Connect with us

ព័ត៌មានជាតិ

ល្បែងប្រជាប្រិយខ្មែរ មិនត្រឹមសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ តែបង្កប់ន័យអប់រំថែមទៀត

បានផុស

នៅ

ល្បែងប្រជាប្រិយខ្មែរ មានតាំងពីយូរលង់ណាស់មកហើយ និងបានបន្តលេងរហូតមកដល់ពេលបច្ចុប្បន្ន។ យោងតាមសៀវភៅល្បែងប្រជាប្រិយខ្មែរ ដែលចង​ក្រងដោយ ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ខ្មែរ ​បានរៀបរាប់ថា ល្បែងទាំងនោះ មានប្រយោជន៍ខាងកាយសម្បទាខ្លះ ចិត្តសម្បទាខ្លះ ដែលអាចរាប់ចូលក្នុងអត្តពលកម្ម និងចិត្ត បានជាការហាត់ប្រាណ ហាត់ភ្នែក ហាត់ដៃជើងឱ្យរាងកាយមាំមួន មានសុខភាពល្អជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ «កម្ពុជាថ្មី» សូមលើកយកល្បែងប្រជាប្រិយមួយចំនួន ដែលគេតែងនិយមលេង និងអត្ថន័យអបរំរបស់ល្បែងនីមួយៗ៖

១. ល្បែងស្តេចចង់ ឬល្បែងអៀ

ល្បែងនេះ ជាល្បែងកម្សាន្តក៏ពិតមែន តែជាល្បែងហាត់ចិត្តមនុស្សឱ្យប្រកបដោយសច្ចៈ និងយុត្តធម៌ មិនឱ្យប្រកបដោយអគតិ(សេចក្តីលម្អៀង) ៤យ៉ាង គឺ ឆន្ទាគតិ លម្អៀងព្រោះស្រលាញ់ ទោសាគត លម្អៀងព្រោះខឹង ភយាគតិ លម្អៀងព្រោះខ្លាច មោហាគតិ លម្អៀងព្រោះភាន់ច្រឡំ។ ម្យ៉ាងទៀត ជាការបង្ហាត់ឱ្យមនុស្សចេះជ្រើសតាំងគ្នាឱ្យធ្វើជាតំណាងភ្នែកច្រមុះខ្លួនឯងផង គឺត្រូវចេះជ្រើសរកនរណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិត។

២. ល្បែងចោលឈូង

ល្បែងចោលឈូង ចូលក្នុងការហាត់ភ្នែកឱ្យវៃ ហាត់ដៃឱ្យត្រង់ផង ជាការកម្សាន្តសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង។ ឈូងមាន ២បែប គឺឈូងច្រៀងរាំង និងឈូងកម្លោះខ្ញុំ។

៣. ល្បែងចាប់កូនខ្លែង

ល្បែងចាប់កូនខ្លែង ជាការបង្ហាត់មនុស្សឱ្យចេះប្រុងស្នៀត ប្រុងស្មារតីឱ្យរហ័សរហួន នេះការពារខ្លួន និងគ្រួសារផង។ ល្បែងនេះ ជាល្បែងរបស់កុមារា កុមារីជំទង់ៗតែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ។

៤. ល្បែងលោតអន្ទាក់

លោតអន្ទាក់ ជាល្បែងកម្សាន្តម្យ៉ាង ដែលចាត់ចូលក្នុងកីឡាហាត់ប្រាណ គឺហាត់កាយឱ្យមានសុខភាព មានកម្លាំងកាយរឹងប៉ឹង ហាត់ភ្នែកឱ្យវៃ ហាត់ស្មារតីឱ្យប្រុងប្រយ័ត្ន ចេះប្រើគំនិតឱ្យវាងវៃកុំឱ្យអ្នកដ៏ទៃបំភាន់បាន។

៥. ល្បែងលាក់កន្សែង

ល្បែងលាក់កន្សែង ជាល្បែងម្យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាលតែងលេងសម្រាប់ជាទីកម្សាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លះការហត់នឿយម្តងៗ។ គេលេងល្បែងនេះ ដើម្បីហាត់ខ្លនឱ្យមានស្មារតីរឹងប៉ឹង រហ័សរហួន ឱ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ខ្លួនឱ្យចេះប្រុងស្មារតីជានិច្ច។

៦. ល្បែងឱបត្រឡាច ឬបេះឪឡឹក

ល្បែងឱបត្រឡាច ឬបេះឪឡឹក ជាល្បែងកម្សាន្តសប្បាយ របស់ពួកកុមារាកុមារី នៅគ្រប់និគមជនបទនៃប្រទេសកមញបុជា។ ល្បែងនេះ ជាកីឡារបស់ខ្មែរសម័យបុរាណ សម្រាប់ហាត់ដៃហាត់ជើងឱ្យមានកម្លាំងពលំមាំមួយ ឱ្យមានសាច់ដុំល្អ មានសុភាពស្រួលបួល។

៧. ល្បែងប្រជល់មាន់

ល្បែងប្រជលមាន់ ជាល្បែងម្យ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗទូទៅក្នុងប្រទេសកម្ពុជា គេតែងលេងកម្សាន្តវេលាយប់។ ល្បែងនេះ អាចរាប់ចូលក្នុងកីឡាសម្រាប់បង្ហាត់ក្មេងឱ្យមានទម្លាប់ប្រកាន់នូវសេចក្តីក្លាហានបាន។

៨. ល្បែងគ្របមាន់

ល្បែងនេះ ជាល្បែងកម្សាន្តម្យ៉ាងសម្រាប់កុមារាកុមារីជំទង់ៗលេងតាមសប្បាយ ដែលជាល្បែងហាត់បញ្ញា ហាត់គំនិតឱ្យប៉ិនប្រសប់ខាងស្តាប់ខាងកាត់ប្រមាណតម្រូវតាមសម្លេងរបស់មនុស្ស។

៩. ល្បែងបិទពួន

ល្បែងបិទពួនគេលេងគ្មានកំណត់ខែណារដូវណាទេ លេងរដូវណាក៏បានឱ្យតែមានពេលលំហែ ហើយគ្មានកំណត់ចំនួនមនុស្សឡើយ។ ល្បែងនេះ អាចចាត់ចូលក្នុងពួកកីឡាហាត់ប្រាណបានត្រង់ការរត់ ការស្ទុះ ការលោត  និងការដេញ។

១០. ល្បែងអង្គញ់

ល្បែងអង្គញ់ គេឱ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ ដែលក្រៀមស្ងួត។ ល្បែងនេះ អាចរាប់ចូលក្នុងពួកកីឡាហាត់ដៃឱ្យត្រង់ ហាត់ភ្នែកឱ្យវៃ និងហាត់ស្មារតីឱ្យមូលបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម