណក្រសួងទេសចរណ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី (LOLC) ក្រុមហ៊ុនទេសចរណ៍ធូរវែលដ៏ត្រាវែល ក្រុមហ៊ុនទេសចរណ៍វែលដ៏ផប ក្រុមហ៊ុនទេសចរណ៍ឆាយភល និងក្រុមហ៊ុនទឹកបរិសុទ្ធហាយតិចដែលបានបន្តចូលរួមជួយឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅយើង៕








-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល