Connect with us

ព័ត៌មានជាតិ

មុនបុណ្យចូលឆ្នាំថ្មីមកដល់ ខេត្តរតនគិរី បន្ថែមរូបសំណាកសត្វថ្មីៗ ដើម្បីលម្អបឹងកន្សែងឱ្យកាន់តែទាក់ទាញ

បានផុស

នៅ

បច្ចុប្បន្ន នៅបរិវេណមាត់បឹងកន្សែង មានរូបសំណាកគ្រួសារដំរី រូបសំណាក់សត្វ អក ព្រមទាំង រូបសំណាកសត្វដ៏ទៃច្រើនទៀត គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ហើយសត្វទាំងអស់នេះ ក្មេងៗជំនាន់ក្រោយខ្លះ មិនសូវបានស្គាល់នោះទេ។ នៅពេលថ្មីៗនេះ រដ្ឋបាលខេត្តរតនគិរី ក៏បានសាងសង់បន្ថែមទៀតនៅរូបសំណាកសត្វមួយចំនួនដូចជា ដំរីឈរនៅលើវាលស្មៅចំនួន៣ ក្បាល ឈ្លូស គោព្រៃ សត្វខ្ទីង សត្វខ្លាឃ្មុំ និងសត្វទោម ឬ ឍាមរានេះ អមជាមួយទេសភាពវាលស្មៅដ៏ស្រស់ត្រកាលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោព្រៃ គឺជាសត្វចតុប្បាទដែលត្រូវបានចាត់ទុកសម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយបានទទួលស្គាល់ដោយព្រះរាជក្រឹត្យ។ តាមរយៈនៃការយកគោព្រៃធ្វើជាសត្វនិមិត្តរូបរបស់ប្រទេសកម្ពុជា គឺដើម្បីចង់បង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិ។ គោព្រៃ គឺជាប្រភេទថនិកសត្វស្លូត រស់នៅជាហ្វូងៗអាចឃើញមាននៅលាយឡំជាមួយហ្វូងសត្វទន្សោង ខ្ទីង ឬប្រើស។ គោព្រៃជាសត្វដែលមានភាពវាងវៃ រហ័សរហួន ឆាប់ភ្ញាក់ផ្អើលជាងប្រភេទសត្វក្នុងត្រកូលគោសាទិសដូចគ្នា ពូកែស្រង់ក្លិន និងគេចវេសចេញពីមនុស្ស។ គោព្រៃ ជាសត្វដែលមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តីថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្គួត។

ចំណែក សត្វខ្ទីង មានមាឌធំ ខ្លួនខ្មៅ បូកក្រាស់លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង រីឯកវិញ ខ្លីបន្តិច រាងមាំ ដោយមានបួរនៅផ្នែកខាងក្រោម។ ជើងទាំងបួនរបស់វាចាប់ពីជង្គង់ចុះក្រោម មានពណ៌ប្រផេះ។ នៅលើថ្ងាស មានរោមវែងពណ៌ប្រផេះ ឬពណ៌លឿងមាសស្រាល។ កូនរបស់វាមានពណ៌ត្នោតរហូតដល់វាមានអាយុពី៤ទៅ៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។ ខ្ទីងញីមានមាឌ និងស្នែងតូចជាងខ្ទីងឈ្មោល ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ។ សត្វខ្ទីង អាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់២ ០០០ម៉ែត្រ (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ)។ ខ្ទីងរស់នៅក្នុងព្រៃស្រោង ព្រៃរបោះៗ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងទន្សោង។ ជាធម្មតា ខ្ទីងចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ វាចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បាស់ខ្ចី ទំពាំង ស្មៅ និងវល្លិជាដើម។ ខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល៩ខែ។

