ព័ត៌មានជាតិ
ប្រធានរដ្ឋសភាគាំទ្រការអនុវត្តអភិក្រម «ចុះជួយ ជាជាងចុះចាប់ ចុះរំខាន» ពលរដ្ឋ
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានគាំទ្រចំពោះអភិក្រមរបស់រដ្ឋាភិបាលដែលមន្ត្រីរដ្ឋាភិបាលចុះជួយវិស័យឯកជន ជាជាងចុះទៅចាប់ ចុះពិន័យ ដែលអភិក្រមនេះនឹងជំរុញទំនាក់ទំនងល្អរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងជំរុញដល់ការចូលរួមបានសកម្មរបស់ពលរដ្ឋ។

ថ្លែងក្នុងពិធីបើកវេទិកាផ្សព្វផ្សាយស្ដីពី «វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍» នៅសាលសន្នីសិទរដ្ឋសភា ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចសភាធិការធិបតី ឃួន សុដារី មានជំនឿថាការជួយដល់វិស័យឯកជននិងជួយជំរុញដល់ការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា ដោយរម្លឹកថា «ភាពជោគជ័យ ឬបរាជ័យរបស់ប្រទេសជាតិយើងគឺអាស្រ័យលើសមត្ថភាពរបស់យើង ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតាមវិស័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់»។

សម្ដេចថា៖ «ការចុះជួយជៀសជាងចុះចាប់ និងចុះរំខាន ដែលឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ហែម វណ្ណឌី បានលើកឡើង កាលពីសន្និបាតក្រសួងកន្លងទៅថ្មីៗនេះ គឺពិតជាចាំបាច់ណាស់ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងវិស័យសាធារណៈ និងឯកជន និងជំរុញការចូលរួមឱ្យបានសកម្មរបស់ប្រជាពលរដ្ឋ»។
ថ្លែងក្នុងពិធីបើកវេទិកានេះដែរ រដ្ឋមន្ត្រឧស្សាហកម្ម លោក ហែម វណ្ណឌី បានលើកឡើងថាការអនុវត្តអភិក្រម ចុះជួយជាង ចុះចាប់ និងចុះពិន័យ នេះទទួលបានការសាទរ និងគាំទ្រពីវិស័យឯកជន ខណៈដែលក្រសួងនឹងខិតខំដុសខាត់ផ្នត់គំនិតថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូបឱ្យបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពំនាក់របស់វិស័យឯកជន ជាពិសេសគឺសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកំពុងត្រូវការជំនួយទំនុកបម្រុង និងបំពាក់បំប៉នដើម្បីឱ្យមូលដ្ឋានសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនធំធាត់។

លោកថា៖ «បេសកកម្មរបស់យើងខ្ញុំ គឺខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការរិះរកវិធីសាស្ត្រ និងនវានុវត្តន៍នានា ដើម្បីជាគុណតម្លៃនិងគុណប្រយោជន៍ដល់អ្នកទទួលសេវា»។
របាយការណ៍ក្រសួងឧស្សាហកម្មឱ្យដឹងថាគិតត្រឹមឆ្នាំ២០២៤កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម សរុបចំនួន ៤៣ ៩៧០កន្លែង ផ្ដល់ការងារដល់ពលរដ្ឋ ៤៧៦ ២២៣នាក់ ដោយឡែករោងចក្រធុនធ្ងន់កំពុងដំណើរការមានចំនួន ២ ៤២៥ ផ្ដល់ឱកាសការងារចំនួន ១ ១៦០ ១៨១នាក់ (ស្រី ៧៣,៦៨%)៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?