ចំពោះសត្វឈ្លូសយក្សវិញ វាអាចមានទម្ងន់៣៤គ.ក ឬក៏លើសពីនេះ។ ជាមធ្យមស្នែងវាមានប្រវែងរហូតដល់ទៅ២៨ស.ម មានរាងស្រួចនៅខាងចុង និងពីគល់ស្នែងដល់ខ្នែងមានប្រវែង១០ស.ម។ សត្វឈ្លូស មានរោមពណ៌ប្រផេះត្នោតរហូតដល់ពណ៌ដាំដែង និងមានឆ្នូតខ្មៅនៅថ្ងាស ព្រមទាំង មានពណ៌សនៅផ្នែកពោះ។ វាមានកន្ទុយខ្លីរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម។ សម្រាប់សត្វទោម ឬ ឍាមរាវិញ វាច្រើនរស់នៅ និងធ្វើសំបុកនៅតាមតំបន់វាលភក់ ពិសេស តាមលើរុក្ខជាតិអណ្តែតទឹក និងតំបន់ស្រូវឡើងទឹក គេអាចរកឃើញវាដោយងាយនៅតាមតំបន់ជុំវិញបឹងទន្លេសាប នៅតំបន់អាងត្រពាំងថ្ម។ គេសនិដ្ឋានថា វាអាចមានរហូតដល់១ ៨០០ក្បាលឯណោះ (ឆ្នាំ២០០៥) និងនៅព្រែកទាល់ មានប្រហែល ១ ៧៨៤ក្បាល (ឆ្នាំ២០០៣) នៅកំពង់ឆ្នាំងមានប្រហែល១ ៥០០ក្បាល(ឆ្នាំ១៩៩៣)។ សត្វទោម មានវត្តមាននៅទូទាំងប្រទេសកម្ពុជា ហើយរដូវបន្តពូជចាប់ពីខែកុម្ភៈ ដល់ មិថុនា និងពងម្តងចន្លោះពី៣ទៅ៧ស៊ុត។

ដោយឡែក សត្វខ្លាឃ្មុំព្រះអាទិត្យ គេដាក់ឈ្មោះវាភ្ជាប់ជាមួយព្រះអាទិត្យ គឺដោយសារនៅផ្នែករោមទ្រូងពណ៌ក្រហមរបស់ពួកវា ដែលមានរាងជាអក្សរយូ (U) ឬរាងជារង្វង់មូល ដែលដូចទៅនឹងព្រះអាទិត្យ។ វាជាប្រភេទសត្វខ្លាឃ្មុំតូចជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ពួកវាត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងព្រៃក្រាស់ ជាកន្លែងដែលពួកវាអាចលាក់ខ្លួន និងចេញរកអាហារបន្ទាប់ពីមេឃងងឹត។ អាហាររបស់ខ្លាឃ្មុំប្រភេទនេះ គឺបន្លែ ផ្លែឈើ និងសត្វល្អិតដូចជា សត្វកណ្តៀរជាដើម។ ខ្លាឃ្មុំនេះ វាមានក្រញ៉ាំរឹងមាំណាស់ ហើយក្រញ៉ាំនេះអាចឱ្យពួកវាបំបែកសំបុកសត្វកណ្តៀរ សំបុកឃ្មុំ និងផ្លែដូងបានយ៉ាងងាយស្រួល។

ប្រភេទរូបសំណាកសត្វដែលដាក់បង្ហាញនៅរម្មណីយដ្ឋានបឹងកន្សែងនេះ ជាប្រភេទសត្វងាយរងគ្រោះ និងដោយកម្រដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ(International Union for Conservation of Nature)។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា បឹងធម្មជាតិមួយនេះ បានប្រែមុខមាត់ថ្មីដ៏ស្រស់ត្រកាល និងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានល្អឯកប្រកបដោយភាពទាក់ទាញ ដោយមានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង មានខ្សែរ៉តជិះលេងកម្សាន្ត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូបសំណាក់សត្វ អក ព្រមទាំងរូបសំណាកសត្វដ៏ទៃច្រើនទៀត គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។

បឹងកន្សែង គឺជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយនៅក្នុងខេត្តនេះ។ បច្ចុប្បន្ន រមណីយដ្ឋានបឹងកន្សែង ជាកន្លែងដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងជាទីកន្លែងហាត់ប្រាណដ៏ពេញនិយមរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងក្រុងបានលុង។ បឹងកន្សែង មានបរិស្ថានស្អាត សោភណ្ឌភាពល្អ ប្រកបដោយអនាម័យខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹងស្រស់ស្អាត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈយ៉ាងព្រោងព្រាត។ ភ្ញៀវទេសចរដែលបានទៅលេងកម្សាន្តនៅបឹងនេះហើយ គឺទទួលបានអារម្មណ៍ស្រស់ស្រាយ និងបង្កើតអនុស្សាវរីយ៍ល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ អំពាវនាវពលករខ្មែរកំពុងស្នាក់នៅទីក្រុង​បាងកក បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

ព័ត៌មានជាតិ១១ នាទីutes មុន

ខ្មែរឥស្លាមចំនួន៥រូប កំពុងកាន់តួនាទីជាសមាជិកព្រឹទ្ធសភា

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងអប់រំ ទទួលបានឧបករណ៍សិក្សារ៉ូបូតិក ២៥៥ឈុត ពីសប្បុរសជនដើម្បីគាំទ្របន្ថែមដល់ការសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម